២ របាក្សត្រ 32

32
ព្រះចៅ​សាន‌ហេ‌រីប​ឈ្លាន‌ពាន​អាណា‌ចក្រ​យូដា
(២ពង្ស ១៨.១៣; អស ៣៦.១)
1ក្រោយ​ពេល​ដែល​ព្រះ‌បាទ​ហេ‌សេគា​សម្តែង​ភក្ដី‌ភាព​ចំពោះ​ព្រះ‌ជាម្ចាស់​នោះ​មក ព្រះ‌ចៅ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​លុក‌លុយ​ស្រុក​យូដា ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ ព្រម​ទាំង​បញ្ជា​ឲ្យ​កង‌ទ័ព​វាយ​សម្រុក​ក្រុង​ទាំង​នោះ​ទៀត​ផង។ 2កាល​ព្រះ‌បាទ​ហេ‌សេគា ឃើញ​ព្រះចៅ​សាន‌ហេ‌រីប លើក​ទ័ព​មក​បម្រុង​នឹង​វាយ​លុក​ក្រុង​យេរូ‌សាឡឹម 3ស្ដេច​ក៏​ប្រជុំ​ពិភាក្សា​ជា​មួយ​ពួក​មេ‌ទ័ព និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ស្ដេច ដើម្បី​សម្រេច​បិទ​ប្រភព​ទឹក​ដែល​នៅ​ខាង​ក្រៅ​ទីក្រុង។ ពួក​គេ​គាំ‌ទ្រ​ស្ដេច 4ហើយ​ប្រមូល​ប្រជា‌ជន​ជា​ច្រើន​មក​ជួប‌ជុំ​គ្នា រួច​បិទ​ប្រភព​ទឹក​ទាំង​អស់ ព្រម​ទាំង​ទប់​ប្រឡាយ​ដែល​បង្ហូរ​ទឹក​នៅ​តំបន់​នោះ​ផង ។ ពួក​គេ​គិត​គ្នា​ថា៖ «ពេល​ពួក​អាស្ស៊ីរី​មក​ដល់ គេ​មុខ​ជា​ខ្វះ​ទឹក​ពុំ‌ខាន»។
5ព្រះ‌បាទ​ហេ‌សេគា​ពង្រឹង​ទីក្រុង ដោយ​ជួស‌ជុល​កំពែង​ត្រង់​កន្លែង​ដែល​បាក់​បែក ស្ដេច​លើក​ប៉ម​កំពែង​ឲ្យ​កាន់​តែ​ខ្ពស់ ព្រម​ទាំង​សង់​កំពែង​មួយ​ជាន់​ទៀត​ពី​ខាង​ក្រៅ ហើយ​ជួស‌ជុល​ប៉ម​មីឡូ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ស្ដេច​ក៏​រក​បាន​អាវុធ និង​ខែល​មួយ​ចំនួន​ធំ​ដែរ។ 6ស្ដេច​ចាត់​តាំង​មេ‌ទ័ព​ឲ្យ​ធ្វើ​ជា​មេ​បញ្ជា‌ការ​លើ​ប្រជា‌ជន ហើយ​ស្ដេច​ត្រាស់​ហៅ​ពួក​គេ​ឲ្យ​ប្រជុំ​គ្នា នៅ​ព្រលាន​ជិត​ទ្វារ​ក្រុង រួច​មាន​រាជ‌ឱង្ការ​លើក​ទឹក​ចិត្ត​ពួក​គេ​ថា៖ 7«ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​អាស្ស៊ីរី និង​កង‌ទ័ព​ដ៏​ច្រើន​កុះ‌ករ​របស់​គេ​ឡើយ ដ្បិត​នៅ​ខាង​យើង​មាន​កម្លាំង​ជាង​ពួក​គេ។ 8ខាង​ស្ដេច​ស្រុក​អាស្ស៊ីរី​មាន​តែ​កម្លាំង​មនុស្ស​លោក​ប៉ុណ្ណោះ រីឯ​ខាង​យើង​វិញ យើង​មាន​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ព្រះអង្គ​នឹង​ជួយ​គាំ‌ទ្រ​យើង​នៅ​ពេល​ប្រយុទ្ធ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ទុក​ចិត្ត​លើ​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។
ការ​គំរាម​កំហែង​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​មក​លើ​ក្រុង​យេរូ‌សាឡឹម
(២ពង្ស ១៨.១៧-៣៧; អស ៣៦.២-២២)
9បន្ទាប់​មក ព្រះ‌ចៅ​សាន‌ហេ‌រីប ស្ដេច​ស្រុក​អាស្ស៊ីរី ចាត់​រាជ​បម្រើ​ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ក្នុង​ពេល​ដែល​ស្ដេច​គង់​នៅ​ក្បែរ​ក្រុង​ឡាគីស​ជា​មួយ​កង‌ទ័ព​ទាំង​អស់។ ស្ដេច​បាន​ចាត់​ពួក​គេ​ឲ្យ​មក​ជួប​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា និង​ប្រជា‌ជន​យូដា​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រកាស​ដូច​ត​ទៅ៖ 10«ព្រះ‌ចៅ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ជា​បង្អែក​បាន​ជា​ទ្រាំ​លំបាក នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​បែប​នេះ?”។ 11ស្ដេច​ហេ‌សេគា​បញ្ឆោត​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក គឺ​ស្ដេច​ប្រាប់​ថា “ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​មិន​ខាន”។ 12ស្ដេច​ហេ‌សេគា​ហ្នឹង​ហើយ ដែល​បាន​បំផ្លាញ​ទីសក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​កម្ទេច​អាសនៈ​របស់​ព្រះ‌អម្ចាស់ រួច​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម គោរព​ថ្វាយ‌បង្គំ​អាសនៈ​តែ​មួយ ហើយ​ដុត​គ្រឿង​ក្រអូប​តែ​លើ​អាសនៈ​មួយ​នោះ! 13អ្នក​រាល់​គ្នា​ដឹង​ទេ ឬ​ថា តើ​យើង និង​ដូនតា​របស់​យើង​ប្រព្រឹត្ត​បែប​ណា ចំពោះ​ជាតិ​សាសន៍​ដទៃ​ទៀត​លើ​ផែនដី​នេះ? តើ​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឬ​ទេ? 14ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ដូនតា​របស់​យើង​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ​របស់​យើង​នោះ គ្មាន​ព្រះ​ណា​មួយ​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ។ រីឯ​ព្រះ​របស់​អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ! 15ដូច្នេះ មិន​ត្រូវ​ឲ្យ​ស្ដេច​ហេ‌សេគា​បញ្ឆោត​អ្នក​រាល់​គ្នា នៅ​ពេល​នេះ កុំ​ជឿ​សម្ដី​របស់​ស្ដេច​បែប​នេះ​ឡើយ! ដ្បិត​គ្មាន​ព្រះ​របស់​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង ឬ​ដូនតា​របស់​យើង​បាន​ឡើយ។ ដូច្នេះ ព្រះ​ទាំង‌ឡាយ​របស់​អ្នក​រាល់​គ្នា ក៏​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។
16រាជ​បម្រើ​របស់​ព្រះចៅ​សាន‌ហេ‌រីប​ចេះ​តែ​នាំ​គ្នា​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជា‌អម្ចាស់ និង​ប្រមាថ​ព្រះ‌បាទ​ហេ‌សេគា ជា​អ្នក​បម្រើ​របស់​ព្រះអង្គ បន្ត​ទៅ​ទៀត។
ព្រះចៅ​សាន‌ហេ‌រីប​ប្រមាថ​ព្រះ‌អម្ចាស់
(២ពង្ស ១៩.១៤-១៩; អស ៣៧.១៤-២០)
17ស្ដេច​ស្រុក​អាស្ស៊ីរី​សរសេរ​លិខិត​មួយ ដើម្បី​ប្រមាថ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ក្នុង​លិខិត​នោះ ស្ដេច​ថ្លែង​ថា៖ «ព្រះ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជាតិ​នានា​នៅ​ផែនដី​នេះ មិន​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ។ ដូច្នេះ ព្រះ​របស់​ស្ដេច​ហេ‌សេគា​ក៏​ពុំ​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។
18រាជ​បម្រើ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​នាំ​គ្នា​ស្រែក​ប្រកាស​យ៉ាង​ខ្លាំងៗ​ជា​ភាសា​យូដា ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​ស្ថិត​នៅ​តាម​កំពែង​ក្រុង​យេរូ‌សាឡឹម​ព្រឺ​ខ្លាច និង​ភ័យ​តក់‌ស្លុត ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ចូល​វាយ​យក​ទីក្រុង។ 19ពួក​គេ​និយាយ​ពី​ព្រះ​នៃ​ក្រុង​យេរូ‌សាឡឹម ហាក់​ដូច​ជា​និយាយ​ពី​ព្រះ​របស់​ជាតិ​សាសន៍​នានា​នៅ​ផែនដី ដែល​សុទ្ធ‌សឹង​ជា​ស្នា‌ដៃ​របស់​មនុស្ស។
ជន‌ជាតិ​អាស្ស៊ីរី​បាក់​ទ័ព ព្រះចៅ​សាន‌ហេ‌រីប​សោយ​ទិវង្គត
(២ពង្ស ១៩.១៥, ៣៥-៣៧; អស ៣៧.១៥, ៣៦-៣៨)
20ព្រះ‌បាទ​ហេ‌សេគា និង​ព្យាការី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ុស បាន​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ដើម្បី​សូម​ព្រះអង្គ​ជួយ។ 21ពេល​នោះ ព្រះ‌អម្ចាស់​ចាត់​ទេវតា​មួយ​រូប ឲ្យ​មក​ប្រល័យ​ជីវិត​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​មេ​បញ្ជា‌ការ និង​ពួក​មេ‌ទ័ព នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី។ ស្ដេច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​អាម៉ាស់​មុខ។ ស្ដេច​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ស្ដេច ហើយ​ពេល​នោះ បុត្រ​បង្កើត​របស់​ស្ដេច​នាំ​គ្នា​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ។
22 ព្រះ‌អម្ចាស់​បាន​រំដោះ​ព្រះ‌បាទ​ហេ‌សេគា និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី និង​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ហើយ​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​គ្រប់​ទិស‌ទី។ 23មនុស្ស‌ម្នា​ជា​ច្រើន​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​យក​របស់​ផ្សេង​ទៀត​មក​ថ្វាយ​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​ដែរ ដ្បិត​ចាប់​ពី​ពេល​នោះ​មក ប្រជា‌ជាតិ​ទាំង​អស់​គោរព​រាប់​អាន​ស្ដេច​គ្រប់ៗ​គ្នា។
ចុង​រជ្ជ‌កាល​ព្រះ‌បាទ​ហេ‌សេគា
(២ពង្ស ២០.១-២១; អស ៣៨.១-៨, ៣៩)
24នៅ​គ្រា​នោះ ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ស្ដេច​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អម្ចាស់​តប​មក​វិញ ដោយ​ប្រទាន​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ។ 25ប៉ុន្តែ ព្រះ‌បាទ​ហេ‌សេគា​ពុំ​បាន​ដឹង​គុណ​ព្រះ‌ជាម្ចាស់ ដែល​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ស្ដេច​ទេ គឺ​ស្ដេច​មាន​ចិត្ត​អួត​បំប៉ោង ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​ស្ដេច ព្រម​ទាំង​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។ 26ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​ដឹង​ខ្លួន​ខុស ស្ដេច​ក៏​សារ‌ភាព​កំហុស​ជា​មួយ​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម។ ដូច្នេះ ព្រះ‌អម្ចាស់​ពុំ​បាន​ដាក់​ទោស​គេ ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហេ‌សេគា​នៅ​មាន​ព្រះ‌ជន្ម​ឡើយ។
27ព្រះ‌បាទ​ហេ‌សេគា​ទទួល​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន។ ស្ដេច​បាន​សង់​ឃ្លាំង​សម្រាប់​ទុក​ប្រាក់ មាស ត្បូង​ពេជ្រ គ្រឿង​ក្រអូប ខែល និង​វត្ថុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។ 28ស្ដេច​ក៏​សង់​ឃ្លាំង​សម្រាប់​ផ្ទុក​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង ព្រម​ទាំង​ក្រោល​សម្រាប់​សត្វ​ពាហនៈ​គ្រប់​មុខ និង​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម។ 29ស្ដេច​បាន​សង់​ក្រុង​ផ្សេងៗ ហើយ​ស្ដេច​មាន​ហ្វូង​សត្វ​ជា​ច្រើន គឺ​ហ្វូង​គោ និង​ហ្វូង​ចៀម ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្ដុក‌ស្ដម្ភ​បំផុត។ 30ព្រះ‌បាទ​ហេ‌សេគា​ក៏​បាន​ទប់​ប្រភព​ទឹក​គីហូន​ប៉ែក​ខាង​លើ ហើយ​បំបែរ​ផ្លូវ​ទឹក​ចុះ​ទៅ​ខាង​លិច​ក្នុង​បុរី​ព្រះ‌បាទ​ដាវីឌ។ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ហេ‌សេគា​ធ្វើ សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។ 31ប៉ុន្តែ នៅ​គ្រា​ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ចាត់​ទូត​ឲ្យ​មក ដើម្បី​សួរ​ដំណឹង​អំពី​ឫទ្ធិ‌បាដិ‌ហារិយ៍ ដែល​កើត​មាន​នៅ​ក្នុង​ស្រុក ព្រះ‌ជាម្ចាស់​បាន​បោះ​បង់​ចោល​ព្រះ‌បាទ​ហេ‌សេគា ដើម្បី​ល្បង‌ល​មើល​ថា តើ​ស្ដេច​មាន​ព្រះ‌ហឫទ័យ​យ៉ាង​ណា។
32រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ហេ‌សេគា និង​ភក្ដី‌ភាព​របស់​ស្ដេច​ចំពោះ​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​និមិត្ត‌ហេតុ​របស់​ព្យាការី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ូស ព្រម​ទាំង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ 33ពេល​ព្រះ‌បាទ​ហេ‌សេគា​សោយ​ទិវង្គត គេ​បាន​បញ្ចុះ​សព​ស្ដេច​ត្រង់​កន្លែង​ដែល​ខ្ពស់​ជាង​គេ ក្នុង​ទី​បញ្ចុះ​របស់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​គោរព​ស្ដេច នៅ​ពេល​ដែល​ស្ដេច​សោយ​ទិវង្គត។ ព្រះ‌បាទ​ម៉ាណា‌សេ​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

ទើបបានជ្រើសរើសហើយ៖

២ របាក្សត្រ 32: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល