២ សាំយូអែល 13:1-20

២ សាំយូអែល 13:1-20 គខប

ក្រោយ​មក​ទៀត មាន​រឿង​កើត​ឡើង​ដូច​ត​ទៅ: សម្ដេច​អាប់‌សាឡុម ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ មាន​ប្អូន​ស្រី​ម្នាក់​នាម​ព្រះ‌នាង​តាម៉ារ ដែល​មាន​រូប​ឆោម​ល្អ​ស្អាត។ រីឯ​សម្ដេច​អាំណូន ជា​បុត្រា​មួយ​អង្គ​ទៀត​របស់​ព្រះ‌បាទ​ដាវីឌ មាន​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​នាង។ សម្ដេច​អាំណូន​មាន​ចិត្ត​ស្រឡាញ់​ព្រះ‌នាង ជា​ប្អូន​ស្រី​ខ្លាំង​ពេក រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ ដ្បិត​រក​ធ្វើ​អ្វី​នាង​មិន​បាន ព្រោះ​នាង​នៅ​ក្រមុំ​ព្រហ្មចារី។ សម្ដេច​អាំណូន​មាន​មិត្ត​ម្នាក់ ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស​វៃ​ណាស់ ឈ្មោះ​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ។ លោក​យ៉ូណា‌ដាប់​សួរ​សម្ដេច​អាំណូន​ថា៖ «ព្រះអង្គ​ម្ចាស់ ហេតុ​អ្វី​ក៏​មាន​ទឹក​មុខ​ស្រងូត​ជា​រៀង​រាល់​ព្រឹក​ដូច្នេះ? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​បាន​ឬ​ទេ?»។ សម្ដេច​អាំណូន​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​ព្រះ‌នាង​តាម៉ារ ជា​ប្អូន​របស់​សម្ដេច​អាប់‌សាឡុម ប្អូន​របស់​ខ្ញុំ»។ លោក​យ៉ូណា‌ដាប់​ពោល​ថា៖ «ដូច្នេះ សូម​ទៅ​ផ្ទំ​នៅ​លើ​គ្រែ ហើយ​ធ្វើ​ពុត​ជា​ឈឺ​ទៅ។ កាល​បិតា​របស់​ព្រះអង្គ​ម្ចាស់​យាង​មក​សួរ​សុខ​ទុក្ខ ព្រះអង្គ​ម្ចាស់​ត្រូវ​ទូល​ថា “សូម​បិតា​មេត្តា​អនុញ្ញាត​ឲ្យ​តាម៉ារ ជា​ប្អូន​ស្រី​របស់​ទូលបង្គំ យក​ម្ហូប​អាហារ​មក​ឲ្យ​ទូលបង្គំ​ផង។ នាង​ត្រូវ​រៀបចំ​ធ្វើ​ម្ហូប​អាហារ​នេះ​នៅ​ចំពោះ​មុខ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ ហើយ​ទទួល​ម្ហូប​អាហារ​ពី​ដៃ​របស់​នាង​ផ្ទាល់”»។ សម្ដេច​អាំណូន​ក៏​ទៅ​ផ្ទំ ហើយ​ធ្វើ​ពុត​ជា​ឈឺ។ ពេល​ព្រះ‌រាជា​យាង​មក​សួរ​សុខ​ទុក្ខ សម្ដេច​ទូល​ថា៖ «សូម​បិតា​មេត្តា​អនុញ្ញាត​ឲ្យ​តាម៉ារ ជា​ប្អូន​ស្រី​ទូលបង្គំ មក​ធ្វើ​នំ​ពីរ នៅ​មុខ​ទូលបង្គំ រួច​ហើយ​នាង​លើក​នំ​នោះ​មក​ឲ្យ​ទូលបង្គំ​ដោយ​ផ្ទាល់​ដៃ ទើប​ទូលបង្គំ​ទទួល​ទាន»។ ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ព្រះ‌នាង​តាម៉ារ នៅ​ឯ​ដំណាក់​របស់​ព្រះ‌នាង​ថា៖ «ចូរ​ទៅ​ដំណាក់​អាំណូន​ជា​បង​របស់​នាង ហើយ​រៀបចំ​ធ្វើ​ម្ហូប​អាហារ​ឲ្យ​បង​សោយ​ផង»។ ព្រះ‌នាង​តាម៉ារ​យាង​ទៅ​ដល់​ដំណាក់​របស់​សម្ដេច​អាំណូន ជា​បង​ដែល​កំពុង​ផ្ទំ​លើ​គ្រែ។ ព្រះ‌នាង​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខ​បង។ ព្រះ‌នាង​យក​ខ្ទះ​មក​ចៀន​នំ រួច​យក​ទៅ​ថ្វាយ​សម្ដេច​អាំណូន ប៉ុន្តែ សម្ដេច​មិន​ព្រម​សោយ​ទេ។ សម្ដេច​បញ្ជា​ឲ្យ​អ្នក​ឯ​ទៀតៗ​ចេញ​ពី​បន្ទប់​ទាំង​អស់​គ្នា ពួក​គេ​ក៏​ចេញ​ទៅ។ សម្ដេច​អាំណូន​ប្រាប់​ព្រះ‌នាង​តាម៉ារ​ថា៖ «ចូរ​យក​នំ​មក​ឲ្យ​បង​ដល់​គ្រែ​ផង ដើម្បី​ឲ្យ​បង​ទទួល​ទាន​នំ​ពី​ដៃ​របស់​ប្អូន​ផ្ទាល់»។ ព្រះ‌នាង​តាម៉ារ​យក​នំ​ដែល​ខ្លួន​បាន​ធ្វើ​នោះ ទៅ​ថ្វាយ​សម្ដេច​អាំណូន​ដល់​គ្រែ។ ពេល​នាង​កំពុង​លើក​នំ​មក​ថ្វាយ​នោះ សម្ដេច​ចាប់​នាង ទាំង​ពោល​ថា៖ «អូន​អើយ! ចូរ​មក​រួម​ដំណេក​ជា​មួយ​បង!»។ ព្រះ‌នាង​តាម៉ារ​ប្រកែក​ថា៖ «ទេ ម្ចាស់​បង សូម​កុំ​ធ្វើ​បាប​ខ្ញុំ​ម្ចាស់​បែប​នេះ! នៅ​ស្រុក​អ៊ីស្រា‌អែល គេ​មិន​ប្រព្រឹត្ត​ដូច្នេះ​ទេ។ សូម​ម្ចាស់​បង​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​យ៉ាង​នេះ​ឲ្យ​សោះ។ បើ​ធ្វើ​ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ម្ចាស់​យក​មុខ​ទៅ​ទុក​នៅ​ឯ​ណា? ចំពោះ​ម្ចាស់​បង​វិញ គេ​នឹង​ចាត់​ទុក​ម្ចាស់​បង​ជា​មនុស្ស​ទុយ៌ស​នៅ​ស្រុក​អ៊ីស្រា‌អែល។ សូម​ម្ចាស់​បង​ទូល​បិតា​ទៅ ទ្រង់​នឹង​មិន​បដិសេធ​លើក​ខ្ញុំ​ម្ចាស់​ឲ្យ​ម្ចាស់​បង​ឡើយ»។ សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ សម្ដេច​បាន​ចាប់​បង្ខំ ហើយ​រំលោភ​លើ​នាង។ បន្ទាប់​មក សម្ដេច​អាំណូន​ស្អប់​នាង​យ៉ាង​ខ្លាំង ពោល​គឺ​សម្ដេច​ស្អប់​ខ្ពើម​នាង​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់ ដែល​សម្ដេច​មាន​ចំពោះ​រូប​នាង កាល​ពី​ពេល​មុន​ទៅ​ទៀត។ សម្ដេច​បណ្ដេញ​នាង​ថា៖ «ចេញ​ទៅ!»។ ព្រះ‌នាង​ប្រកែក​ថា៖ «ទេ! ម្ចាស់​បង​បណ្ដេញ​ខ្ញុំ​ម្ចាស់​ដូច្នេះ អាក្រក់​ជាង​អំពើ​ដែល​ម្ចាស់​បង​ទើប​នឹង​ប្រព្រឹត្ត​មក​លើ​រូប​ខ្ញុំ​ម្ចាស់​នោះ​ទៅ​ទៀត!»។ ប៉ុន្តែ សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ សម្ដេច​ហៅ​ក្មេង​បម្រើ​ម្នាក់​មក បង្គាប់​ថា៖ «ចូរ​ដេញ​ស្រី​នេះ​ចេញ​ពី​មុខ​យើង​ទៅ ហើយ​ខ្ទាស់​ទ្វារ​ឲ្យ​ជិត»។ ក្មេង​បម្រើ​របស់​សម្ដេច​អាំណូន​ក៏​ដេញ​នាង​ចេញ​ទៅ​ក្រៅ រួច​ខ្ទាស់​ទ្វារ​ជិត។ ព្រះ‌នាង​តាម៉ារ​ពាក់​អាវ​យ៉ាង​ល្អ​ប្រណីត ដូច​បុត្រី​របស់​ស្ដេច​នានា​តែង​ពាក់​ពេល​នៅ​ក្រមុំ។ ព្រះ‌នាង​តាម៉ារ​យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​អាវ​ដ៏​ល្អ​ប្រណីត​នោះ​ចោល នាង​ទូល​ដៃ​លើ​ក្បាល រួច​ចេញ​ទៅ ទាំង​ស្រែក​ផង។ សម្ដេច​អាប់‌សាឡុម​ជា​បង​សួរ​ថា៖ «តើ​បង​អាំណូន​បាន​រំលោភ​លើ​ប្អូន​ឬ? ចូរ​នៅ​ស្ងៀម​ទៅ ព្រោះ​គាត់​ជា​បង​ប្រុស​របស់​ឯង​ទេ​តើ កុំ​ឈឺ​ចិត្ត​នឹង​រឿង​នេះ​ខ្លាំង​ពេក»។ ចាប់​ពី​ពេល​នោះ​មក ព្រះ‌នាង​តាម៉ារ​រស់​នៅ​ជា​ស្ត្រី​ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ដំណាក់​របស់​សម្ដេច​អាប់‌សាឡុម ជា​បង។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ