២ ពង្សាវតារក្សត្រ 18

18
ស្ដេច​ជំនាន់​ចុង​ក្រោយ​នៃ​រាជា​ណា‌ចក្រ​យូដា ចាប់​ពី​ព្រះ‌បាទ​ហេ‌សេគា រហូត​ដល់​ចុង​បញ្ចប់​នៃ​រាជា​ណា‌ចក្រ​យូដា
ព្រះ‌បាទ​ហេ‌សេគា​សោយ​រាជ្យ​លើ​ស្រុក​យូដា
( របាក្សត្រ ២៩.១-២, ៣១.១)
1នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​ហូស៊ា ជា​កូន​របស់​លោក​អេឡា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​ហេ‌សេគា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាស បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ 2កាល​ស្ដេច​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អប៊ី‌យ៉ា ជា​កូន​របស់​លោក​សាការី។ 3ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។ 4 ស្ដេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ វាយ​បំបាក់​ស្តូប​ព្រះ​ក្លែង‌ក្លាយ កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​កម្ទេច​រូប​ពស់​លង្ហិន ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ដ្បិត​រហូត​មក​ដល់​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប​ថ្វាយ​រូប​ពស់ ហើយ​ហៅ​រូប​នោះ​ថា​«នេហ៊ូស‌ថាន់»។ 5ព្រះ‌បាទ​ហេ‌សេគា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ក្នុង​ចំណោម​ស្ដេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន គឺ​ស្ដេច​ដែល​សោយ​រាជ្យ​មុន ឬ​ស្ដេច​ដែល​សោយ​រាជ្យ​ក្រោយ​មក​ទៀត គ្មាន​ស្ដេច​អង្គ​ណា​ប្រៀប​ស្មើ​នឹង​ព្រះ‌បាទ​ហេ‌សេគា​ទេ។ 6ព្រះ‌រាជា​ជំពាក់​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដោយ​ឥត​ងាក‌រេ​ឡើយ។ ស្ដេច​កាន់​តាម​បទ‌បញ្ជា​ទាំង‌ឡាយ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក តាម​រយៈ​លោក​ម៉ូសេ។ 7ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ស្ដេច ដូច្នេះ ស្ដេច​ទទួល​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​ស្ដេច​ធ្វើ។ ព្រះ‌បាទ​ហេ‌សេគា​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អាស្ស៊ីរី ហើយ​រំដោះ​ខ្លួន​រួច​ផុត​ពី​នឹម​របស់​ស្ដេច​នោះ។ 8ស្ដេច​បាន​វាយ​យក​ស្រុក​ភីលីស្ទីន រហូត​ដល់​ក្រុង​កាសា និង​ទឹក​ដី​ដែល​នៅ​ជុំ‌វិញ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។
ការ​វាយ​ដណ្ដើម​យក​ក្រុង​សាម៉ារី
9នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​ហូស៊ា ជា​បុត្រ​របស់​លោក​អេឡា ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ចៅ​សាល‌ម៉ា‌នេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​ឡើង​មក​ច្បាំង និង​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី។ 10កង‌ទ័ព​អាស្ស៊ីរី​ឡោម‌ព័ទ្ធ​ក្រុង​នេះ អស់​រយៈ​ពេល​បី​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហូស៊ា​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល កង‌ទ័ព​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី។ 11ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​កៀរ​ប្រជា‌ជន​អ៊ីស្រា‌អែល នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោរ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។ 12ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​បាន​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ពួក​គេ​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ដ្បិត​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ឬ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។
ព្រះចៅ​សាន‌ហេរីប​ឈ្លាន‌ពាន​អាណា‌ចក្រ​យូដា
(អេសាយ ៣៦.១; ២ របាក្សត្រ ៣២.១)
13នៅ​ឆ្នាំ​ទី​ដប់‌បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ព្រះ‌ចៅ​សាន‌ហេរីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​យូដា។ 14ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ក្រុង​ឡាគីស​ថា៖ «ទូលបង្គំ​ប្រព្រឹត្ត​ខុស​ហើយ សូម​កុំ​វាយ​ទូលបង្គំ​ទៀត​ឡើយ។ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា»។ ស្ដេច​ស្រុក​អាស្ស៊ីរី​ក៏​បង្គាប់​ឲ្យ​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​បង់​ពន្ធ​ជា​ប្រាក់​សុទ្ធ​ប្រាំ​បួន​តោន និង​មាស​សុទ្ធ​ប្រាំ​បួន​រយ​គីឡូ​ក្រាម។ 15ព្រះ‌បាទ​ហេ‌សេគា​ប្រមូល​ប្រាក់​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ 16នៅ​គ្រា​នោះ ព្រះ‌បាទ​ហេ‌សេគា​គាស់​មាស​ដែល​ស្ដេច​បាន​ស្រោប​នៅ​ខ្លោង​ទ្វារ និង​ក្រប​ទ្វារ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ យក​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។
ការ​គំរាម​កំហែង​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​មក​លើ​ក្រុង​យេរូ‌សាឡឹម
(អេសាយ ៣៦.២-២២; ២ របាក្សត្រ ៣២.៩-១៦)
17ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព មេ​បញ្ជា‌ការ និង​រាជ‌បម្រើ​ផ្ទាល់​របស់​ស្ដេច ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ឲ្យ​មក​ជួប​ព្រះ‌បាទ​ហេ‌សេគា​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ ពួក​គេ​ឡើង​មក​ដល់​ក្រុង​យេរូ‌សាឡឹម។ ពេល​មក​ដល់ ពួក​គេ​ឈរ​នៅ​ក្បែរ​ព្រែក​ជីក​ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ 18ហើយ​ស្រែក​ហៅ​ស្ដេច​ស្រុក​យូដា។ ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម​រាជ​វាំង បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​ទៅ​ជា​មួយ​ផង។ 19មេ‌ទ័ព​របស់​ព្រះចៅ​រ៉ាប់សា‌កេ​ពោល​ថា៖ «សូម​អស់​លោក​ទូល​ព្រះ‌បាទ​ហេ‌សេគា​ដូច​ត​ទៅ: ព្រះ​មហា‌ក្សត្រា‌ធិរាជ គឺ​ព្រះ‌មហា‌ក្សត្រ​របស់​ស្រុក​អាស្ស៊ីរី មាន​រាជ‌ឱង្ការ​ថា “តើ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​អ្វី បាន​ជា​មាន​ព្រះ‌ហឫទ័យ​អង់‌អាច​បែប​នេះ? 20តើ​ព្រះ‌ករុណា​ស្មាន​ថា ពាក្យ​សម្ដី​អាច​ជំនួស​ក្រុម​ប្រឹក្សា​យោធា និង​កម្លាំង​ទ័ព​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​បាន​ឬ? តើ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​នរណា បាន​ជា​ហ៊ាន​បះ‌បោរ​នឹង​យើង​ដូច្នេះ? 21ព្រះ‌ករុណា​ទុក​ចិត្ត​លើ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​ឲ្យ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។ 22ព្រះ‌ករុណា​ប្រហែល​ជាមាន​រាជ‌ឱង្ការ​ថា “យើង​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង!”។ ប៉ុន្តែ តើ​ព្រះ‌ករុណា​ពុំ​បាន​ឲ្យ​គេ​កម្ទេច​កន្លែង​សក្ការៈ និង​អាសនៈ​របស់​ព្រះ​នេះ ហើយ​ថែម​ទាំង​បញ្ជា​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក្រាប​ថ្វាយ‌បង្គំ​តែ​នៅ​មុខ​អាសនៈ​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ទេ​ឬ?” 23ឥឡូវ​នេះ សុំ​ព្រះ‌ករុណា​សាក​ល្បង​ភ្នាល់​ជា​មួយ​ព្រះចៅ​ក្រុង​អាស្ស៊ីរី ជា​អម្ចាស់​របស់​ទូលបង្គំ​ទៅ នោះ​ទូលបង្គំ​នឹង​ថ្វាយ​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ព្រះ‌ករុណា​រក​អ្នក​ជិះ​បាន! 24ទោះ​បី​ព្រះ‌ករុណា​ពឹង​លើ​រទេះ​ចម្បាំង និង​កង‌ទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក្ដី សូម្បី​តែ​មេ‌ទ័ព​អាស្ស៊ីរី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ព្រះ‌ករុណា​វាយ​មិន​ឈ្នះ​ផង។ 25មួយ​វិញ​ទៀត យើង​លើក​ទ័ព​មក​វាយ​កម្ទេច​កន្លែង​នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​យើង​មក​វាយ​កម្ទេច​ក្រុង​នេះ»។
26ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា លោក​សេបណា និង​លោក​យ៉ូអា ពោល​ទៅ​កាន់​មេ‌ទ័ព​អាស្ស៊ីរី​ថា៖ «សូម​លោក​មេត្តា​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ជា​ភាសា​អារ៉ាម​ចុះ ដ្បិត​យើង​ខ្ញុំ​ស្ដាប់​ភាសា​លោក​បាន តែ​សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា ក្រែង​ប្រជា‌ជន​នៅ​តាម​កំពែង​ក្រុង​ឮ»។ 27មេ‌ទ័ព​អាស្ស៊ីរី​តប​មក​វិញ​ថា៖ «ព្រះ​មហា‌ក្សត្រ​របស់​យើង​ប្រើ​យើង​ឲ្យ​មក​នេះ មិន​មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ទូល​ស្ដេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ព្រះ‌រាជា​ឲ្យ​យើង​មក​ប្រាប់​ជន​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​មុខ​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯង ដូច​អស់​លោក​ដែរ»។
28បន្ទាប់​មក មេ‌ទ័ព​អាស្ស៊ីរី​នោះ​ក្រោក​ឈរ និង​ស្រែក​ក្ដែងៗ​យ៉ាង​អស់​ទំហឹង ជា​ភាសា​យូដា​ថា៖ «ចូរ​នាំ​គ្នា​ស្ដាប់​រាជ‌ឱង្ការ​របស់​ព្រះ​មហា‌ក្សត្រា‌ធិរាជ គឺ​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​ដូច​ត​ទៅ: 29ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ថា កុំ​ទុក​ឲ្យ​ស្ដេច​ហេ‌សេគា​បោក​ប្រាស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ស្ដេច​នេះ​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ជា​ដាច់​ខាត។ 30កុំ​ទុក​ឲ្យ​ស្ដេច​ហេ‌សេគា​នាំ​អ្នក​រាល់​គ្នា ទៅ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​នឹង​រំដោះ​យើងពិតប្រាកដ ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។ 31កុំ​ស្ដាប់​ស្ដេច​ហេ‌សេគា​ឲ្យ​សោះ ដ្បិត​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​មាន​រាជ‌ឱង្ការ​ថា “ចូរ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​សុំ​សន្តិ‌ភាព​ពី​យើង ចូរ​នាំ​គ្នា​មក​ចុះ​ចូល​នឹង​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឧទុម្ពរ*​របស់​ខ្លួន ព្រម​ទាំង​បាន​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន​ដែរ”។ 32ក្រោយ​ហើយ យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា​យក​ទៅ​ស្រុក​មួយ​ទៀត ដែល​សម្បូណ៌​សប្បាយ​ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ដែល​មាន​ពោរ‌ពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ជា​ស្រុក​ដែល​សម្បូណ៌​អាហារ និង​ចម្ការ​ទំពាំង‌បាយជូរ ជា​ស្រុក​សម្បូណ៌​ផ្លែ​អូលីវ​យក​ប្រេង និង​ទឹក​ឃ្មុំ។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​រស់​រាន​ឥត​ស្លាប់​ឡើយ។ កុំ​ស្ដាប់​ស្ដេច​ហេ‌សេគា​ឲ្យ​សោះ ដ្បិត​ស្ដេច​នេះ​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​នឹង​រំដោះ​យើង”។ 33ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​រំដោះ​ស្រុក​គេ​ឲ្យ​រួច​ពី​ព្រះ‌ហស្ដ​របស់​ព្រះចៅ​ក្រុង​អាស្ស៊ីរី​ទាល់​តែ​សោះ! តើ​ព្រះ​របស់​ក្រុង​ហា‌ម៉ាត និង​ក្រុង​អើផាឌ ទៅ​ណា​បាត់​អស់​ហើយ? 34តើ​ព្រះ​របស់​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ទៅ​ណា​បាត់​អស់​ហើយ? ម្ដេច​ក៏​មិន​ឃើញ​ព្រះ​ទាំង​នោះ​រំដោះ​ក្រុង​សាម៉ារី ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង? 35ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ ព្រះ‌អម្ចាស់​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូ‌សាឡឹម ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ដែរ!»។
36ប្រជា‌ជន​នៅ​ស្ងៀម​ស្ងាត់​ទាំង​អស់​គ្នា គ្មាន​នរណា​ឆ្លើយ​ទៅ​មេ‌ទ័ព​អាស្ស៊ីរី​ឡើយ ដ្បិត​ព្រះ‌បាទ​ហេ‌សេគា​បាន​បង្គាប់​ពួក​គេ​មិន​ឲ្យ​ឆ្លើយ​តប​នឹង​មេ‌ទ័ព​នោះ​ជា​ដាច់​ខាត។ 37លោក​អេលា‌គីម​ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ហើយ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម​រាជ​វាំង លោក​សិប‌ណា​ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច នាំ​គ្នា​វិល​ទៅ​គាល់​ព្រះ‌បាទ​ហេ‌សេគា​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ទូល​ថ្វាយ​ព្រះ‌រាជា​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្រុក​អាស‌ស៊ើរ។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវតារក្សត្រ 18: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល