២ របាក្សត្រ 12

12
ព្រះ‌ចៅ​ស៊ីសាក់ ស្ដេច​ស្រុក​អេស៊ីប​វាយ​លុក​ស្រុក​យូដា
( ពង្សាវតារក្សត្រ ១៤.២៥-២៨)
1កាល​ព្រះ‌បាទ​រេហូ‌បោម​ពង្រឹង​រាជ​សម្បត្តិ និង​អំណាច​រឹង‌មាំ​ហើយ ស្ដេច​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ រីឯ​ប្រជា‌ជន​ក៏​ប្រព្រឹត្ត​ដូច​ស្ដេច​ដែរ។ 2នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​រេហូ‌បោម ព្រះ‌ចៅ​ស៊ីសាក់ ជា​ស្ដេច​ស្រុក​អេស៊ីប បាន​ឡើង​មក​វាយ​ក្រុង​យេរូ‌សាឡឹម។ ព្រឹត្តិ‌ការណ៍​នេះ​កើត​មាន ព្រោះ​ប្រជា‌ជន​យូដា​មិន​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់3ព្រះចៅ​ស៊ីសាក់​ដឹក​នាំ​កង‌ទ័ព​ដែល​មាន​រទេះ​ចម្បាំង ១ ២០០ ទ័ព​សេះ ៦០ ០០០នាក់ ព្រម​ទាំង​មាន​ពល​ទាហាន​ជាតិ​លីប៊ី ស៊ូគី និង​អេត្យូ‌ពី​យ៉ាង​ច្រើន មក​ជា​មួយ​ផង។ 4ស្ដេច​វាយ​យក​បាន​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡឹម។ 5ពេល​នោះ ព្យាការី​សេម៉ាយ៉ា​ចូល​ទៅ​គាល់​ព្រះ‌បាទ​រេហូ‌បោម និង​ជួប​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា ដែល​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ពេល​ព្រះ‌ចៅ​ស៊ីសាក់​ចូល​មក​ជិត​ដល់​ទីក្រុង។ ព្យាការី​សេម៉ាយ៉ា​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង! ដូច្នេះ យើង​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា ឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស៊ីសាក់​ដែរ”»។ 6ព្រះ‌រាជា និង​ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដាក់​ខ្លួន ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​សុចរិត​មែន!»។ 7កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ពួក​គេ​ដាក់​ខ្លួន​ដូច្នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា​ថា៖ «ពួក​គេ​ដាក់​ខ្លួន​ហើយ យើង​មិន​បំផ្លាញ​ពួក​គេ​ទេ។ យើង​នឹង​ជួយ​រំដោះ​ពួក​គេ​ជា​បន្ទាន់ ដ្បិត​យើង​មិន​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ទុក​ឲ្យ​ស្ដេច​ស៊ីសាក់​បំផ្លាញ​ក្រុង​នេះ​ឡើយ។ 8ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្លាក់​ខ្លួន​ចំណុះ​ស្ដេច​ស៊ីសាក់។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ខ្លួន​ថា បម្រើ​យើង និង​បម្រើ​ស្ដេច​ស្រុក​ផ្សេងៗ​ខុស​គ្នា​ត្រង់​ណា»។
9 ព្រះ‌ចៅ​ស៊ី‌សាក់ ជា​ស្ដេច​ស្រុក​អេស៊ីប វាយ​លុក​ក្រុង​យេរូ‌សាឡឹម ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង​អស់​គ្មាន​សល់។ ស្ដេច​ក៏​រឹប​អូស​យក​ខែល​មាស​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​ដែរ។ 10ព្រះ‌បាទ​រេហូ‌បោម​បាន​ឲ្យ​គេ​ធ្វើ​ខែល​ពី​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ឲ្យ​មេ​ក្រុម​របស់​កង​ទាហាន ដែល​យាម​ខ្លោង​ទ្វារ​វាំង​មើល​ថែ‌រក្សា។ 11គ្រប់​ពេល​ដែល​ស្ដេច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ពួក​ទាហាន​នាំ​គ្នា​កាន់​ខែល​ទាំង​នោះ។ បន្ទាប់​មក ពួក​គេ​ប្រមូល​យក​ទៅ​ទុក​នៅ​ក្នុង​បន្ទប់​របស់​មេ​ក្រុម​វិញ។
12ដោយ​ព្រះ‌បាទ​រ៉ូបោម​ដាក់​ខ្លួន ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ​នឹង​ស្ដេច ហើយ​ក៏​មិន​បំផ្លាញ​ស្ដេច​ឲ្យ​វិនាស​សូន្យ​ដែរ។ ម្យ៉ាង​ទៀត ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះៗ​ដែរ។
ចុង​បញ្ចប់​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​រេហូ‌បោម
( ពង្សាវតារក្សត្រ ១៤.២១-២៤, ២៩-៣១)
13ព្រះ‌បាទ​រេហូ‌បោម​បាន​ពង្រឹង​អំណាច ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម។ កាល​ស្ដេច​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​សែ‌សិប​មួយ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ‌ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ សម្រាប់​ព្រះ‌នាម​របស់​ព្រះអង្គ។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ណា‌អាម៉ា ជា​ជន‌ជាតិ​អាំម៉ូន។ 14ព្រះ‌បាទ​រេហូ‌បោម​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដ្បិត​ស្ដេច​ពុំ​បាន​ផ្ចង់​ចិត្ត​គំនិត​ស្វែង​រក​ព្រះ‌អម្ចាស់​ឡើយ។
15រាជ‌កិច្ច​របស់​ព្រះ‌បាទ​រេហូ‌បោម តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ព្យាការី​សេម៉ាយ៉ា និង​លោក​អ៊ីដោ ជា​គ្រូ​ទាយ។ ព្រះ‌បាទ​រេហូ‌បោម និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច។ 16កាល​ព្រះ‌បាទ​រេហូ‌បោម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​អប៊ី‌យ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

ទើបបានជ្រើសរើសហើយ៖

២ របាក្សត្រ 12: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល