២ សាំយូអែល 15
15
សម្ដេចអាប់សាឡុមប៉ុនប៉ងដណ្ដើមរាជ្យ
1ក្រោយមកទៀត សម្ដេចអាប់សាឡុមរកបានរទេះមួយ ព្រមទាំងសេះ ហើយចាត់ចែងមនុស្សចំនួនហាសិបនាក់រត់ពីមុខផង។ 2សម្ដេចតែងតែតើនឡើងពីព្រលឹម យាងទៅឈរនៅតាមផ្លូវចូលទ្វារក្រុង។ រៀងរាល់ពេលដែលមាននរណាម្នាក់ចូលទៅគាល់ស្ដេច សូមស្ដេចរកយុត្តិធម៌ឲ្យ សម្ដេចអាប់សាឡុមតែងហៅគេមកសួរថា «អ្នកមកពីស្រុកណា?»។ ពេលគេឆ្លើយថា «ទូលបង្គំមកពីកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រាអែល»។ 3សម្ដេចអាប់សាឡុមតែងតែពោលថា៖ «មើល៍! សំណុំរឿងរបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែ នៅក្នុងដំណាក់ស្ដេច គ្មាននរណាម្នាក់អើពើនឹងអ្នកទេ»។ 4សម្ដេចអាប់សាឡុមពោលទៀតថា៖ «ប្រសិនបើខ្ញុំជាអ្នកគ្រប់គ្រងលើស្រុកនេះ អស់អ្នកដែលមានរឿង ហើយរត់មករកខ្ញុំឲ្យជំនុំជម្រះក្ដី នោះខ្ញុំនឹងរកយុត្តិធម៌ឲ្យ»។ 5ម្យ៉ាងទៀត ប្រសិនបើមាននរណាម្នាក់មកក្រាបថ្វាយបង្គំ នោះសម្ដេចអាប់សាឡុមតែងតែចាប់ដៃគាត់លើកឡើង ហើយឱបផង។ 6សម្ដេចអាប់សាឡុមតែងប្រព្រឹត្តបែបនេះចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលមករកព្រះរាជាជំនុំជម្រះក្ដី។ សម្ដេចអាប់សាឡុមទាក់ទាញចិត្តប្រជាជនអ៊ីស្រាអែលតាមរបៀបនេះឯង។
7បួនឆ្នាំ ក្រោយមក សម្ដេចអាប់សាឡុមទូលស្ដេចថា៖ «សូមបិតាអនុញ្ញាតឲ្យទូលបង្គំទៅក្រុងហេប្រូន ដើម្បីលាបំណន់ដែលទូលបង្គំបានបន់ព្រះអម្ចាស់ផង។ 8កាលទូលបង្គំស្នាក់នៅក្រុងកេស៊ួរី ក្នុងស្រុកស៊ីរី ទូលបង្គំបានបន់ព្រះអម្ចាស់ថា ប្រសិនបើព្រះអង្គប្រោសប្រណីឲ្យទូលបង្គំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់»។ 9ស្ដេចមានរាជឱង្ការថា៖ «ចូរទៅដោយសុខសាន្តចុះ!»។ ដូច្នេះ សម្ដេចអាប់សាឡុមក៏ទៅក្រុងហេប្រូន។
10នៅទីនោះ សម្ដេចចាត់បក្សពួកយ៉ាងសម្ងាត់ឲ្យទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែល ប្រាប់ថា៖ «កាលណាអ្នករាល់គ្នាឮសំឡេងត្រែបន្លឺឡើង ត្រូវនាំគ្នាប្រកាសថា “សម្ដេចអាប់សាឡុមឡើងសោយរាជ្យនៅក្រុងហេប្រូន!”»។ 11សម្ដេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្ដេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។ 12កាលសម្ដេចអាប់សាឡុមកំពុងតែថ្វាយយញ្ញបូជា សម្ដេចបានចាត់គេឲ្យទៅតាមរកលោកអហ៊ីថូផែល ជាទីប្រឹក្សារបស់ព្រះបាទដាវីឌ នៅស្រុកគីឡោ។ ដូច្នេះ ចំនួនមនុស្សដែលចូលរួមបះបោរជាមួយសម្ដេចអាប់សាឡុម បានកើនច្រើនឡើង ហើយមានកម្លាំងរឹតតែខ្លាំងឡើងដែរ។
ព្រះបាទដាវីឌភៀសខ្លួនចេញពីក្រុងយេរូសាឡឹម
13ពេលនោះ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា៖ «ជនជាតិអ៊ីស្រាអែលនាំគ្នាចូលដៃជាមួយសម្ដេចអាប់សាឡុមហើយ!»។ 14ព្រះបាទដាវីឌក៏មានរាជឱង្ការទៅកាន់មន្ត្រីទាំងអស់នៅក្រុងយេរូសាឡឹមថា៖ «ចូរនាំគ្នារត់ចេញទៅ ដ្បិតយើងមិនអាចគេចផុតពីកណ្ដាប់ដៃរបស់អាប់សាឡុមបានទេ។ ចូរប្រញាប់ប្រញាល់រត់ភៀសខ្លួនចេញទៅ ក្រែងលោអាប់សាឡុមមកទាន់ ហើយប្រហារយើង និងអ្នកក្រុងនេះ ដោយមុខដាវ»។ 15ពួកមន្ត្រីទូលថា៖ «បពិត្រព្រះករុណា ទ្រង់សម្រេចយ៉ាងណា ទូលបង្គំទាំងអស់គ្នានឹងធ្វើតាម»។ 16ពេលនោះ ព្រះបាទដាវីឌចាកចេញពីទីក្រុងជាមួយរាជវង្សានុវង្សដោយថ្មើរជើង។ ស្ដេចបានទុកស្រីស្នំដប់នាក់តែប៉ុណ្ណោះឲ្យនៅចាំដំណាក់។ 17ពេលស្ដេច និងបណ្ដាជនទាំងប៉ុន្មានចាកចេញពីទីក្រុងហើយ ក៏ទៅឈប់នៅត្រង់ផ្ទះមួយដែលនៅចុងគេបំផុត។ 18ពួករាជបម្រើទាំងអស់នាំគ្នាដើរនៅមុខស្ដេច គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើស្ដេច។ 19ស្ដេចមានរាជឱង្ការទៅកាន់លោកអ៊ីតតាយ ជាជនជាតិកាថថា៖ «ហេតុអ្វីបានជាលោកមកតាមយើង? ចូរត្រឡប់ទៅទីក្រុងវិញ ហើយនៅជាមួយស្ដេចថ្មីចុះ! ដ្បិតលោកជាជនបរទេសដែលគេនិរទេសពីស្រុករបស់ខ្លួនមក។ 20លោកទើបនឹងមកស្នាក់អាស្រ័យក្នុងស្រុករបស់យើងពុំទាន់បានប៉ុន្មានផង ថ្ងៃនេះ តើគួរឲ្យយើងនាំលោកទៅជាមួយដែរឬ? ដ្បិតយើងក៏ពុំដឹងថាយើងត្រូវទៅទីណាផងនោះ! ចូរនាំបងប្អូនរបស់លោកវិលត្រឡប់ទៅទីក្រុងវិញចុះ។ សូមព្រះអម្ចាស់ប្រព្រឹត្តចំពោះលោក ដោយព្រះហឫទ័យសប្បុរស និងស្មោះត្រង់»។ 21ប៉ុន្តែ លោកអ៊ីតតាយទូលព្រះរាជាវិញថា៖ «បពិត្រព្រះករុណា ទូលបង្គំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមព្រះករុណាផ្ទាល់ថា ព្រះករុណាយាងទៅទីណា ទូលបង្គំសុខចិត្តទៅទីនោះ ហើយរួមស្លាប់រស់ជាមួយព្រះករុណាដែរ»។ 22ព្រះបាទដាវីឌតបថា៖ «ល្អហើយ! ចូរធ្វើដំណើរទៅមុខចុះ!»។ ដូច្នេះ លោកអ៊ីតតាយធ្វើដំណើរទៅមុខទៀតជាមួយពលទាហាន និងក្រុមគ្រួសាររបស់គេ។
23ពេលក្បួនដង្ហែស្ដេចចេញដំណើរ ប្រជាជនទាំងមូលនាំគ្នាទ្រហោយំយ៉ាងខ្លាំង។ ស្ដេចយាងកាត់ជ្រោះកេដ្រូន ប្រជាជនទាំងមូលក៏ឆ្លងតាមត្រង់ផ្លូវឆ្ពោះទៅវាលរហោស្ថាន។ 24លោកបូជាចារ្យសាដុកក៏នៅទីនោះ ដោយមានពួកលេវីដែលសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះជាម្ចាស់នៅជាមួយដែរ។ ពួកគេដាក់ហិបរបស់ព្រះជាម្ចាស់ចុះ លោកបូជាចារ្យអបៀថើរក៏ឡើងពីជ្រោះមកដែរ ហើយរង់ចាំនៅទីនោះ រហូតដល់ប្រជាជនចេញផុតពីទីក្រុងទាំងអស់គ្នា។ 25ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកបូជាចារ្យសាដុកថា៖ «ចូរនាំហិបព្រះជាម្ចាស់ទៅទីក្រុងវិញចុះ។ បើព្រះអម្ចាស់សព្វព្រះហឫទ័យនឹងយើង ព្រះអង្គប្រាកដជានាំយើងមកវិញ ហើយយើងនឹងឃើញហិបនេះ នៅក្នុងព្រះដំណាក់របស់ព្រះអង្គសាជាថ្មី។ 26ផ្ទុយទៅវិញ ប្រសិនបើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេ សូមព្រះអង្គសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។ 27ស្ដេចមានរាជឱង្ការទៅកាន់លោកបូជាចារ្យសាដុកទៀតថា៖ «ចូរត្រឡប់ទៅទីក្រុងវិញ ដោយសុខសាន្ត ជាមួយអហ៊ីម៉ាស ជាកូនរបស់លោក ព្រមទាំងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរចុះ។ 28ចំណែកឯយើងវិញ យើងទៅរង់ចាំនៅតំបន់វាលរហោស្ថាន រហូតដល់ពេលយើងទទួលដំណឹងពីអស់លោក»។ 29ដូច្នេះ លោកសាដុក និងលោកអបៀថើរ ក៏សែងហិបរបស់ព្រះជាម្ចាស់ចូលទៅក្នុងក្រុងយេរូសាឡឹមវិញ ហើយស្នាក់នៅទីនោះ។
ព្រះបាទដាវីឌចាត់លោកហ៊ូសាយទៅស៊ើបការណ៍ពីស្ដេចអាប់សាឡុម
30ព្រះបាទដាវីឌយាងឡើងភ្នំដើមអូលីវ ដោយទ្រង់ព្រះកន្សែងផង ស្ដេចទទូរព្រះសិរសា ហើយយាងព្រះបាទាទទេ។ រីឯបណ្ដាជនទាំងអស់ដែលឡើងទៅជាមួយស្ដេចក៏ទទូរក្បាល ហើយឡើងទៅទាំងយំដែរ។ 31មានគេទូលព្រះបាទដាវីឌថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្ដេចអាប់សាឡុមដែរ។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឱព្រះអម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។ 32ពេលព្រះបាទដាវីឌឡើងទៅដល់កំពូលភ្នំ ជាកន្លែងដែលគេថ្វាយបង្គំព្រះជាម្ចាស់ ស្រាប់តែលោកហ៊ូសាយ ជាជនជាតិអើគី មកជួបស្ដេច ដោយមានអាវរហែក និងដីនៅលើក្បាលផង។ 33ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកថា៖ «កុំមកជាមួយយើងអី! ក្រែងលោកទៅជាបន្ទុកមួយសម្រាប់យើង 34ចូរវិលត្រឡប់ទៅទីក្រុងវិញចុះ ហើយប្រាប់អាប់សាឡុមថា “បពិត្រព្រះករុណា ទូលបង្គំស្ម័គ្រចិត្តបម្រើទ្រង់ហើយ។ កាលពីមុន ទូលបង្គំបានបម្រើបិតារបស់ព្រះករុណា ឥឡូវនេះ ទូលបង្គំត្រូវតែបម្រើព្រះករុណាដែរ”។ ធ្វើដូច្នេះ លោកអាចជួយយើងដោយធ្វើជាឧបសគ្គ ជំទាស់នឹងយោបល់របស់អហ៊ីថូផែល។ 35ម្យ៉ាងទៀត លោកបូជាចារ្យសាដុក និងអបៀថើរ ក៏ចាំជួយលោកដែរ។ អ្វីៗដែលលោកឮពីដំណាក់ស្ដេច ចូរប្រាប់លោកបូជាចារ្យសាដុក និងអបៀថើរឲ្យដឹងផង។ 36រីឯអហ៊ីម៉ាស់ជាកូនរបស់លោកសាដុក និងយ៉ូណាថានជាកូនរបស់លោកអបៀថើរ ក៏នៅជាមួយឪពុករបស់គេរៀងៗខ្លួនដែរ។ ចូរចាត់អ្នកទាំងពីរឲ្យនាំដំណឹងដែលលោកដឹង មកប្រាប់យើងផង»។ 37លោកហ៊ូសាយ ជាមន្ត្រីជំនិតរបស់ព្រះបាទដាវីឌ បានវិលចូលទៅក្រុងវិញ ចំពេលដែលសម្ដេចអាប់សាឡុមយាងចូលទីក្រុងដែរ។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 15: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.