២ ពង្សាវតារក្សត្រ 15
15
ព្រះបាទអសារាសោយរាជ្យលើស្រុកយូដា
(២ របាក្សត្រ ២៦.៣-៤, ២១–២៣)
1នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអសារា ជាបុត្ររបស់ព្រះបាទអម៉ាស៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកយូដា 2ក្នុងព្រះជន្មាយុដប់ប្រាំមួយវស្សា ទ្រង់សោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។ 3ស្ដេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអម៉ាស៊ីយ៉ា ជាបិតាដែរ។ 4ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ 5ព្រះអម្ចាស់បានធ្វើឲ្យព្រះបាទអសារាកើតឃ្លង់ រហូតដល់ថ្ងៃដែលស្ដេចអស់ព្រះជន្ម។ ស្ដេចត្រូវគង់ក្នុងដំណាក់មួយដាច់ឡែកពីគេ។ សម្ដេចយ៉ូថាម ជាបុត្រ មានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។
6រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអសារា និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ 7#អស. ៦.១ព្រះបាទអសារាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទយ៉ូថាម ជាបុត្រ ឡើងស្នងរាជ្យ។
ព្រះបាទសាការីសោយរាជ្យលើស្រុកអ៊ីស្រាអែល
8នៅឆ្នាំទីសាមសិបប្រាំបីនៃរជ្ជកាលព្រះបាទអសារា ជាស្ដេចស្រុកយូដា ព្រះបាទសាការី ជាបុត្ររបស់ព្រះបាទយេរ៉ូបោម ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានប្រាំមួយខែនៅក្រុងសាម៉ារី។ 9ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចពួកអយ្យកោដែរ គឺស្ដេចពុំបានងាកចេញពីអំពើបាបដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ 10គ្រានោះ លោកសាលូម ជាកូនរបស់លោកយ៉ាបេស បានក្បត់ស្ដេច ហើយធ្វើគុតស្ដេចនៅចំពោះមុខប្រជាជន រួចឡើងសោយរាជ្យជំនួស។
11រាជកិច្ចផ្សេងៗរបស់ព្រះបាទសាការីសុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ 12#២ពង្ស. ១០.៣០ហេតុការណ៍នេះកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ព្រះបាទយេហ៊ូវថា៖ «កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលបានបួនតំណ»។#១៥.១២ ព្រះបាទសាការីត្រូវជាចៅលួតរបស់ព្រះបាទយេហ៊ូវ។
ព្រះបាទសាលូមសោយរាជ្យលើស្រុកអ៊ីស្រាអែល
13ព្រះបាទសាលូម ជាកូនរបស់លោកយ៉ាបេស ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលព្រះបាទអូស្យ៉ាស#១៥.១៣ «អូស្យ៉ាស» ជានាមមួយទៀតរបស់ព្រះបាទអសារា។ ជាស្ដេចស្រុកយូដា ទ្រង់សោយរាជ្យបានមួយខែ នៅក្រុងសាម៉ារី។ 14លោកមណាហិម ជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី ធ្វើគុតព្រះបាទសាលូម ជាបុត្ររបស់លោកយ៉ាបេស ហើយក៏ឡើងសោយរាជ្យជំនួស។ 15រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទសាលូម និងគម្រោងការក្បត់ ដែលស្ដេចរៀបចំប្រឆាំងនឹងព្រះបាទសាការី សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
16គ្រានោះ ព្រះបាទមណាហិមបានវាយយកក្រុងធីបសា និងសម្លាប់រង្គាលអ្នកក្រុងនោះ ព្រមទាំងអ្នកស្រុកដែលរស់នៅតំបន់ជុំវិញ ចាប់តាំងពីក្រុងធើសារហូតមក។ ស្ដេចវាយប្រហារក្រុងនេះ ព្រោះគេមិនបើកទ្វារក្រុងទទួលស្ដេច។ ស្ដេចបានវះពោះស្ត្រីទាំងអស់ដែលមានគភ៌ នៅក្នុងក្រុងនោះចោលផង។
ព្រះបាទមណាហិមសោយរាជ្យលើស្រុកអ៊ីស្រាអែល
17នៅអំឡុងឆ្នាំទីសាមសិបប្រាំបួននៃរជ្ជកាលព្រះបាទអសារា ជាស្ដេចស្រុកយូដា ព្រះបាទមណាហិម ជាកូនរបស់លោកកាឌី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានដប់ឆ្នាំ នៅក្រុងសាម៉ារី។ 18ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ក្នុងអំឡុងពេលសោយរាជ្យនោះ ស្ដេចពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ 19គ្រានោះ ព្រះចៅពូល#១៥.១៩ «ពូល» ជានាមមួយទៀតរបស់ព្រះចៅទីកឡាត-ពីលេស៊ើរ (សូមអាន ខ ២៩)។ ជាស្ដេចស្រុកអាស្ស៊ីរី បានវាយលុកចូលស្រុកអ៊ីស្រាអែល តែព្រះបាទមណាហិម យកប្រាក់មួយពាន់ហាបថ្វាយព្រះចៅពូល សូមឲ្យស្ដេចនោះជួយពង្រឹងអំណាចរបស់ខ្លួន។ 20ព្រះបាទមណាហិមទារពន្ធពីប្រជាជនអ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាអ្នកមានទ្រព្យសម្បត្តិ គឺម្នាក់ៗត្រូវបង់ពន្ធហាសិបណែន ដើម្បីឲ្យបានប្រាក់យកទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។ ដូច្នេះ ស្ដេចអាស្ស៊ីរីក៏ចាកចេញពីស្រុកអ៊ីស្រាអែល វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
21រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទមណាហិម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ 22កាលព្រះបាទមណាហិមសោយទិវង្គត ព្រះបាទពេកាហ៊ា ជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះបាទពេកាហ៊ាសោយរាជ្យលើស្រុកអ៊ីស្រាអែល
23នៅឆ្នាំទីហាសិបនៃរជ្ជកាលព្រះបាទអសារា ស្ដេចស្រុកយូដា ព្រះបាទពេកាហ៊ា ជាបុត្ររបស់ព្រះបាទមណាហិម បានឡើងសោយរាជ្យនៅស្រុកអ៊ីស្រាអែល។ ស្ដេចសោយរាជ្យបានពីរឆ្នាំ នៅក្រុងសាម៉ារី។ 24ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ 25លោកពេកាជាកូនរបស់លោករេម៉ាលា ហើយជាអង្គរក្សរបស់ស្ដេច បានឃុបឃិតជាមួយលោកអើកុប និងលោកអើរីយេធ្វើគុតស្ដេច#១៥.២៥ ក្នុងគម្ពីរភាសាហេប្រឺ ជាឃ្លាមួយដ៏ស្មុគស្មាញ។ យើងអាចយល់ឃ្លានេះម្យ៉ាងទៀតថា «លោកពេកាជាកូនរបស់លោករេម៉ាលា ហើយជាអង្គរក្សរបស់ស្ដេច បានឃុបឃិតធ្វើគុតស្ដេច ព្រមទាំងសម្លាប់លោកអើកុប និងលោកអើរីយេ»។ ក្នុងដំណាក់មួយនៃរាជវាំង នៅក្រុងសាម៉ារី។ ពេលនោះ លោកមានពលទាហានហាសិបនាក់ ជាអ្នកស្រុកកាឡាដ ចូលរួមជាមួយដែរ។ លោកបានធ្វើគុតព្រះបាទពេកាហ៊ា ហើយឡើងសោយរាជ្យជំនួស។
26រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទពេកាហ៊ា និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
ព្រះបាទពេកាសោយរាជ្យលើស្រុកអ៊ីស្រាអែល
27នៅឆ្នាំទីហាសិបពីរនៃរជ្ជកាលព្រះបាទអសារា ជាស្ដេចយូដា ព្រះបាទពេកា ជាកូនរបស់លោករេម៉ាលាបានឡើងសោយរាជ្យ នៅស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានម្ភៃឆ្នាំ នៅក្រុងសាម៉ារី។ 28ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ 29ក្នុងរជ្ជកាលព្រះបាទពេកា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានវាយដណ្ដើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។ 30លោកហូស៊ា ជាកូនរបស់លោកអេឡា បានឃុបឃិតក្បត់នឹងព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា លោកធ្វើគុតស្ដេច ហើយឡើងសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារា ស្ដេចស្រុកយូដា។ 31រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទពេកា និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
ព្រះបាទយ៉ូថាមសោយរាជ្យលើស្រុកយូដា
(២ របាក្សត្រ ២៧.១-៣, ៧–៩)
32នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារា ឡើងសោយរាជ្យលើស្រុកយូដា។ 33កាលព្រះបាទយ៉ូថាមឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេរូសា ជាកូនរបស់លោកសាដុក។ 34ស្ដេចប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអសារាជាបិតាដែរ។ 35ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូប តាមទួលខ្ពស់ៗដដែល។ ព្រះបាទយ៉ូថាមបានសង់ទ្វារខាងលើព្រះដំណាក់របស់ព្រះអម្ចាស់។ 36រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូថាម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
37នៅគ្រានោះ ព្រះអម្ចាស់បានចាប់ផ្ដើមចាត់ព្រះបាទរេស៊ីន ជាស្ដេចស្រុកស៊ីរី និងព្រះបាទពេកា#១៥.៣៧ ព្រះបាទរេស៊ីន និងព្រះបាទពេកា: សូមអាន អស ៧.៨។ជាកូនរបស់លោករេម៉ាលា ឲ្យមកលុកលុយស្រុកយូដា។ 38ព្រះបាទយ៉ូថាមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអហាស ជាបុត្រ ឡើងស្នងរាជ្យ។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 15: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.