១ សាំយូអែល 8

8
ការ​តែង‌តាំង​ព្រះ‌មហា‌ក្សត្រ
ប្រជា‌ជន​អ៊ីស្រា‌អែល​ទាម‌ទារ​ចង់​បាន​ស្ដេច​មួយ​អង្គ
1កាល​លោក​សាំយូ‌អែល​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ហើយ លោក​បាន​តែង‌តាំង​កូន​ប្រុសៗ​របស់​លោក​ឲ្យ​គ្រប់‌គ្រង​ប្រជា‌ជន​អ៊ីស្រា‌អែល។ 2កូន​ប្រុស​ច្បង​របស់​លោក​ឈ្មោះ​យ៉ូ‌អែល និង​កូន​ទី​ពីរ​ឈ្មោះ​អប៊ី‌យ៉ា។ អ្នក​ទាំង​ពីរ​គ្រប់‌គ្រង​នៅ​ក្រុង​បៀរ‌សេបា។ 3ប៉ុន្តែ កូន​ប្រុស​របស់​លោក​សាំយូ‌អែល​ពុំ​បាន​ដើរ​តាម​គន្លង​របស់​ឪពុក​ទេ។ ពួក​គេ​គិត​តែ​ពី​ចង់​បាន​ប្រាក់​កាស ស៊ី​សំណូក និង​កាត់​ក្ដី​ដោយ​អយុត្តិធម៌។ 4ហេតុ​នេះ ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រជុំ​គ្នា ហើយ​ទៅ​ជួប​លោក​សាំយូ‌អែល​នៅ​រ៉ាម៉ា។ 5 ព្រឹទ្ធា‌ចារ្យ​ទាំង​នោះ​ជម្រាប​លោក​ថា៖ «ឥឡូវ​នេះ លោក​ចាស់​ហើយ រីឯ​កូន​របស់​លោក​ទៀត​សោត ក៏​ពុំ​ដើរ​តាម​គន្លង​របស់​លោក​ដែរ។ ដូច្នេះ សូម​តែង‌តាំង​ឲ្យ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ផង»។ 6ពេល​ឮ​ពួក​ព្រឹទ្ធា‌ចារ្យ​ពោល​ថា «សូម​តែង‌តាំង​ឲ្យ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ» ដូច្នេះ លោក​សាំយូ‌អែល​មិន​សប្បាយ​ចិត្ត​ទេ លោក​ក៏​ទូល‌អង្វរ​ព្រះ‌អម្ចាស់7ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ថា៖ «ចូរ​ស្ដាប់​តាម​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​ដែល​បាន​ទាម‌ទារ​នោះ​ចុះ។ មិន​មែន​អ្នក​ទេ​ដែល​ពួក​គេ​បោះ​បង់​ចោល គឺ​យើង​ទេ​តើ​ដែល​ពួក​គេ​បោះ​បង់​ចោល ពួក​គេ​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​ពួក​គេ​ទៀត​ឡើយ។ 8តាំង​ពី​ថ្ងៃ​យើង​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក រហូត​ដល់​ឥឡូវ​នេះ ពួក​គេ​បាន​បោះ​បង់​ចោល​យើង ដើម្បី​ទៅ​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត។ ពួក​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ។ 9ដូច្នេះ ចូរ​ស្ដាប់​តាម​ពាក្យ​សម្ដី​ពួក​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ចូរ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មុន ព្រម​ទាំង​ពន្យល់​ពួក​គេ​ថា ស្ដេច​ដែល​នឹង​សោយ​រាជ្យ​លើ​ពួក​គេ​នោះ មាន​សិទ្ធិ​យ៉ាង​ណាៗ​ខ្លះ»។
សិទ្ធិ​របស់​ស្ដេច
10លោក​សាំយូ‌អែល​បាន​នាំ​យក​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ មក​ថ្លែង​ប្រាប់​ប្រជា‌ជន ដែល​ទាម‌ទារ​សុំ​ឲ្យ​មាន​ស្ដេច​នោះ​ថា៖ 11«ស្ដេច​ដែល​នឹង​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​ដូច​ត​ទៅ គឺ​ស្ដេច​នឹង​យក​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាហាន ខ្លះ​នៅ​ខាង​កង​រទេះ​ចម្បាំង​របស់​ស្ដេច ខ្លះ​នៅ​ខាង​ទ័ព​សេះ​របស់​ស្ដេច ខ្លះ​ទៀត​រត់​នៅ​មុខ​រាជ‌រថ។ 12ស្ដេច​នឹង​តែង‌តាំង​មេ​កង​ឲ្យ​ត្រួត​ទាហាន​មួយ​ពាន់​នាក់ ឬ​មេ​ក្រុម​ដែល​ត្រួត​ទាហាន​ហា‌សិប​នាក់។ ស្ដេច​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ភ្ជួរ​រាស់ ច្រូត​កាត់​ថ្វាយ​ស្ដេច ហើយ​ខ្លះ​ទៀត​ផលិត​គ្រឿង​អាវុធ និង​គ្រឿង​ប្រដាប់​រទេះ​ចម្បាំង​របស់​ស្ដេច។ 13ស្ដេច​នឹង​ប្រើ​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​លាប​គ្រឿង​ក្រអូប អ្នក​ដាំ​បាយ និង​អ្នក​ធ្វើ​នំ។ 14ស្ដេច​នឹង​យក​ស្រែ ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​ដ៏​ល្អៗ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មេ‌ទ័ព​របស់​ខ្លួន។ 15ស្ដេច​នឹង​យក​ពន្ធ​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ពី​ស្រូវ ពី​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មហា‌តលិក រាជការ និង​រាជ​បម្រើ​របស់​ខ្លួន។ 16ស្ដេច​នឹង​យក​ខ្ញុំ​បម្រើ​ប្រុស​ស្រី និង​ពួក​យុវជន របស់​អ្នក​រាល់​គ្នា គឺ​អ្នក​ដែល​មាន​កម្លាំង​កំហែង​ជាង​គេ ព្រម​ទាំង​យក​សត្វ​លា​របស់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ធ្វើ​ការ‌ងារ​របស់​ខ្លួន។ 17ស្ដេច​នឹង​យក​ចៀម​ចំនួន​មួយ​ភាគ​ដប់ ពី​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ជា​ខ្ញុំ​បម្រើ​របស់​ស្ដេច។ 18ថ្ងៃ​មួយ អ្នក​រាល់​គ្នា​នឹង​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រោះ​តែ​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស តែ​នៅ​ថ្ងៃ​នោះ ព្រះអង្គ​មិន​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​ឡើយ!»។
19ប៉ុន្តែ ប្រជា‌ជន​មិន​ព្រម​ស្ដាប់​តាម​ពាក្យ​របស់​លោក​សាំយូ‌អែល​ទេ។ ពួក​គេ​ប្រកែក​ថា៖ «ទេ! យើង​ចង់​បាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង 20ដើម្បី​ឲ្យ​យើង​បាន​ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ទៀត​ដែរ។ ស្ដេច​របស់​យើង​នឹង​គ្រប់‌គ្រង​លើ​យើង ទ្រង់​នឹង​យាង​នាំ​មុខ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង»។ 21កាល​លោក​សាំយូ‌អែល​ឮ​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន លោក​ក៏​យក​ទៅ​ទូល​ព្រះ‌អម្ចាស់22ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​សាំយូ‌អែល​ថា៖ «ចូរ​ស្ដាប់​តាម​ពាក្យ​របស់​គេ ហើយ​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ​ចុះ!»។ បន្ទាប់​មក លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​ភូមិ​រៀងៗ​ខ្លួន​វិញ​ចុះ!»។

ទើបបានជ្រើសរើសហើយ៖

១ សាំយូអែល 8: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល