ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ ចប់សព្វគ្រប់។ បន្ទាប់មក ស្ដេចនាំយកវត្ថុអំពីមាសប្រាក់ និងគ្រឿងប្រដាប់ផ្សេងៗទៀត ដែលព្រះបាទដាវីឌ ជាបិតា បានញែកថ្វាយព្រះអម្ចាស់មកទុកក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះជាម្ចាស់។ គ្រានោះ ព្រះបាទសាឡូម៉ូនបានអញ្ជើញពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេដឹកនាំកុលសម្ព័ន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឲ្យមកក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ពីបុរីព្រះបាទដាវីឌ គឺក្រុងស៊ីយ៉ូន មកព្រះដំណាក់។ ពេលនោះ ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមកគាល់ព្រះរាជា ដើម្បីចូលរួមក្នុងពិធីបុណ្យនៅខែទីប្រាំពីរ ។ កាលព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលអញ្ជើញមកដល់ហើយ ពួកលេវីក៏នាំគ្នាសែងហិប។ ពួកគេដង្ហែហិបនៃសម្ពន្ធមេត្រី ព្រមទាំងពន្លាជួបព្រះអម្ចាស់ និងវត្ថុសក្ការៈទាំងប៉ុន្មានដែលស្ថិតនៅក្នុងពន្លា មកជាមួយដែរ ពួកបូជាចារ្យលេវីជាអ្នកសែង។ ព្រះបាទសាឡូម៉ូន និងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលស្ដេចបានអញ្ជើញឲ្យមកនោះ នាំគ្នាឈរនៅមុខហិបសម្ពន្ធមេត្រី ហើយយកចៀម និងគោ យ៉ាងច្រើនឥតគណនា ថ្វាយជាយញ្ញបូជា។ ពួកបូជាចារ្យសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ទៅតម្កល់ត្រង់កន្លែងដែលគេបម្រុងទុក ក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីសក្ការៈបំផុត នៅក្រោមស្លាបរបស់ចេរូប៊ីន។ ចេរូប៊ីនទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។ ឈើស្នែងទាំងនោះវែង គេអាចមើលឃើញចុងរបស់វាពីទីសក្ការៈ ដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅ គេពុំអាចមើលឃើញឡើយ។ ហិបនៃសម្ពន្ធមេត្រីស្ថិតនៅទីនោះ រហូតដល់សព្វថ្ងៃ។ ក្នុងហិបគ្មានអ្វីក្រៅពីថ្មពីរបន្ទះ ដែលលោកម៉ូសេបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលលោកទទួលនៅភ្នំហោរែប កាលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។ ពួកបូជាចារ្យក៏ចេញពីទីសក្ការៈមកវិញ។ ពួកបូជាចារ្យទាំងអស់ដែលមានវត្តមាននៅទីនោះ បានធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ ដោយពុំគិតពីក្រុមរបស់ខ្លួនឡើយ។ រីឯពួកលេវី ជាអ្នកចម្រៀង មានលោកអេសាភ លោកហេម៉ាន លោកយេឌូថិន ព្រមទាំងកូនចៅ និងបងប្អូនក្នុងអំបូររបស់ពួកគេ សុទ្ធតែស្លៀកពាក់ក្រណាត់ទេសឯក ហើយកាន់ស្គរ ឃឹម និងពិណ ឈរនៅខាងកើតអាសនៈ។ មានបូជាចារ្យមួយរយម្ភៃនាក់ឈរនៅជាមួយក្រុមចម្រៀង ទាំងផ្លុំត្រែផង។ ក្រុមអ្នកផ្លុំត្រែ និងក្រុមចម្រៀង នាំគ្នាប្រគំជាបទភ្លេង និងបន្លឺសំឡេងច្រៀងព្រមគ្នា ដើម្បីសរសើរ និងលើកតម្កើងព្រះអម្ចាស់។ កាលសំឡេងត្រែ ស្គរ និងឧបករណ៍តន្ត្រីឯទៀតៗប្រគំឡើង ក្រុមចម្រៀងនាំគ្នាច្រៀងសរសើរព្រះអម្ចាស់ ដោយពាក្យថា «ព្រះអង្គជាព្រះដ៏ល្អសប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!» ស្រាប់តែមានពពកពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ដោយសារពពក ក្រុមបូជាចារ្យពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។
អាន ២ របាក្សត្រ 5
ស្ដាប់នូវ ២ របាក្សត្រ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ របាក្សត្រ 5:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ