២ របាក្សត្រ 31

31
ព្រះ‌បាទ​ហេ‌សេគា​រៀបចំ​មុខងារ​បូជា‌ចារ្យ​ឡើង​វិញ
1លុះ​ធ្វើ​ពិធី​បុណ្យ​ចប់​សព្វ​គ្រប់​ហើយ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​បាន​មក​ចូល​រួម នាំ​គ្នា​ចេញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​កម្ទេច​ស្តូប រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​ទាំង‌ឡាយ​ដែល​មាន​នៅ​ក្នុង​ទឹក​ដី​យូដា និង​បេន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​ទឹក​ដី​អេប្រាអ៊ីម និង​ម៉ាណា‌សេ។ បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន តាម​ក្រុង​នានា​វិញ។
2ព្រះ‌បាទ​ហេ‌សេគា​បាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​តាម​ជាន់​ថ្នាក់ ឲ្យ​បំពេញ​មុខងារ​របស់​គេ​រៀងៗ​ខ្លួន​វិញ គឺ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ដែល​បំពេញ​មុខងារ​ថ្វាយ​តង្វាយ​ដុត*​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ព្រម​ទាំង​អ្នក​ដែល​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ អ្នក​ចម្រៀង​សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់ និង​អ្នក​យាម​ទ្វារ​ពន្លា​របស់​ព្រះ‌អម្ចាស់3 ព្រះ‌រាជា​បាន​យក​រាជ‌ទ្រព្យ​មួយ​ចំណែក សម្រាប់​បង់​ចំណាយ​ទៅ​លើ​តង្វាយ​ដុត​ទាំង​មូល ដែល​ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ* នៅ​បុណ្យ​ដើម​ខែ និង​បុណ្យ​ដ៏​សំខាន់ៗ​ផ្សេង​ទៀត ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់
4 ព្រះ‌រាជា​បង្គាប់​ប្រជា‌ជន និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រគល់​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ទៅ​ពួក​គេ ធ្វើ​ដូច្នេះ ពួក​គេ​មិន​ខ្វល់​ខ្វាយ​នឹង​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​គិត​ដល់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់5ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទទួល​បញ្ជា​របស់​ស្ដេច​ហើយ ពួក​គេ​នាំ​យក​ផល​ដំបូង​នៃ​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង ទឹក​ឃ្មុំ និង​ផល​ដំណាំ​ផ្សេងៗ​ទៀត​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ពួក​គេ​ក៏​នាំ​យក​មួយ​ភាគ​ដប់​នៃ​អ្វីៗ​ដែល​ខ្លួន​មាន មក​ថ្វាយ​យ៉ាង​បរិបូណ៌​ដែរ ។ 6កូន​ចៅ​អ៊ីស្រា‌អែល និង​កូន​ចៅ​យូដា​ដែល​រស់​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា បាន​នាំ​គោ និង​ចៀម មក​ថ្វាយ​ជា​តង្វាយ​មួយ​ភាគ​ដប់ ហើយ​គេ​ក៏​យក​អ្វីៗ​ទាំង​អស់ ដែល​ញែក​ជា​សក្ការៈ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ខ្លួន មក​ថ្វាយ​ជា​តង្វាយ​មួយ​ភាគ​ដប់​ដែរ។ គេ​ដាក់​តង្វាយ​ទាំង​នោះ​ជា​ច្រើន​គំនរ។ 7គេ​បាន​ចាប់​ផ្ដើម​ប្រមូល​តង្វាយ​មក​ដាក់​ជា​គំនរ ចាប់​ពី​ខែ​ទី​បី រហូត​ដល់​ខែ​ទី​ប្រាំ‌ពីរ។ 8ព្រះ‌បាទ​ហេ‌សេគា និង​ពួក​មន្ត្រី មក​មើល​គំនរ​តង្វាយ​ទាំង​នោះ ហើយ​នាំ​គ្នា​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។
9ព្រះ‌បាទ​ហេ‌សេគា​សាក​សួរ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ស្ដី​អំពី​គំនរ​តង្វាយ​ទាំង​នោះ។ 10លោក​មហា‌បូជា‌ចារ្យ​អសា‌រា​ពី​អំបូរ​សាដុក ទូល​ស្ដេច​ថា៖ «ចាប់​ពី​ពេល​ប្រជា‌ជន​នាំ​តង្វាយ ដែល​គេ​បាន​ញែក​ទុក មក​ដាក់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នោះ​យើង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ថែម​ទាំង​នៅ​សេស‌សល់​ជា​ច្រើន​ឥត​គណនា​ផង ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ អ្វីៗ​ដែល​គរ​នៅ​ទី​នេះ សុទ្ធ​តែ​ជា​របស់​ដែល​យើង​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ»។
11ព្រះ‌បាទ​ហេ‌សេគា​បង្គាប់​ឲ្យ​គេ​រៀបចំ​បន្ទប់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពេល​រៀបចំ​រួច​ស្រេច​ហើយ 12គេ​ក៏​នាំ​យក​តង្វាយ​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក និង​តង្វាយ​មួយ​ភាគ​ដប់ ព្រម​ទាំង​តង្វាយ​ដ៏​សក្ការៈ​ផ្សេង​ទៀត យក​មក​ទុក​ក្នុង​បន្ទប់​នោះ​ជា​ប្រក្រតី។ លោក​កូណា‌នា​ជា​ក្រុម​លេវី មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​តង្វាយ​ទាំង​នោះ ដោយ​មាន​លោក​ស៊ី‌ម៉ៃ ជា​ប្អូន​របស់​គាត់ ជា​អ្នក​ជំនួយ​ការ។ 13ព្រះ‌បាទ​ហេ‌សេគា និង​លោក​មហា‌បូជា‌ចារ្យ​អសា‌រា ដែល​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ បាន​តែង‌តាំង​លោក​យេហ៊ី‌អែល លោក​អសា‌ស៊ា លោក​ណា‌ហាត លោក​អេសា‌អែល លោក​យេរី‌ម៉ុត លោក​យ៉ូសា‌បាដ លោក​អេលាល លោក​យីស‌ម៉ាគា លោក​ម៉ា‌ហាត និង​លោក​បេណា‌យ៉ា ឲ្យ​ធ្វើ​ការ​នៅ​ក្រោម​បញ្ជា​របស់​លោក​កូណា‌នា និង​លោក​ស៊ី‌ម៉ៃ ជា​ប្អូន។ 14លោក​កូរេ ជា​កូន​របស់​លោក​យីម‌ណា​ពី​ក្រុម​លេវី ដែល​ជា​ឆ្មាំ​ខ្លោង​ទ្វារ​ខាង​កើត ទទួល​បន្ទុក​លើ​តង្វាយ​ស្ម័គ្រ‌ចិត្ត ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​លោក​ក៏​ទទួល​ភារ‌កិច្ច​ចែក​ស្បៀង​អាហារ ដែល​ប្រជា‌ជន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ និង​តង្វាយ​សក្ការៈ​ឯ​ទៀតៗ​ដែរ។ 15លោក​មាន​សហការី នៅ​តាម​ក្រុង​នានា​របស់​បូជា‌ចារ្យ ដើម្បី​ជួយ​ចែក​ស្បៀង​អាហារ​យ៉ាង​ស្មោះ​ត្រង់​ដល់​បូជា‌ចារ្យ ទាំង​តូច ទាំង​ធំ​តាម​ជាន់​ថ្នាក់។ សហការី​ទាំង​នោះ​មាន​លោក​អេដែន លោក​មីន‌យ៉ា‌មីន លោក​យេសួរ លោក​សេម៉ា‌រា លោក​អម៉ា‌រា និង​លោក​សេកា‌នា។ 16ពួក​គេ​មិន​ចែក​ស្បៀង​អាហារ​ឲ្យ​អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ចាប់​ពី​បី​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ​ទេ គឺ​ចែក​ឲ្យ​អស់​អ្នក​ដែល​ទទួល​ចូល​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ តាម​វេន​តាម​ក្រុម​របស់​ខ្លួន ជា​រៀង​រាល់​ថ្ងៃ​ដែរ។ 17គេ​ជំរឿន​បូជា‌ចារ្យ​តាម​ក្រុម​គ្រួសារ​របស់​ខ្លួន រីឯ​ក្រុម​លេវី គេ​ជំរឿន​អ្នក​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ក្រុម តាម​ជាន់​ថ្នាក់​របស់​ខ្លួន។ 18អ្នក​ទាំង​នោះ​ត្រូវ​ជំរឿន ដោយ​គិត​ទាំង​ប្រពន្ធ ទាំង​កូន​ប្រុស កូន​ស្រី​របស់​គេ ហើយ​សូម្បី​តែ​ទារក​តូចៗ​ក៏​រាប់​បញ្ចូល​ដែរ ដ្បិត​ពួក​គេ​ត្រូវ​ញែក​ខ្លួន​ទាំង​ស្រុង ដើម្បី​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ។ 19ចំណែក​ឯ​បូជា‌ចារ្យ ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន ដែល​រស់​នៅ​តាម​ភូមិ​ស្រុក​ជុំ‌វិញ​ក្រុង​នានា គេ​បាន​តែង‌តាំង​អ្នក​ទទួល​ខុស​ត្រូវ តាម​ឈ្មោះ​របស់​ខ្លួន ឲ្យ​ចែក​ស្បៀង​អាហារ​ដល់​ក្រុម​បូជា‌ចារ្យ ព្រម​ទាំង​ក្រុម​លេវី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែរ។
20ព្រះ‌បាទ​ហេ‌សេគា​បាន​ចាត់​ចែង​របៀប​នេះ ក្នុង​ស្រុក​យូដា​ទាំង​មូល។ ស្ដេច​បាន​ប្រព្រឹត្ត​យ៉ាង​សុចរិត ល្អ​ត្រឹម​ត្រូវ និង​ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ស្ដេច។ 21គ្រប់​កិច្ចការ​ដែល​ស្ដេច​ធ្វើ គឺ​ការ​ចាត់​ចែង​ឲ្យ​មាន​ពិធី​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ក្ដី ការ​គោរព​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់​ក្ដី ស្ដេច​ធ្វើ​ដោយ​ចិត្ត​ស្វែង​រក​ព្រះអង្គ ហើយ​ស្ដេច​ក៏​ធ្វើ​យ៉ាង​អស់​ពី​ចិត្ត រហូត​ដល់​សម្រេច​បាន​ជោគ​ជ័យ។

ទើបបានជ្រើសរើសហើយ៖

២ របាក្សត្រ 31: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល