២ កូរិនថូស 5:11-21

២ កូរិនថូស 5:11-21 គខប

ដោយ​យើង​បាន​ស្គាល់​ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ហើយ យើង​ក៏​ខិត‌ខំ​ណែ‌នាំ​មនុស្ស​លោក​ឲ្យ​ជឿ​ដែរ។ ព្រះ‌ជាម្ចាស់​ស្គាល់​ចិត្ត​យើង (ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​សតិ​សម្បជញ្ញៈ​របស់​បងប្អូន បងប្អូន​ក៏​ស្គាល់​ចិត្ត​យើង​ដែរ)។ យើង​មិន​តែង‌តាំង​ខ្លួន​ឯង​នៅ​ចំពោះ​មុខ​បងប្អូន​សា​ជា​ថ្មី​ទៀត​ទេ តែ​យើង​ជូន​ឱកាស​ឲ្យ​បងប្អូន​បាន​ខ្ពស់​មុខ ព្រោះ​តែ​យើង​វិញ ដើម្បី​ឲ្យ​បងប្អូន​អាច​ឆ្លើយ​តប​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន​តែ​ពី​អ្វីៗ​នៅ​ខាង​ក្រៅ ហើយ​មិន​គិត​ពី​អ្វីៗ​ក្នុង​ចិត្ត​ទេ។ ប្រសិន​បើ​គេ​ថា យើង​ជា​មនុស្ស​វង្វេង​ស្មារតី នោះ​យើង​វង្វេង​ស្មារតី ព្រោះ​តែ​ព្រះ‌ជាម្ចាស់ ហើយ​ប្រសិន​បើ​គេ​ថា យើង​ជា​មនុស្ស​ដឹង​ខុស​ត្រូវ នោះ​យើង​ដឹង​ខុស​ត្រូវ ព្រោះ​តែ​បងប្អូន ដ្បិត​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ត​បាន​ជំរុញ​យើង ដោយ​យើង​យល់​ឃើញ​ថា បើ​មនុស្ស​ម្នាក់​ស្លាប់​សម្រាប់​មនុស្ស​ទាំង​អស់ នោះ​មនុស្ស​ទាំង​អស់​ក៏​ដូច​ជា​បាន​ស្លាប់​ដែរ។ ព្រះអង្គ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មាន​ជីវិត​លែង​រស់​សម្រាប់​ខ្លួន​ឯង​ទៀត​ហើយ គឺ​រស់​សម្រាប់​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។ ដូច្នេះ ពី​ពេល​នេះ​ត​ទៅ យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​មនុស្ស​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រិស្ត​កាល​ព្រះអង្គ​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះអង្គ​តាម​របៀប​មុន​ទៀត​ឡើយ។ ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីតកាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។ ការ​ទាំង​នេះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយ‌សារ​ព្រះ‌គ្រិស្ត ហើយ​ប្រទាន​ឲ្យ​យើង​មាន​មុខងារ​សម្រុះ‌សម្រួល​មនុស្ស‌ម្នា​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ​ដែរ។ នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ព្រះ‌ជាម្ចាស់​បាន​សម្រុះ‌សម្រួល​មនុស្ស​លោក​ឲ្យ​ជា​នា​នឹង​ព្រះអង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ ព្រះអង្គ​ក៏​ដាក់​ព្រះ‌បន្ទូល​នៃ​ការ​សម្រុះ‌សម្រួល​នេះ​មក​ក្នុង​យើង​ដែរ។ ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រិស្ត គឺ​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដាស់​តឿន​បងប្អូន​តាម​រយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌គ្រិស្ត​ថា ទុក​ឲ្យ​ព្រះ‌ជាម្ចាស់​សម្រុះ‌សម្រួល​បងប្អូន​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ​ទៅ។ ព្រះ‌គ្រិស្ត​គ្មាន​បាប​ទាល់​តែ​សោះ តែ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​សុចរិត*​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 5:11-21