២ កូរិនថូស 1:1-7

២ កូរិនថូស 1:1-7 គខប

ខ្ញុំ ប៉ូល ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ជា​សាវ័ក*​របស់​ព្រះគ្រិស្ត‌យេស៊ូ ខ្ញុំ និង​លោក​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​កូរិនថូស និង​ជម្រាប​មក​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ នៅ​ស្រុក​អាខៃ​ទាំង​មូល។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន!។ សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ ជា​អម្ចាស់​នៃ​យើង។ ព្រះអង្គ​ជា​ព្រះ‌បិតា​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ជា​ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់។ ព្រះអង្គ​សម្រាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​ឲ្យ​យើង​អាច​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ។ យើង​រួម​ទុក្ខ​លំបាក​ផ្សេងៗ​ជា​មួយ​ព្រះ‌គ្រិស្ត​កាន់​តែ​ច្រើន​យ៉ាង​ណា យើង​ក៏​បាន​ធូរ​ស្រាល​ពី​ទុក្ខ​តាម​រយៈ​ព្រះ‌គ្រិស្ត​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។ បើ​យើង​ត្រូវ​រង​ទុក្ខ​វេទនា គឺ​ដើម្បី​ឲ្យ​ព្រះអង្គ​សម្រាល​ទុក្ខ និង​សង្គ្រោះ​បងប្អូន។ បើ​យើង​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ហើយ​នោះ គឺ​ដើម្បី​ឲ្យ​បងប្អូន​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ធ្វើ​ឲ្យ​បងប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ដូច​យើង​ដែរ។ ដូច្នេះ កាល​ណា​យើង​គិត​ពី​បងប្អូន យើង​មាន​សង្ឃឹម​យ៉ាង​មុត‌មាំ​ដោយ​ដឹង​ថា បងប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បងប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 1:1-7