២ របាក្សត្រ 4
4
1 ស្ដេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្ដោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកម្ពស់ដប់ហត្ថ។
អាងធំពីលង្ហិន
(១ ពង្សាវតារក្សត្រ ៧.២៣-២៦)
2ស្ដេចឲ្យគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកម្ពស់ប្រាំហត្ថ និងរង្វង់ជុំវិញសាមសិបហត្ថ។ 3នៅក្រោមគែមមាត់អាង មានសិតរូបគោពីរជួរ គឺក្នុងប្រវែងមួយហត្ថ មានសិតរូបគោដប់ព័ទ្ធជុំវិញអាង។ រូបគោទាំងពីរជួរនោះសិតជាប់ជាមួយអាង។ 4អាងនោះទ្រដោយរូបគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ រីឯខ្លួនវាបែរចូលក្នុងដើម្បីទ្រអាង។ 5អាងនេះមានកម្រាស់មួយទះ មាត់របស់វារីកដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណ ៣ ០០០ អម្រែក។
6 ស្ដេចឲ្យគេធ្វើអាងពីលង្ហិនចំនួនដប់ទៀត ហើយដាក់ប្រាំនៅខាងស្ដាំ និងប្រាំនៅខាងឆ្វេងសម្រាប់ធ្វើពិធីជម្រះ និងលាងសត្វទាំងប៉ុន្មានដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល រីឯពួកបូជាចារ្យត្រូវធ្វើពិធីជម្រះកាយក្នុងអាងធំធ្វើពីលង្ហិនវិញ។
បញ្ជីរបស់របរដែលលោកហ៊ីរ៉ាមបានធ្វើ
(១ ពង្សាវតារក្សត្រ ៧.៤០-៥១)
7 ស្ដេចឲ្យគេធ្វើជើងចង្កៀងអំពីមាសចំនួនដប់ តាមក្បួនតម្រាស្ដីអំពីជើងចង្កៀងនេះ រួចយកទៅដាក់នៅក្នុងព្រះវិហារ ជើងចង្កៀងប្រាំនៅខាងស្ដាំ និងប្រាំទៀតនៅខាងឆ្វេង។ 8ស្ដេចឲ្យគេធ្វើតុចំនួនដប់សម្រាប់ដាក់ក្នុងព្រះវិហារ គឺតុប្រាំនៅខាងស្ដាំ និងប្រាំនៅខាងឆ្វេង។ ស្ដេចក៏ឲ្យគេធ្វើផើងដាក់ឈាមពីមាសចំនួនមួយរយដែរ។ 9ស្ដេចឲ្យគេធ្វើទីលានមួយ សម្រាប់ពួកបូជាចារ្យ និងទីធ្លាយ៉ាងធំមួយទៀត ព្រមទាំងមានទ្វារផង ហើយសន្លឹកទ្វារទាំងនោះមានស្រោបលង្ហិន។ 10រីឯអាងធំ ស្ដេចបានឲ្យគេតម្កល់នៅខាងស្ដាំព្រះដំណាក់ ត្រង់ទិសអាគ្នេយ៍។
11កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ កិច្ចការទាំងអស់ដែលលោកធ្វើថ្វាយព្រះបាទសាឡូម៉ូន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក៏បានចប់សព្វគ្រប់ 12គឺមានសសរពីរ ក្បាលសសររាងមូលទាំងពីរ ដែលស្ថិតនៅខាងចុងសសរ ព្រមទាំងក្បាច់ក្រឡាសំណាញ់ពីរ សម្រាប់គ្របពីលើក្បាលសសរនៅខាងលើសសរ 13ក្បាច់ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាសំណាញ់ទាំងពីរ គឺផ្លែទទឹមពីរជួរ សម្រាប់ភ្ជាប់នឹងក្រឡាសំណាញ់នីមួយៗ ដែលគ្របពីលើក្បាលសសរនៅខាងលើសសរ។ 14លោកហ៊ីរ៉ាមក៏បានធ្វើរទេះ និងអាងដាក់លើរទេះទាំងនោះ 15អាងធំ និងរូបគោចំនួនដប់ពីរសម្រាប់ទ្រអាង 16ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងសមសម្រាប់ចាក់សាច់។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ីរ៉ាមធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ដាក់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សុទ្ធតែធ្វើអំពីលង្ហិន ដែលខាត់យ៉ាងរលោង។ 17ស្ដេចឲ្យគេសិតគ្រឿងប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ ត្រង់ចន្លោះសិកូត និងសារថាន។ 18ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហេតុនេះ គេពុំអាចគិតពីទម្ងន់លង្ហិនបានទេ។
19ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់ផ្សេងទៀត អំពីមាសសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមាន អាសនៈមាស តុសម្រាប់តម្កល់នំបុ័ងថ្វាយព្រះអម្ចាស់ 20ជើងចង្កៀង និងចង្កៀងធ្វើអំពីមាសសុទ្ធ ដែលត្រូវដុតតាមក្បួនតម្រានៅមុខទីសក្ការៈ។ 21ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដ៏សុទ្ធបំផុតដែរ។ 22កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ធ្វើអំពីមាសសុទ្ធទាំងអស់។ រីឯសន្លឹកទ្វារប៉ែកខាងក្នុងរបស់ព្រះដំណាក់ សម្រាប់ចូលទៅក្នុងទីសក្ការៈបំផុត និងសន្លឹកទ្វារចូលព្រះដំណាក់សុទ្ធតែធ្វើពីមាស។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.