២ កូរិនថូស 11:1-6

២ កូរិនថូស 11:1-6 គខប

សូម​បងប្អូន​អត់‌ឱន​ឲ្យ​ខ្ញុំ​ផង ពេល​នេះ ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា សូម​អត់‌ឱន​ឲ្យ​ខ្ញុំ​ផង! ព្រោះ​ខ្ញុំ​ប្រច័ណ្ឌ បងប្អូន ដោយ​ចិត្ត​ប្រច័ណ្ឌ​មក​ពី​ព្រះ‌ជាម្ចាស់ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​បងប្អូន ឲ្យ​ធ្វើ​ជា​គូ​ដណ្ដឹង នឹង​ស្វាមី​តែ​មួយ​គត់ គឺ​ខ្ញុំ​នាំ​បងប្អូន​មក ដូច​ជា​នាំ​ក្រមុំ​ព្រហ្មចារី​យក​ទៅ​ថ្វាយ​ព្រះ‌គ្រិស្ត*។ ប៉ុន្តែ ខ្ញុំ​ក៏​បារម្ភ​ថា ពស់​បាន​ល្បួង​នាង​អេវ៉ា ដោយ​កល‌ល្បិច​របស់​វា​យ៉ាង​ណា ចិត្ត​គំនិត​របស់​បងប្អូន​បែរ​ទៅ​ជា​សៅ‌ហ្មង លះ‌បង់​ចិត្ត​ស្មោះ‌សរ និង​ចិត្ត​បរិសុទ្ធ* ចំពោះ​ព្រះ‌គ្រិស្ត​យ៉ាង​នោះ​ដែរ ព្រោះ​ថា​ពេល​មាន​នរណា​ម្នាក់​មក​ប្រកាស​អំពី​ព្រះ‌យេស៊ូ​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌យេស៊ូ​ដែល​យើង​ប្រកាស​នោះ ឬ​មួយ​បើ​បងប្អូន​ទទួល​វិញ្ញាណ​ណា​ផ្សេង ក្រៅ​ពី​ព្រះ‌វិញ្ញាណ​ដែល​បងប្អូន​បាន​ទទួល​ហើយ ឬ​ក៏​ដំណឹង‌ល្អ*​ណា​មួយ​ទៀត ក្រៅ​ពី​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ទទួល​នោះ បងប្អូន​ចេះ​តែ​អត់‌ឱន​ឲ្យ​គេ​យ៉ាង​ស្រួលៗ។ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​មែន​អន់​ជាង​អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​មហា​សាវ័ក​ទាំង​នោះ ត្រង់​កន្លែង​ណា​មួយ​ឡើយ ថ្វី‌ដ្បិត​តែ​ខ្ញុំ​មិន​សូវ​មាន​វោហារ​ក៏​ដោយ ផ្នែក​ខាង​ចំណេះ ខ្ញុំ​ក៏​មិន​អន់​ដែរ ដូច​យើង​ធ្លាប់​បាន​បង្ហាញ​ឲ្យ​បងប្អូន​ឃើញ​ក្នុង​គ្រប់​វិស័យ និង​គ្រប់​ពេល​វេលា​ស្រាប់​ហើយ។