២ របាក្សត្រ 5:1-14

២ របាក្សត្រ 5:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្ដេច​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​ទៀត ដែល​ព្រះ‌បាទ​ដាវីឌ ជា​បិតា បាន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់​មក​ទុក​ក្នុង​ឃ្លាំង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ពី​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​ក្រុង​ស៊ីយ៉ូន មក​ព្រះ‌ដំណាក់។ ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​មក​គាល់​ព្រះ‌រាជា ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នៅ​ខែ​ទី​ប្រាំ‌ពីរ ។ កាល​ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​អញ្ជើញ​មក​ដល់​ហើយ ពួក​លេវី​ក៏​នាំ​គ្នា​សែង​ហិប។ ពួក​គេ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី ព្រម​ទាំង​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​ក្នុង​ពន្លា មក​ជា​មួយ​ដែរ ពួក​បូជា‌ចារ្យ​លេវី​ជា​អ្នក​សែង។ ព្រះ‌បាទ​សាឡូម៉ូន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្ដេច​បាន​អញ្ជើញ​ឲ្យ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​សម្ពន្ធ‌មេត្រី ហើយ​យក​ចៀម និង​គោ យ៉ាង​ច្រើន​ឥត​គណនា ថ្វាយ​ជា​យញ្ញ‌បូជា។ ពួក​បូជា‌ចារ្យ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ទៅ​តម្កល់​ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក ក្នុង​ទីសក្ការៈ​របស់​ព្រះ‌ដំណាក់ គឺ​ក្នុង​ទីសក្ការៈ​បំផុត នៅ​ក្រោម​ស្លាប​របស់​ចេរូប៊ីន។ ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប​ពី​លើ​កន្លែង​តម្កល់​ហិប ដើម្បី​បាំង​ហិប និង​ឈើ​ស្នែង។ ឈើ​ស្នែង​ទាំង​នោះ​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​វា​ពី​ទីសក្ការៈ ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្ថិត​នៅ​ទី​នោះ រហូត​ដល់​សព្វ​ថ្ងៃ។ ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​លោក​ម៉ូសេ​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​លោក​ទទួល​នៅ​ភ្នំ​ហោរែប កាល​ព្រះ‌អម្ចាស់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​បូជា‌ចារ្យ​ក៏​ចេញ​ពី​ទីសក្ការៈ​មក​វិញ។ ពួក​បូជា‌ចារ្យ​ទាំង​អស់​ដែល​មាន​វត្ត‌មាន​នៅ​ទី​នោះ បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ ដោយ​ពុំ​គិត​ពី​ក្រុម​របស់​ខ្លួន​ឡើយ។ រីឯ​ពួក​លេវី ជា​អ្នក​ចម្រៀង មាន​លោក​អេ‌សាភ លោក​ហេ‌ម៉ាន លោក​យេឌូ‌ថិន ព្រម​ទាំង​កូន​ចៅ និង​បងប្អូន​ក្នុង​អំបូរ​របស់​ពួក​គេ សុទ្ធ​តែ​ស្លៀក​ពាក់​ក្រណាត់​ទេស‌ឯក ហើយ​កាន់​ស្គរ ឃឹម និង​ពិណ ឈរ​នៅ​ខាង​កើត​អាសនៈ។ មាន​បូជា‌ចារ្យ​មួយ​រយ​ម្ភៃ​នាក់​ឈរ​នៅ​ជា​មួយ​ក្រុម​ចម្រៀង ទាំង​ផ្លុំ​ត្រែ​ផង។ ក្រុម​អ្នក​ផ្លុំ​ត្រែ និង​ក្រុម​ចម្រៀង នាំ​គ្នា​ប្រគំ​ជា​បទ​ភ្លេង និង​បន្លឺ​សំឡេង​ច្រៀង​ព្រម​គ្នា ដើម្បី​សរសើរ និង​លើក​តម្កើង​ព្រះ‌អម្ចាស់។ កាល​សំឡេង​ត្រែ ស្គរ និង​ឧបករណ៍​តន្ត្រី​ឯ​ទៀតៗ​ប្រគំ​ឡើង ក្រុម​ចម្រៀង​នាំ​គ្នា​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ ដោយ​ពាក្យ​ថា «ព្រះអង្គ​ជា​ព្រះ​ដ៏​ល្អ​សប្បុរស ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!» ស្រាប់​តែ​មាន​ពពក​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ដោយ‌សារ​ពពក ក្រុម​បូជា‌ចារ្យ​ពុំ​អាច​បំពេញ​មុខងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។

២ របាក្សត្រ 5:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​សាឡូម៉ូន​ធ្វើ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា បាន​ធ្វើ​រួច​ជា​ស្រេច ហើយ​ទ្រង់​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​ដាវីឌ ជា​បិតា​បាន​ថ្វាយ​ទាំង​ប្រាក់ ទាំង​មាស និង​គ្រឿង​ប្រដាប់​ទាំង​អស់ ចូល​ទៅ​ដាក់​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ។ បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​បាន​ប្រមូល​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​ទាំង​អស់ និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មក​ក្រុង​យេរូ‌សាឡិម ដើម្បី​នាំ​យក​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន​មក។ ដូច្នេះ ពួក​កូនចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ប្រមូល​គ្នា​មក​គាល់​ស្តេច នៅ​វេលា​បុណ្យ​ក្នុង​ខែ​ទី​ប្រាំពីរ។ ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​មក​ដែរ ហើយ​ពួក​លេវី​គេ​លើក​សែង​ហិប។ នាំ​យក​ទាំង​ហិប ត្រសាល​ជំនុំ និង​គ្រឿង​ប្រដាប់​បរិសុទ្ធ​ដែល​នៅ​ក្នុង​ត្រសាល​ទាំង​អស់​ឡើង​មក គឺ​ពួក​លេវី​ជា​សង្ឃ ដែល​សែង​យក​មក។ ព្រះបាទ​សាឡូម៉ូន និង​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​បាន​នាំ​គ្នា​មក​គាល់​ទ្រង់ គេ​នៅ​មុខ​ហិប ទាំង​ថ្វាយ​យញ្ញ‌បូជា ជា​ចៀម និង​គោ​យ៉ាង​សន្ធឹក ដែល​រាប់​ចំនួន​មិន​បាន។ បន្ទាប់​មក ពួក​សង្ឃ​នាំ​យក​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ចូល​ទៅ​កន្លែង​នៅ​ក្នុង​ទី​ទូល​សួរ​ដល់​ព្រះ​ក្នុង​ព្រះ‌វិហារ គឺ​ក្នុង​ល្វែង​បរិសុទ្ធ​បំផុត នៅ​ក្រោម​ស្លាប​ចេរូ‌ប៊ីម។ ចេរូ‌ប៊ីម​ទាំង​ពីរ​ត្រដាង​ស្លាប ពី​លើកន្លែង​សម្រាប់​ដាក់​ហិប ហើយ​ក៏​គ្រប​ពី​លើ​ហិប និង​ឈើ​ស្នែង។ ឈើ​ស្នែង​នោះ​វែង​ល្មម បាន​ជា​មើល​ពី​ត្រង់​ទី​ទូល​សួរ​ដល់​ព្រះ​ទៅ ឃើញ​ចុង​សង​ខាង​ចេញ​មក​ពី​ហិប តែ​ខាង​ក្រៅ​មិន​ឃើញ​ទេ ហើយ​ក៏​នៅ​ទី​នោះ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ រីឯ​នៅ​ក្នុង​ហិប ឥត​មាន​អ្វី​ទេ មាន​តែ​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​បាន​ដាក់ ពី​កាល​នៅ​ភ្នំ​ហោរែប​នៅ​ឡើយ គឺ​កាល​ព្រះ‌យេហូវ៉ា​បាន​តាំង​សេចក្ដី​សញ្ញា ជាមួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ កាល​ពួក​សង្ឃ​បាន​ចេញ ពី​ទី​បរិសុទ្ធ​មក​វិញ (ដ្បិត​ពួក​សង្ឃ​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ហើយ គេ​មិន​បាន​ចាំ​ធ្វើ​ការ‌ងារ​តាម​វេន​ទេ ឯ​ពួក​លេវី ជា​ពួក​អ្នក​ចម្រៀង​ទាំង​ប៉ុន្មាន គឺ​អេសាភ ហេម៉ាន យេឌូ‌ថិន ពួក​កូន​ចៅ និង​ពួក​បង‌ប្អូន គេ​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក​ទាំង​អស់​គ្នា ឈរ​នៅ​ខាង​កើត​អាស‌នា កាន់​ឈិង ពិណ និង​ស៊ុង ហើយ​មាន​ពួក​សង្ឃ​មួយរយ​ម្ភៃ​នាក់ ឈរ​ជា‌មួយ​កំពុង​តែ​ផ្លុំ​ត្រែ​ដែរ)។ នៅ​ខណៈ​នោះ កាល​ពួក​ផ្លុំ​ត្រែ និង​ពួក​ចម្រៀង គេ​ប្រគំ​ភ្លេង​ព្រម​គ្នា​ឮ​សំឡេង​តែ​មួយ ដើម្បី​លើក​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា គឺ​កាល​គេ​ឡើង​សំឡេង​ដោយ​ផ្លុំ​ត្រែ វាយ​ឈិង និង​លេង​ប្រដាប់​ភ្លេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា៖ «ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ នៅ​អស់​កល្ប​ជា‌និច្ច»។ ពេល​នោះ ស្រាប់​តែ​ព្រះ‌ដំណាក់របស់​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ពពក។ ដូច្នេះ ពួក​សង្ឃ​ពុំអាច​ឈរ​ធ្វើ​ការ‌ងារ​បាន​ឡើយ ដោយ​ព្រោះ​ពពក​នោះ ដ្បិត​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ។

២ របាក្សត្រ 5:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ការ​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​ធ្វើ សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា បាន​ធ្វើ​រួច​ជា​ស្រេច ហើយ​ទ្រង់​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់​បាន​ថ្វាយ​ទាំង​ប្រាក់​ទាំង​មាស នឹង​គ្រឿង​ប្រដាប់​ទាំង​អស់ ចូល​ទៅ​ដាក់​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ។ រួច​មក សាឡូម៉ូន​ទ្រង់​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​ពួក​ចៅហ្វាយ​នៃ​ពូជ​អំបូរ​ទាំង​អស់ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន​មក ដូច្នេះ បណ្តា​មនុស្ស​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​មូល​ព្រម​គ្នា​មក​ឯ​ស្តេច នៅ​វេលា​បុណ្យ​ក្នុង​ខែ​អស្សុជ ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ក៏​មក​ដែរ ហើយ​ពួក​លេវី​គេ​លើក​សែង​ហឹប នាំ​យក​ទាំង​ហឹប នឹង​ត្រសាល​ជំនុំ ហើយ​នឹង​គ្រឿង​ប្រដាប់​បរិសុទ្ធ​ដែល​នៅ​ក្នុង​ត្រសាល​ទាំង​អស់​ឡើង​មក គឺ​ជា​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​សែង​យក​មក​នោះ ឯ​ស្តេច​សាឡូម៉ូន នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​បាន​មូល​គ្នា​មក​ឯ​ទ្រង់ គេ​នៅ​មុខ​ហឹប ទាំង​ថ្វាយ​យញ្ញ‌បូជា ជា​ចៀម នឹង​គោ​យ៉ាង​សន្ធឹក ដែល​នឹង​រាប់​ចំនួន​មិន​បាន រួច​ពួក​សង្ឃ​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ចូល​ទៅ​ឯ​កន្លែង​នៅ​ក្នុង​ទី​ទូល​សួរ​ដល់​ព្រះ​ក្នុង​ព្រះ‌វិហារ គឺ​ក្នុង​ល្វែង​បរិសុទ្ធ​បំផុត នៅ​ក្រោម​ស្លាប​នៃ​ចេរូប៊ីន ពី​ព្រោះ​ចេរូប៊ីន​ទាំង​២​ត្រដាង​ស្លាប ពី​លើ​កន្លែង​សំរាប់​ដាក់​ហឹប ហើយ​ក៏​គ្រប​ពី​លើ​ហឹប នឹង​ឈើ​ស្នែង ឯ​ឈើ​ស្នែង​នោះ​វែង​ល្មម បាន​ជា​មើល​ពី​ត្រង់​ទី​ទូល​សួរ​ដល់​ព្រះ​ទៅ ឃើញ​ចុង​សង​ខាង​ចេញ​មក​ពី​ហឹប តែ​ខាង​ក្រៅ​មិន​ឃើញ​ទេ ហើយ​ក៏​នៅ​ទី​នោះ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ រីឯ​នៅ​ក្នុង​ហឹប ឥត​មាន​អ្វី​ទេ មាន​តែ​បន្ទះ​ថ្ម​២​ផ្ទាំង​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​បាន​ដាក់ ពី​កាល​នៅ​ភ្នំ​ហោរែប​នៅ​ឡើយ គឺ​កាល​ព្រះ‌យេហូវ៉ា ទ្រង់​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល នៅ​គ្រា​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ រួច​កាល​ពួក​សង្ឃ​បាន​ចេញ ពី​ទី​បរិសុទ្ធ​មក​វិញ (ដ្បិត​ពួក​សង្ឃ​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ហើយ គេ​មិន​បាន​ចាំ​ធ្វើ​ការ‌ងារ​តាម​វេន​ទេ ឯ​ពួក​លេវី ជា​ពួក​អ្នក​ចំរៀង​ទាំង​ប៉ុន្មាន គឺ​អេសាភ ហេម៉ាន នឹង​យេឌូថិន ព្រម​ទាំង​ពួក​កូន​ចៅ នឹង​ពួក​បង​ប្អូន គេ​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក​ទាំង​អស់​គ្នា ឈរ​នៅ​ខាង​កើត​អាសនា កាន់​ឈឹង ពិណ នឹង​ស៊ុង ហើយ​មាន​ពួក​សង្ឃ​១២០​នាក់ ឈរ​ជា​មួយកំពុង​តែ​ផ្លុំ​ត្រែ​ដែរ) នៅ​ខណ​នោះ កាល​ពួក​ផ្លុំ​ត្រែ នឹង​ពួក​ចំរៀង គេ​ប្រគំ​ភ្លេង​ព្រម​គ្នា​ឮ​សំឡេង​តែ​១ ដើម្បី​លើក​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា គឺ​កាល​គេ​ឡើង​សំឡេង​ដោយ​ផ្លុំ​ត្រែ វាយ​ឈឹង ហើយ​លេង​ប្រដាប់​ភ្លេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ សេចក្ដី​សប្បុរស​ទ្រង់​នៅ​អស់‌កល្ប​ជានិច្ច នោះ​ស្រាប់​តែ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ពពក ដល់​ម៉្លេះ​បាន​ជា​ពួក​សង្ឃ​ឈរ​ធ្វើ​ការ‌ងារ​មិន​បាន ដោយ​ព្រោះ​ពពក​នោះ ដ្បិត​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ។