ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឲ្យគេទូលសូមព្រះជាម្ចាស់ អធិស្ឋាន* និងអង្វរព្រះអង្គ ទាំងអរព្រះគុណ សម្រាប់មនុស្សទាំងអស់ផង។ ត្រូវទូលអង្វរសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីឲ្យយើងរស់នៅបានសុខក្សេមក្សាន្ត គ្មានចលាចល ទាំងគោរពប្រណិប័តន៍ព្រះជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃថ្នូរ។ នេះហើយជាការល្អ និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង ដែលព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ដ្បិតមានព្រះជាម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក គឺព្រះគ្រិស្តយេស៊ូដែលជាមនុស្ស។ ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះមនុស្សទាំងអស់។ នេះជាសក្ខីភាពមួយ ដែលព្រះអង្គបានបង្ហាញនៅពេលកំណត់។ ព្រះអង្គបានតែងតាំងខ្ញុំឲ្យប្រកាសសក្ខីភាពនេះ ឲ្យខ្ញុំធ្វើជាសាវ័ក* និងធ្វើជាគ្រូអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិត ឥតកុហកទេ។ ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឲ្យបុរសៗអធិស្ឋាន* ទាំងលើកដៃឡើងលើ ដោយចិត្តបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។ ខ្ញុំក៏ចង់ឲ្យស្ត្រីៗស្លៀកពាក់បែបសមរម្យ រាបសាមិនសង្ហា។ នាងមិនត្រូវតែងខ្លួនដោយក្រងសក់ឲ្យឆើតឆាយហួស ឬដោយពាក់មាសពេជ្រ និងគ្រឿងអលង្ការថ្លៃៗឡើយ តែត្រូវតុបតែងខ្លួនដោយប្រព្រឹត្តអំពើល្អ ឲ្យបានសមរម្យជាស្ត្រីដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។ ពេលរៀនព្រះគម្ពីរ ស្ត្រីៗត្រូវនៅស្ងៀម ហើយស្ដាប់បង្គាប់ទាំងស្រុង។ ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬត្រួតត្រាលើប្ដីឡើយ គឺឲ្យនាងនៅស្ងៀមវិញ ដ្បិតព្រះជាម្ចាស់បានបង្កើតលោកអដាំជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ មិនមែនលោកអដាំទេដែលចាញ់បោក គឺនាងអេវ៉ាវិញទេតើដែលចាញ់បោក ទាំងរំលោភលើបញ្ញត្តិរបស់ព្រះជាម្ចាស់ទៀតផង។ ប៉ុន្តែ ព្រះអង្គសង្គ្រោះស្ត្រីមកពីនាងបង្កើតកូន ហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់ មានកិរិយាវិសុទ្ធ* និងសុភាពរាបសាផង។
អាន ១ ធីម៉ូថេ 2
ស្ដាប់នូវ ១ ធីម៉ូថេ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ធីម៉ូថេ 2:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ