២ សាំយូអែល 14
14
សម្ដេចអាប់សាឡុមត្រឡប់មកក្រុងយេរូសាឡឹមវិញ
1លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា សង្កេតឃើញថា ស្ដេចមានព្រះហឫទ័យនឹករឭក ដល់សម្ដេចអាប់សាឡុម 2លោកក៏ចាត់គេឲ្យទៅឯភូមិតេកូអា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។ 3បន្ទាប់មក នាងត្រូវចូលទៅគាល់ស្ដេច ហើយទូលតាមពាក្យខ្ញុំបង្គាប់»។ លោកយ៉ូអាប់បានប្រាប់ពាក្យទាំងប៉ុន្មាន ដែលនាងត្រូវនិយាយ។ 4ដូច្នេះ ស្ត្រីអ្នកភូមិតេកូអានោះក៏ចូលទៅគាល់ស្ដេច។ នាងក្រាបថ្វាយបង្គំស្ដេច ដោយឱនមុខដល់ដី ហើយទូលថា៖ «បពិត្រព្រះករុណា! សូមជួយខ្ញុំម្ចាស់ផង!»។ 5ស្ដេចមានរាជឱង្ការសួរថា៖ «តើនាងមានការអ្វី?»។ នាងទូលថា៖ «បពិត្រព្រះករុណា ខ្ញុំម្ចាស់ជាស្រីមេម៉ាយ ដែលប្ដីស្លាប់ចោល! 6ខ្ញុំម្ចាស់មានកូនប្រុសពីរនាក់ ពួកវាឈ្លោះប្រកែកគ្នានៅឯស្រែ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់ ព្រោះគ្មាននរណាឃាត់គេទាំងពីរឡើយ។ 7ឥឡូវនេះ ញាតិសន្ដានរបស់ខ្ញុំម្ចាស់ លើកគ្នាប្រឆាំងនឹងខ្ញុំម្ចាស់។ ពួកគេពោលថា “ចូរប្រគល់ឃាតកមកឲ្យយើង យើងនឹងសម្លាប់វា ដើម្បីសងសឹកជំនួសបងប្អូនរបស់វាដែលស្លាប់នោះ ហើយយើងក៏ចង់បំផ្លាញពូជពង្សរបស់វាផងដែរ”។ ពួកគេចង់បំផ្លាញក្ដីសង្ឃឹមដែលខ្ញុំម្ចាស់មានសេសសល់ ហើយមិនចង់ទុកឲ្យវង្សត្រកូលប្ដីរបស់ខ្ញុំម្ចាស់មានកូនចៅ បន្តពូជពង្សនៅលើផែនដីនេះឡើយ»។ 8ស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «ចូរវិលទៅផ្ទះវិញចុះ យើងនឹងបង្គាប់គេឲ្យសម្រួលរឿងនេះ»។ 9ស្ត្រីនោះទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ទោះបីមានហេតុការណ៍អ្វីកើតឡើងក្នុងរឿងនេះក៏ដោយ ខ្ញុំម្ចាស់ និងក្រុមគ្រួសារសុខចិត្តទទួលខុសត្រូវទាំងស្រុង មិនឲ្យកំហុសនេះធ្លាក់លើព្រះករុណា ឬរាជបល្ល័ង្កឡើយ»។ 10ស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើមាននរណាម្នាក់ស្ដីបន្ទោសនាង ចូរនាំគេមកជួបយើង គេមុខជាមិនហ៊ានរករឿងនាងទៀតទេ»។ 11នាងទូលទៀតថា៖ «បពិត្រព្រះករុណា! សូមមេត្តាសន្យានឹងខ្ញុំម្ចាស់ ក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដើម្បីកុំឲ្យអ្នកដែលត្រូវសងសឹក ជំនួសកូនប្រុសខ្ញុំម្ចាស់ ដែលស្លាប់ទៅហើយ ហ៊ានសម្លាប់កូនប្រុសខ្ញុំម្ចាស់ដែលនៅសល់នោះថែមទៀតឡើយ»។ ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា: យើងមិនឲ្យសក់មួយសរសៃរបស់កូនប្រុសនាងជ្រុះដល់ដីឡើយ»។
12នាងនោះទូលទៀតថា៖ «បពិត្រព្រះករុណា សូមមេត្តាប្រោសឲ្យខ្ញុំម្ចាស់ទូលថ្វាយថែមមួយម៉ាត់ទៀត»។ ស្ដេចមានរាជឱង្ការថា៖ «ចូរនិយាយមក!»។ 13នាងទូលថា៖ «ហេតុអ្វីបានជាព្រះករុណាផ្ទាល់ក៏មានគំនិតដូច្នេះដែរ គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់ព្រះជាម្ចាស់? រាជឱង្ការរបស់ព្រះករុណាអម្បាញ់មិញនេះពិតជាដាក់ទោសព្រះករុណាដែរ ព្រោះព្រះករុណាមិនបានត្រាស់ហៅសម្ដេចអាប់សាឡុម ដែលស្ដេចកាត់កាល់នោះឲ្យវិលត្រឡប់មកវិញទេ។ 14មនុស្សយើងតែងតែស្លាប់ក្នុងថ្ងៃណាមួយមិនខាន គឺយើងប្រៀបដូចជាទឹកដែលគេចាក់លើដីហើយ ពុំអាចប្រមូលវិញបានឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់មិននាំអ្នកដែលស្លាប់ទៅហើយឲ្យវិលមកវិញទេ តែព្រះអង្គសព្វព្រះហឫទ័យរៀបចំគម្រោងការ ដើម្បីឲ្យសម្ដេចអាប់សាឡុមដែលត្រូវនិរទេសឆ្ងាយពីព្រះអង្គនោះ វិលត្រឡប់មកវិញ។ 15ខ្ញុំម្ចាស់មកទូលរឿងនេះថ្វាយព្រះករុណាហើយ ព្រោះប្រជារាស្ត្របានធ្វើឲ្យខ្ញុំម្ចាស់ភ័យបារម្ភ។ ខ្ញុំម្ចាស់នឹកថា ប្រសិនបើខ្ញុំម្ចាស់មកទូលព្រះករុណា ស្ដេចប្រហែលជាធ្វើតាមពាក្យរបស់ខ្ញុំម្ចាស់ ដែលជាអ្នកបម្រើរបស់ព្រះករុណា។ 16ព្រះករុណាមុខជាស្ដាប់ពាក្យខ្ញុំម្ចាស់ ហើយរំដោះខ្ញុំម្ចាស់ និងកូន ពីកណ្ដាប់ដៃរបស់អ្នកដែលចង់បំផ្លាញយើងឲ្យបាត់ពីទឹកដី ជាកេរមត៌ករបស់ព្រះជាម្ចាស់។ 17 ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណាពិតជាធ្វើឲ្យមានភាពស្ងប់ស្ងៀម ដ្បិតព្រះករុណាប្រៀបដូចជាទេវតារបស់ព្រះជាម្ចាស់ ព្រះករុណាស្គាល់ល្អ ស្គាល់អាក្រក់។ សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាគង់ជាមួយព្រះករុណា!»។ 18ស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «យើងសូមសួរនាងរឿងមួយ ហើយនាងមិនត្រូវលាក់លៀមអ្វីឡើយ»។ ស្ត្រីនោះទូលវិញថា៖ «បពិត្រព្រះករុណា សូមមានរាជឱង្ការមកចុះ!»។ 19ស្ដេចមានរាជឱង្ការសួរថា៖ «តើលោកយ៉ូអាប់ឬដែលបានរួមគំនិតជាមួយនាងក្នុងរឿងនេះ?»។ នាងទូលថា៖ «បពិត្រព្រះករុណា ខ្ញុំម្ចាស់សូមស្បថថា នេះពិតដូចព្រះករុណាមានរាជឱង្ការមែន! គឺលោកយ៉ូអាប់ ជាអ្នកបម្រើរបស់ព្រះករុណា បានបង្គាប់ឲ្យខ្ញុំម្ចាស់និយាយពាក្យទាំងអស់នេះ។ 20លោកធ្វើដូច្នេះ ដើម្បីសម្រួលសភាពការណ៍។ ប៉ុន្តែ ព្រះករុណាជ្រាបអ្វីៗទាំងប៉ុន្មានដែលកើតមាននៅលើផែនដី ដ្បិតទ្រង់មានប្រាជ្ញាដូចទេវតារបស់ព្រះជាម្ចាស់ដែរ»។
21ស្ដេចមានរាជឱង្ការទៅលោកយ៉ូអាប់ថា៖ «យើងយល់ព្រមតាមសំណូមពររបស់លោកហើយ ចូរទៅនាំអាប់សាឡុមមកវិញចុះ»។ 22លោកយ៉ូអាប់ក្រាបថ្វាយបង្គំស្ដេចឱនមុខដល់ដី ហើយអរព្រះគុណថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ថ្ងៃនេះ ទូលបង្គំដឹងថា ព្រះករុណានៅតែប្រណីសន្ដោសទូលបង្គំ ព្រោះស្ដេចបានយល់ព្រមតាមសំណូមពររបស់ទូលបង្គំ»។ 23លោកយ៉ូអាប់ក្រោកឡើង ចេញដំណើរទៅស្រុកកេស៊ួរី ហើយនាំសម្ដេចអាប់សាឡុម វិលមកក្រុងយេរូសាឡឹមវិញ។ 24ស្ដេចមានរាជឱង្ការថា៖ «ចូរឲ្យគេទៅដំណាក់របស់គេចុះ កុំឲ្យគេមកជួបមុខយើងឡើយ!»។ ដូច្នេះ សម្ដេចអាប់សាឡុមក៏យាងទៅដំណាក់របស់ខ្លួនវិញ ដោយឥតបានឃើញព្រះភ័ក្ត្រស្ដេចទេ។
ព្រះបាទដាវីឌលើកលែងទោសសម្ដេចអាប់សាឡុម
25នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល គ្មាននរណាម្នាក់មានរូបសម្បត្តិល្អស្អាត គួរជាទីគយគន់ដូចសម្ដេចអាប់សាឡុមទេ តាំងពីក្បាលរហូតដល់ចុងជើង ឥតមានទាស់ត្រង់ណាឡើយ។ 26រៀងរាល់ឆ្នាំ សម្ដេចអាប់សាឡុមតែងតែកាត់សក់នៅពេលចុងឆ្នាំ ព្រោះសក់នោះធ្ងន់ពេក។ គេថ្លឹងសក់នោះឃើញមានទម្ងន់ជាងពីរគីឡូក្រាម តាមរបៀបថ្លឹងរបស់ស្ដេច។ 27សម្ដេចអាប់សាឡុមមានបុត្រាបីអង្គ និងបុត្រីមួយអង្គ។ បុត្រីនោះមាននាម តាម៉ារ ដែលមានរូបឆោមស្រស់ស្អាតណាស់។
28សម្ដេចអាប់សាឡុមគង់នៅក្រុងយេរូសាឡឹមបានពីរឆ្នាំ ដោយឥតបានឃើញព្រះភ័ក្ត្រព្រះរាជាទេ។ 29ថ្ងៃមួយ សម្ដេចបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ូអាប់មក ដើម្បីនាំសម្ដេចចូលទៅគាល់ព្រះរាជា ប៉ុន្តែ លោកយ៉ូអាប់មិនព្រមមកទេ។ សម្ដេចអាប់សាឡុមចាត់គេឲ្យទៅជាលើកទីពីរ តែលោកយ៉ូអាប់នៅតែមិនព្រមដដែល។ 30ហេតុនេះ សម្ដេចអាប់សាឡុមបង្គាប់ពួកអ្នកបម្រើថា៖ «មើល៍! ស្រែលោកយ៉ូអាប់នៅជាប់នឹងស្រែយើង ចូរដុតចោលទៅ!»។ អ្នកបម្រើនាំគ្នាដុតស្រែរបស់លោកយ៉ូអាប់។ 31ដូច្នេះ លោកយ៉ូអាប់ក៏អញ្ជើញទៅដំណាក់របស់សម្ដេចអាប់សាឡុម ហើយសួរថា៖ «ហេតុអ្វីបានជាពួកអ្នកបម្រើរបស់សម្ដេចដុតស្រែរបស់ទូលបង្គំចោល?»។ 32សម្ដេចអាប់សាឡុមឆ្លើយថា៖ «ពីព្រោះខ្ញុំសូមឲ្យលោកមកទីនេះ តែលោកបដិសេធ។ ខ្ញុំចង់ឲ្យលោកចូលទៅគាល់ស្ដេច ហើយទូលថា ហេតុអ្វីបានជាទ្រង់ហៅខ្ញុំឲ្យវិលមកពីស្រុកកេស៊ួរី? ប្រសិនបើខ្ញុំនៅទីនោះ គឺប្រសើរជាង! ឥឡូវនេះ ខ្ញុំចង់ចូលទៅគាល់ស្ដេចណាស់ ប្រសិនបើខ្ញុំមានកំហុសអ្វី សូមទ្រង់សម្លាប់ខ្ញុំចុះ!»។ 33លោកយ៉ូអាប់នាំពាក្យរបស់សម្ដេចអាប់សាឡុមទៅទូលព្រះរាជា។ ព្រះរាជាត្រាស់ហៅសម្ដេចអាប់សាឡុម សម្ដេចក៏ចូលទៅគាល់ព្រះរាជា ហើយក្រាបថ្វាយបង្គំឱនមុខដល់ដី រួចព្រះរាជាក៏ឱបសម្ដេចអាប់សាឡុម។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 14: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.