២ ពង្សាវតារក្សត្រ 14

14
ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សោយ​រាជ្យ​លើ​ស្រុក​យូដា
( របាក្សត្រ ២៥.១-៤, ១១–១២, ១៧–២៨, ២៦.១-២)
1នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ 2ពេល​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​មាន​នាម​ថា យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។ 3ស្ដេច​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ តែ​ពុំ​បាន​ដូច​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ​ឡើយ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង ដូច​ព្រះ‌បាទ​យ៉ូអាស​ជា​បិតា​ដែរ។ 4ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។
5ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ទ្រង់​ប្រហារ​ជីវិត​ពួក​មេ‌ទ័ព​ដែល​បាន​ធ្វើ​គុត​ព្រះ‌បាទ​យ៉ូអាស ជា​បិតា។ 6 ប៉ុន្តែ ទ្រង់​ពុំ​បាន​ប្រហារ​ជីវិត​កូន​ចៅ​របស់​ពួក​ឃាតក​ទេ ដោយ​គោរព​តាម​ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ព្រះ‌អម្ចាស់​បាន​បង្គាប់​ថា «មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត»។
7ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បាន​ប្រហារ​កង‌ទ័ព​អេដុម​មួយ​ម៉ឺន​នាក់​នៅ​ជ្រលង​ភ្នំ​អំបិល ហើយ​នៅ​ពេល​ច្បាំង​គ្នា​នោះ ស្ដេច​ដណ្ដើម​យក​បាន​ក្រុង​សេឡា ដែល​ស្ដេច​ដាក់​ឈ្មោះ​ថា​ក្រុង​យុគ‌ធាល គឺ​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។ 8គ្រា​នោះ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា»។ 9ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចាត់​មនុស្ស​ឲ្យ​មក​ទូល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា៖ «គ្រា​មួយ​នោះ គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់ ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា “ចូរ​លើក​កូន​ស្រី​របស់​អ្នក ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង”។ ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​ខ្ទេច‌ខ្ទី​អស់។ 10ព្រះ‌ករុណា​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម​មែន ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ករុណា​មាន​មោទន‌ភាព។ ចូរ​អបអរ​សាទរ​នឹង​ជ័យ‌ជម្នះ រួច​គង់​ក្នុង​ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ធ្វើ​សង្គ្រាម ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ព្រះ‌ករុណា និង​ប្រជា‌ជន​យូដា​មុខ​ជា​បរា‌ជ័យ​មិន​ខាន»។ 11ប៉ុន្តែ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ពុំ​ព្រម​ស្ដាប់​តាម​សេចក្ដី​ព្រមាន​នេះ​ទេ។ ពេល​នោះ ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ក៏​ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​បេត‌សេ‌មែស ជា​ក្រុង​របស់​យូដា។ 12កង‌ទ័ព​អ៊ីស្រា‌អែល​វាយ​ឈ្នះ​កង‌ទ័ព​យូដា ហើយ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​មក​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។ 13ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចាប់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ធ្វើ​ជា​ឈ្លើយ នៅ​បេត‌សេ‌មែស។ បន្ទាប់​មក ព្រះ‌បាទ​យ៉ូអាស​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង ចាប់​តាំង​ពី​ទ្វារ​អេប្រាអ៊ីម​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង ដែល​មាន​ប្រវែង​បួន​រយ​ហត្ថ។ 14ស្ដេច​ប្រមូល​យក​មាស​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​ឃ្លាំង​ព្រះ‌រាជ​ទ្រព្យ ព្រម​ទាំង​នាំ​ចំណាប់​ខ្មាំង​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។
15រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច និង​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ស្ដេច​ស្រុក​យូដា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ 16កាល​ព្រះ‌បាទ​យ៉ូអាស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ នៃ​រាជ‌វង្ស​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ ក៏​ឡើង​ស្នង​រាជ្យ។
17ក្រោយ​ពី​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស ស្ដេច​ស្រុក​អ៊ីស្រា‌អែល សោយ​ទិវង្គត ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា មាន​ព្រះ‌ជន្ម​គង់​នៅ​បាន​ដប់​ប្រាំ​វស្សា​ទៀត។ 18រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ 19នៅ​ក្រុង​យេរូ‌សាឡឹម មាន​មនុស្ស​ឃុប‌ឃិត​គ្នា​ក្បត់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ដូច្នេះ ស្ដេច​ក៏​ភៀស​ខ្លួន​ទៅ​ឯ​ក្រុង​ឡាគីស តែ​ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ដេញ​តាម​ព្រះ‌រាជា រហូត​ដល់​ក្រុង​ឡាគីស​ទៀត ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ទី​នោះ។ 20គេ​យក​សព​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ 21ប្រជា‌ជន​នៅ​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ព្រះ‌បាទ​អសា‌រា ដែល​មាន​ព្រះ‌ជន្ម​ដប់​ប្រាំ​មួយ​វស្សា ឲ្យ​ឡើង​គ្រង​រាជ្យ​ត​ពី​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា។ 22ក្រោយ​ពេល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សោយ​ទិវង្គត ព្រះ‌បាទ​អសា‌រា​សង់​ក្រុង​អេឡាត​ឡើង​វិញ ហើយ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា។
ព្រះ‌បាទ​យេរ៉ូ‌បោម​ទី​២​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
23នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រជ្ជកាល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ឡើង​សោយ​រាជ្យ នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ​រាជ្យ​បាន​សែ‌សិប​មួយ​ឆ្នាំ។ 24ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។ 25 ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​កំណត់​ព្រំ‌ប្រទល់​ទឹក​ដី​របស់​អ៊ីស្រា‌អែល​ឡើង​វិញ ចាប់​តាំង​ពី​ច្រក​ចូល​ហា‌ម៉ាត់ រហូត​ដល់​សមុទ្រ​អារ៉ា‌បា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ថ្លែង​តាម​រយៈ​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្យាការី​យ៉ូណាស ជា​កូន​របស់​លោក​អមី‌ថាយ ជា​អ្នក​ស្រុក​កាថ-‌ហេភើរ។ 26ព្រះ‌អម្ចាស់​ទត​ឃើញ​អ៊ីស្រា‌អែល​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ធ្ងន់‌ធ្ងរ គឺ​ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ហើយ​គ្មាន​នរណា​ម្នាក់​សង្គ្រោះ​ពួក​គេ​ឡើយ។ 27ព្រះ‌អម្ចាស់​ពុំ​សព្វ​ព្រះ‌ហឫទ័យ​លុប​ឈ្មោះ​អ៊ីស្រា‌អែល​ឲ្យ​បាត់​ពី​ផែនដី​ទេ។ ដូច្នេះ ព្រះអង្គ​សង្គ្រោះ​ប្រជា‌ជន​នេះ តាម​រយៈ​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស។
28រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ការ​វាយ​ដណ្ដើម​យក​ក្រុង​ដាម៉ាស និង​ក្រុង​ហា‌ម៉ាត់​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​យូដា មក​ដាក់​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ 29ព្រះ‌បាទ​យេរ៉ូ‌បោម​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌បាទ​សាការី ជា​បុត្រ ឡើង​ស្នង​រាជ្យ។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវតារក្សត្រ 14: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល