២ ពង្សាវតារក្សត្រ 11

11
ព្រះ‌នាង​អថា‌លា​ដណ្ដើម​អំណាច​នៅ​ក្រុង​យេរូ‌សាឡឹម
( របាក្សត្រ ២២.១០-១២)
1កាល​ព្រះ‌នាង​អថា‌លា ជា​មាតា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជ្រាប​ថា ព្រះ​រាជ‌បុត្រ​សោយ‌ទិវង្គត​ហើយ ព្រះ‌នាង​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​រាជ‌វង្សា‌នុវង្ស​ទាំង​អស់។ 2ពេល​នោះ ព្រះ‌នាង​យ៉ូសេ‌បា ជា​បុត្រី​របស់​ព្រះ‌បាទ​យ៉ូរ៉ាម និង​ជា​អនុជ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា បាន​យក​ព្រះអង្គ​ម្ចាស់​យ៉ូអាស ជា​បុត្រា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្ដេច​ដែល​ត្រូវ​គេ​សម្លាប់​នោះ​ទៅ​លាក់​ទុក។ ព្រះ‌នាង​នាំ​បុត្រ​នោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ​ក្នុង​ព្រះ‌វិហារ ព្រម​ទាំង​ឲ្យ​មេ​ដោះ​នៅ​ជា​មួយ​ផង។ គេ​បាន​លាក់​រាជ‌កុមារ​មិន​ឲ្យ​ព្រះ‌នាង​អថា‌លា​ឃើញ ដូច្នេះ រាជ‌កុមារ​ក៏​រួច​ពី​ស្លាប់។ 3ក្នុង​ពេល​ព្រះ‌នាង​អថា‌លា​គ្រង​រាជ្យ រាជ‌កុមារ​បាន​លាក់​ខ្លួន​ជា​មួយ​មេ​ដោះ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។
ព្រះ‌បាទ​យ៉ូអាស​ឡើង​គ្រង​រាជ្យ
( របាក្សត្រ ២៣.១-២១)
4លុះ​ដល់​ឆ្នាំ​ទី​ប្រាំ‌ពីរ លោក​បូជា‌ចារ្យ​យេ‌ហូ‌យ៉ា‌ដា​ចាត់​គេ​ទៅ​អញ្ជើញ​ពួក​នាយ​ទាហាន​ហ្លួង ដែល​ជា​ជន‌ជាតិ​ការី និង​ពល​ទាហាន​មក​ជួប​នឹង​លោក​នៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ លោក​បាន​ចុះ​កិច្ច‌សន្យា​ជា​មួយ​ពួក​គេ ព្រម​ទាំង​សុំ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រួច​លោក​នាំ​បុត្រា​របស់​ស្ដេច​មក​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ។ 5បន្ទាប់​មក លោក​បញ្ជា​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ: ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ* មួយ​ភាគ​បី​ត្រូវ​យាម​ដំណាក់​ស្ដេច 6មួយ​ភាគ​បី​ត្រូវ​យាម​នៅ​ត្រង់​មាត់​ទ្វារ​ស៊ើរ និង​មួយ​ភាគ​បី​ទៀត​ត្រូវ​យាម​នៅ​ទ្វារ​ខាង​ក្រោយ​កន្លែង​ប្រចាំ​ការ។ ក្រុម​ទាំង​បី​នេះ​ត្រូវ​ប្ដូរ​វេន​គ្នា​យាម​ព្រះ‌ដំណាក់។ 7រីឯ​អ្នក​រាល់​គ្នា​ពីរ​ក្រុម​ទៀត ដែល​មិន​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ត្រូវ​យាម​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ការពារ​ព្រះ​មហា‌ក្សត្រ។ 8អ្នក​រាល់​គ្នា​ត្រូវ​ប្រដាប់​អាវុធ​គ្រប់​ដៃ នៅ​ការពារ​ជុំ‌វិញ​មហា​ក្សត្រ។ បើ​នរណា​ម្នាក់​ហ៊ាន​ចូល​មក​ជិត​ជួរ​ទ័ព​របស់​អ្នក​រាល់​គ្នា ត្រូវ​សម្លាប់​ចោល។ ចូរ​នៅ​ជាប់​ជា​មួយ​ព្រះ‌មហា​ក្សត្រ​ជានិច្ច ទោះ​បី​ទ្រង់​យាង​ចេញ ឬ​ចូល​ក៏​ដោយ»។
9ពួក​មេ‌ទ័ព​នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ហើយ​ទៅ​ជួប​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ 10លោក​បូជា‌ចារ្យ​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ព្រះ‌បាទ​ដាវីឌ ដែល​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជូន​ពួក​មេ‌ទ័ព​ទាំង​នោះ។ 11ពល​ទាហាន​ប្រដាប់​អាវុធ​គ្រប់ៗ​ដៃ ឈរ​យាម​នៅ​មុខ​ព្រះ‌ដំណាក់ និង​នៅ​ជិត​អាសនៈ ចាប់​ពី​ប៉ែក​ខាង​ស្ដាំ​រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ព្រះ‌ដំណាក់ ដើម្បី​ការ‌ពារ​ព្រះ​មហា‌ក្សត្រ។ 12ពេល​នោះ លោក​បូជា‌ចារ្យ​យាង​ព្រះ​រាជ‌បុត្រ​របស់​ស្ដេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ថ្វាយ​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង រួច​គេ​ចាក់​ប្រេង​អភិ‌សេក​រាជ‌កុមារ​តែង‌តាំង​ជា​ស្ដេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយ‌ឃោស​ថា៖ «ជយោ! ព្រះ​មហា‌ក្សត្រ!»។
13កាល​ព្រះ‌នាង​អថា‌លា​ឮ​សម្រែក​ពល​ទាហាន និង​ប្រជា‌ជន ព្រះ‌នាង​ក៏​យាង​ទៅ​មើល​ពួក​គេ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់14 ព្រះ‌នាង​ទត​ឃើញ​ព្រះ​មហា‌ក្សត្រ​ថ្មី ឈរ​នៅ​លើ​វេទិកា តាម​ទំនៀម‌ទម្លាប់ ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ​សាទរ ហើយ​គេ​ក៏​ផ្លុំ​ត្រែ​ឡើង។ ព្រះ‌នាង​អថា‌លា​ហែក​ព្រះ‌ភូសា ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។ 15លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បញ្ជា​ពួក​មេ‌ទ័ព​ដែល​គ្រប់‌គ្រង​លើ​ពល​ទ័ព​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំទ្រ​ព្រះ‌នាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ទៀត​ថា៖ «មិន​ត្រូវ​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ!»។ 16គេ​ចាប់​ព្រះ‌នាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​ខ្លោង​ទ្វារ​សេះ គេ​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ទី​នោះ។
17លោក​យេហូ‌យ៉ាដា​ចង​សម្ពន្ធ‌មេត្រី​រវាង​ព្រះ‌អម្ចាស់ ព្រះ​មហា‌ក្សត្រ និង​ប្រជា‌រាស្ត្រ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់។ លោក​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​រវាង​ព្រះ​មហា‌ក្សត្រ និង​ប្រជា‌រាស្ត្រ​ដែរ។ 18ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ​បាល ហើយ​វាយ​កម្ទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់​លោក​ម៉ាត់‌ថាន ជា​បូជា‌ចារ្យ​របស់​ព្រះ​បាល​នៅ​មុខ​អាសនៈ​ទៀត​ផង។ លោក​យេហូ‌យ៉ាដា​បាន​ចាត់​ចែង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
19បន្ទាប់​មក លោក​នាំ​ពួក​មេ‌ទ័ព ពួក​នាយ​ទាហាន​ហ្លួង​ដែល​ជា​ជន‌ជាតិ​ការី និង​ពល​ទាហាន ព្រម​ទាំង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក ដង្ហែ​ព្រះ​មហា‌ក្សត្រ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចូល​វាំង តាម​ខ្លោង​ទ្វារ​នៃ​ពួក​អ្នក​យាម រួច​ហើយ​ព្រះ‌បាទ​យ៉ូអាស​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ។ 20ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អបអរ​សាទរ ហើយ​ទីក្រុង​ក៏​បាន​សុខ‌សាន្ត។ គេ​បាន​ប្រហារ​ជីវិត​ព្រះ‌នាង​អថា‌លា​នៅ​ក្នុង​វាំង។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវតារក្សត្រ 11: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល