២ របាក្សត្រ 20:21-26

២ របាក្សត្រ 20:21-26 គខប

បន្ទាប់​មក ព្រះ‌រាជា​ពិភាក្សា​ជា​មួយ​ប្រជា‌ជន រួច​តែង‌តាំង​ក្រុម​ចម្រៀង ដែល​មាន​ស្លៀក​ពាក់​គ្រឿង​សក្ការៈ ហើយ​ដើរ​នៅ​មុខ​កង‌ទ័ព ដោយ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់​ថា «ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។ ក្នុង​ពេល​ដែល​ពួក​គេ​បន្លឺ​សំឡេង​ចម្រៀង​សរសើរ​តម្កើង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ធ្វើ​ឲ្យ​ពួក​គេ​វាយ​គ្នា​ឯង។ មុន​ដំបូង កង‌ទ័ព​អាំម៉ូន​ព្រួត​គ្នា​ជា​មួយ​កង‌ទ័ព​ម៉ូអាប់ វាយ​កម្ទេច និង​បំផ្លាញ​អ្នក​ស្រុក​ភ្នំ​សៀរ​ឲ្យ​វិនាស​សូន្យ រួច​ហើយ​ពួក​គេ​កាប់​សម្លាប់​គ្នា​ឯង។ ពេល​ជន‌ជាតិ​យូដា​ទៅ​ដល់​កន្លែង ដែល​សម្រាប់​ពិនិត្យ​មើល​វាល​រហោ‌ស្ថាន ពួក​គេ​ក្រឡេក​មើល​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​សត្រូវ ឃើញ​មាន​សុទ្ធ​តែ​សាក‌សព​នៅ​ពាស‌ពេញ​ដី ឥត​មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ ព្រះ‌បាទ​យ៉ូសា‌ផាត និង​ប្រជា‌ជន​របស់​ស្ដេច នាំ​គ្នា​រឹប​អូស​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ គេ​ឃើញ​មាន​ហ្វូង​សត្វ សម្លៀក‌បំពាក់ ព្រម​ទាំង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន ដែល​នៅ​ជាប់​នឹង​សាក‌សព។ ដោយ​ជយ‌ភណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក ទោះ​បី​គេ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ក៏​នៅ​តែ​ប្រមូល​មិន​អស់​ដែរ។ នៅ​ថ្ងៃ​ទី​បួន ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​បេរ៉ា‌កា ហើយ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ របាក្សត្រ 20:21-26