១ ធីម៉ូថេ 2:1-15

១ ធីម៉ូថេ 2:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ជា​ដំបូង​ខ្ញុំ​សូម​ដាស់​តឿន​ថា ចូរ​ទូល​សូម អធិស្ឋាន ទូល​អង្វរ ហើយ​ពោល​ពាក្យ​អរ​ព្រះ​គុណ​សម្រាប់​មនុស្ស​ទាំង​អស់ សម្រាប់​ស្តេច និង​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ដោយ​សុខ​សាន្ត និងស្ងប់​ស្ងាត់ ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះ ហើយ​មាន​ជីវិត​ថ្លៃ​ថ្នូរគ្រប់​ជំពូក។ ដ្បិត​នេះ​ជា​ការ​ល្អ ហើយ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដែលទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​បាន​ស្គាល់​សេចក្ដី​ពិត។ ដ្បិត​មាន​ព្រះ​តែ​មួយ ហើយ​មាន​អ្នក​កណ្ដាល​តែ​មួយ រវាង​ព្រះ​នឹង​មនុស្ស គឺ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ជា​មនុស្ស ព្រះ‌អង្គ​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ជា​ទី​បន្ទាល់ដែល​បាន​ប្រទាន​មក​នៅ​ពេល​កំណត់។ ដ្បិត​ព្រះ‌អង្គ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស និង​ជា​សាវក​សម្រាប់​ការ​នេះ​ឯង គឺ​ជា​គ្រូ​បង្រៀន​ពួក​សាសន៍​ដទៃ ដោយ​ជំនឿ និង​សេចក្ដី​ពិត (ខ្ញុំ​និយាយ​ពិត មិន​កុហក​ទេ)។ ដូច្នេះ ខ្ញុំ​ចង់​ឲ្យបុរសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង ហើយ​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​មាន​កំហឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ។ ឯស្ត្រីៗក៏​ដូច្នោះ​ដែរ ត្រូវ​តែង​ខ្លួន​តាម​បែប​សមរម្យ មិន​ឆើយ​ឆាយ ហើយ​ចេះ​ប្រមាណ​ខ្លួន មិន​មែនដោយ​ក្រង​សក់ ពាក់​មាស កែវ​មុក្តា ឬ​អលង្ការ​ថ្លៃៗ​ឡើយ តែ​ធ្វើ​ឲ្យ​សម​ជា​ស្ត្រី ដែល​ប្រកាស​ខ្លួន​ថា​ជា​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។ ត្រូវ​ឲ្យ​ស្ត្រីៗ​រៀន​ដោយ​ស្ងាត់​ស្ងៀម ទាំង​ចុះ​ចូល​គ្រប់​ជំពូក។ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ណា​បង្រៀន ឬ​ប្រើ​អំណាច​លើ​បុរស​ឡើយ ត្រូវ​ឲ្យនាង​នៅស្ងាត់​ស្ងៀម​វិញ។ ដ្បិត​ព្រះ​បាន​បង្កើត​លោក​អ័ដាម​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ។ មិន​មែន​លោក​អ័ដាម​ទេ​ដែល​ចាញ់​បញ្ឆោត គឺ​ស្ត្រី​ទេ​តើ​ដែល​ចាញ់​បញ្ឆោត ហើយ​បាន​ត្រឡប់​ជា​អ្នក​ប្រព្រឹត្ត​រំលង។ ក៏​ប៉ុន្ដែ ប្រសិន‌បើ​នាង​នៅ​ជាប់​ក្នុង​ជំនឿ សេចក្ដី​ស្រឡាញ់ និង​កិរិយា​បរិសុទ្ធ ទាំង​មាន​គំនិត​មារយាទ​ត្រឹម​ត្រូវ នាង​នឹង​បាន​សង្គ្រោះ​តាម​រយៈ​ការ​បង្កើត​កូន។

ចែក​រំលែក
អាន ១ ធីម៉ូថេ 2

១ ធីម៉ូថេ 2:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជា​បឋម ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​ឲ្យ​គេ​ទូល​សូម​ព្រះ‌ជាម្ចាស់ អធិស្ឋាន* និង​អង្វរ​ព្រះអង្គ ទាំង​អរ​ព្រះ‌គុណ សម្រាប់​មនុស្ស​ទាំង​អស់​ផង។ ត្រូវ​ទូល‌អង្វរ​សម្រាប់​ស្ដេច និង​អ្នក​កាន់​អំណាច​គ្រប់ៗ​រូប ដើម្បី​ឲ្យ​យើង​រស់​នៅ​បាន​សុខ​ក្សេម‌ក្សាន្ត គ្មាន​ចលាចល ទាំង​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​អស់​ពី​ចិត្ត និង​មាន​ជីវិត​ថ្លៃ‌ថ្នូរ។ នេះ​ហើយ​ជា​ការ​ល្អ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់ ដ្បិត​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ មាន​ស្ពាន‌មេត្រី​តែ​មួយ​រវាង​ព្រះ‌ជាម្ចាស់ និង​មនុស្ស​លោក គឺ​ព្រះគ្រិស្ត‌យេស៊ូ​ដែល​ជា​មនុស្ស។ ព្រះអង្គ​បាន​បូជា​ព្រះ‌ជន្ម ដើម្បី​លោះ​មនុស្ស​ទាំង​អស់។ នេះ​ជា​សក្ខីភាព​មួយ ដែល​ព្រះអង្គ​បាន​បង្ហាញ​នៅ​ពេល​កំណត់។ ព្រះអង្គ​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​សក្ខីភាព​នេះ ឲ្យ​ខ្ញុំ​ធ្វើ​ជា​សាវ័ក* និង​ធ្វើ​ជា​គ្រូ​អប់រំ​សាសន៍​ដទៃ​អំពី​ជំនឿ និង​អំពី​សេចក្ដី​ពិត។ ខ្ញុំ​និយាយ​ពិត ឥត​កុហក​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រប់​ទី​កន្លែង ខ្ញុំ​ចង់​ឲ្យ​បុរសៗ​អធិស្ឋាន* ទាំង​លើក​ដៃ​ឡើង​លើ ដោយ​ចិត្ត​បរិសុទ្ធ ឥត​មាន​កំហឹង ឬ​ប្រកែក​គ្នា​ឡើយ។ ខ្ញុំ​ក៏​ចង់​ឲ្យ​ស្ត្រីៗ​ស្លៀក​ពាក់​បែប​សមរម្យ រាបសា​មិន​សង្ហា។ នាង​មិន​ត្រូវ​តែង​ខ្លួន​ដោយ​ក្រង​សក់​ឲ្យ​ឆើត‌ឆាយ​ហួស ឬ​ដោយ​ពាក់​មាស​ពេជ្រ និង​គ្រឿង​អលង្ការ​ថ្លៃៗ​ឡើយ តែ​ត្រូវ​តុប‌តែង​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ឲ្យ​បាន​សមរម្យ​ជា​ស្ត្រី​ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ។ ពេល​រៀន​ព្រះ‌គម្ពីរ ស្ត្រីៗ​ត្រូវ​នៅ​ស្ងៀម ហើយ​ស្ដាប់​បង្គាប់​ទាំង​ស្រុង។ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ណា​បង្រៀន ឬ​ត្រួត‌ត្រា​លើ​ប្ដី​ឡើយ គឺ​ឲ្យ​នាង​នៅ​ស្ងៀម​វិញ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​លោក​អដាំ​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ។ មិន​មែន​លោក​អដាំ​ទេ​ដែល​ចាញ់​បោក គឺ​នាង​អេវ៉ា​វិញ​ទេ​តើ​ដែល​ចាញ់​បោក ទាំង​រំលោភ​លើ​បញ្ញត្តិ​របស់​ព្រះ‌ជាម្ចាស់​ទៀត​ផង។ ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ​ស្ត្រី​មក​ពី​នាង​បង្កើត​កូន ហើយ​លុះ​ត្រា​តែ​នាង​មាន​ជំនឿ​ខ្ជាប់ខ្ជួន មាន​ចិត្ត​ស្រឡាញ់ មាន​កិរិយា​វិសុទ្ធ* និង​សុភាព​រាប‌សា​ផង។

ចែក​រំលែក
អាន ១ ធីម៉ូថេ 2

១ ធីម៉ូថេ 2:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ខ្ញុំ​ទូន្មាន​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា ចូរ​ពោល​ពាក្យ​អរ​ព្រះ‌គុណ ពាក្យ​ទូល​សូម ពាក្យ​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ​ឲ្យ​មនុស្ស​ទាំង​អស់ គឺ​ឲ្យ​ស្តេច ហើយ​ឲ្យ​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នៅ​ជា​សុខ‌សាន្ត ហើយ​ស្រគត់‌ស្រគំ ដោយ​កោត‌ខ្លាច ហើយ​ដោយ​នឹង‌ធឹង​គ្រប់​ជំពូក ដ្បិត​យ៉ាង​នោះ ទើប​បាន​ល្អ ហើយ​គាប់​ព្រះ‌ហឫទ័យ ដល់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្តាល​ព្រះ នឹង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​នោះ ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់ ហើយ​ទ្រង់​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ប្រាប់ នឹង​ជា​សាវក​ពី​ការ​នោះ​ឯង គឺ​ជា​គ្រូ​បង្រៀន​ដល់​ពួក​សាសន៍​ដទៃ ដោយ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ពិត (ខ្ញុំ​និយាយ​តាម​សេចក្ដី​ពិត​មិន​កុហក​ទេ)។ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង នឹង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​ខឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ ឯ​ពួក​ស្រីៗ នោះ​ខ្ញុំ​ក៏​ចង់​ឲ្យ​គេ​តែង​ខ្លួន​តាម​បែប​គួរ​សម ឲ្យ​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន មិន​មែន​ជា​អ្នក​តែង​ខ្លួន ដោយ​ក្រង​សក់ ឬ​ពាក់​មាស កែវ‌មុក្តា ឬ​សំលៀក‌បំពាក់​យ៉ាង​ថ្លៃ​ពេក​នោះ​ឡើយ តែ​ឲ្យ​សំណំ​នឹង​ពួក​ស្ត្រី ដែល​រាប់​ខ្លួន​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​ល្អ​វិញ ត្រូវ​ឲ្យ​ស្រីៗ​រៀន​ដោយ​សំងាត់ ទាំង​ចុះ​ចូល​គ្រប់​ជំពូក ខ្ញុំ​មិន​បើក​ឲ្យ​ស្ត្រី​ណា​បង្រៀន ឬ​ឲ្យ​មាន​អំណាច​លើ​បុរស​ទេ ត្រូវ​ឲ្យ​គេ​នៅ​ដោយ​ស្រគត់‌ស្រគំ​ចុះ ពី​ព្រោះ​ព្រះ​បាន​បង្កើត​លោក​អ័ដាម​មក​ជា​មុន រួច​មក​នាង​អេវ៉ា ហើយ​មិន​មែន​លោក​អ័ដាម ដែល​ចាញ់​បញ្ឆោត​ទេ គឺ​ជា​ស្ត្រី​វិញ​ទេ​តើ ដែល​ចាញ់​បញ្ឆោត​នោះ ព្រម​ទាំង​រំលង​ច្បាប់​ផង តែ​បើ​សិន​ជា​នាង​នៅ​ជាប់​ក្នុង​សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​បរិសុទ្ធ ទាំង​មាន​គំនិត​មារយាទ នោះ​នាង​នឹង​បាន​សង្គ្រោះ​ក្នុង​កាល​ដែល​បង្កើត​កូន។

ចែក​រំលែក
អាន ១ ធីម៉ូថេ 2