១ សាំយូអែល 6
6
ជនជាតិភីលីស្ទីនបញ្ជូនហិបនៃសម្ពន្ធមេត្រី ទៅស្រុកអ៊ីស្រាអែល
1ហិបរបស់ព្រះអម្ចាស់ស្ថិតនៅលើទឹកដីភីលីស្ទីន អស់រយៈពេលប្រាំពីរខែ។ 2ជនជាតិភីលីស្ទីនហៅពួកបូជាចារ្យ និងគ្រូទាយរបស់ពួកគេមកសួរថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់ព្រះអម្ចាស់? សូមប្រាប់យើងមក តើយើងត្រូវបញ្ជូនហិបនេះទៅកន្លែងដើមវិញដោយវិធីណា?»។ 3ពួកគេតបមកវិញថា៖ «បើសិនជាអ្នករាល់គ្នាចង់បញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលត្រឡប់ទៅវិញ សូមកុំបញ្ជូនទៅដោយឥតផ្ញើអ្វីទៅជាមួយឡើយ គឺត្រូវយកតង្វាយទៅថ្វាយព្រះអង្គ សូមព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នា ដើម្បីអ្នករាល់គ្នាជាសះស្បើយ ហើយដឹងអំពីមូលហេតុដែលព្រះអង្គដាក់ទោសអ្នករាល់គ្នា»។ 4ជនជាតិភីលីស្ទីនសួរទៀតថា៖ «តើយើងត្រូវយកតង្វាយអ្វីទៅថ្វាយ ដើម្បីសូមព្រះអង្គលើកលែងទោសឲ្យ?»។ ពួកបូជាចារ្យ និងពួកគ្រូទាយឆ្លើយថា៖ «សូមយករូបឫសដូងបាតធ្វើពីមាសចំនួនប្រាំ និងរូបកណ្ដុរមាសប្រាំ ស្របតាមចំនួនស្ដេចត្រាញ់ទាំងប្រាំ នៃជនជាតិភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងស្ដេចត្រាញ់ទាំងប្រាំ សុទ្ធតែបានរងគ្រោះកាចដូចៗគ្នា។ 5ចូរឆ្លាក់រូបឫសដូងបាត និងរូបកណ្ដុរ ដែលរាតត្បាតស្រុករបស់អ្នករាល់គ្នា រួចលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែល នោះព្រះអង្គប្រហែលជានឹងបន្ធូរបន្ថយទណ្ឌកម្មលើអ្នករាល់គ្នា លើព្រះរបស់អ្នករាល់គ្នា និងលើស្រុករបស់អ្នករាល់គ្នាផង។ 6ហេតុអ្វីបានជាអ្នករាល់គ្នាមានចិត្តរឹងរូសដូចជនជាតិអេស៊ីប និងព្រះចៅផារ៉ោនដូច្នេះ? ព្រះជាម្ចាស់បានដាក់ទោសជនជាតិអេស៊ីបយ៉ាងធ្ងន់ រហូតដល់ពួកគេយល់ព្រមឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកនោះ។ 7ចូររៀបចំរទេះថ្មីមួយ ព្រមទាំងយកមេគោពីរក្បាល ដែលកំពុងបំបៅកូន និងពុំដែលទឹមសោះ មកទឹមរទេះនោះ រួចបំបែកកូនវា ដោយឃាំងទុកក្នុងក្រោល។ 8ចូរយកហិបរបស់ព្រះអម្ចាស់ទៅដាក់លើរទេះ រួចយកវត្ថុធ្វើអំពីមាសដាក់ក្នុងប្រអប់មួយ ជិតហិប។ វត្ថុទាំងនោះជាតង្វាយ សម្រាប់សូមព្រះអង្គលើកលែងទោស។ បន្ទាប់មក ទុកឲ្យមេគោនាំហិបនោះចេញទៅ ដោយគ្មានអ្នកបរ។ 9ចូរតាមមើល ប្រសិនបើមេគោនាំហិបនោះឆ្ពោះទៅស្រុកអ៊ីស្រាអែលត្រង់បេតសេមែស នោះសឲ្យឃើញថា ពិតជាព្រះអម្ចាស់ ដែលបានធ្វើឲ្យពួកយើងរងទុក្ខវេទនាយ៉ាងខ្លាំងនេះ។ ប៉ុន្តែ បើវាមិនដើរឆ្ពោះទៅទិសនោះទេ យើងនឹងដឹងថា មិនមែនព្រះអង្គទេដែលដាក់ទោសពួកយើង គឺហេតុការណ៍កើតឡើង ដោយចៃដន្យ»។
10ជនជាតិភីលីស្ទីនក៏ធ្វើតាម។ ពួកគេយកមេគោពីរក្បាលដែលកំពុងបំបៅកូនមកទឹមរទេះ ហើយបង្ឃាំងកូនវានៅក្នុងក្រោល។ 11ពួកគេយកហិបរបស់ព្រះអម្ចាស់ ព្រមទាំងប្រអប់ដែលមានរូបកណ្ដុរមាស និងរូបឫសដូងបាតធ្វើអំពីមាសដាក់លើរទេះ។ 12មេគោទាំងនោះដើរតម្រង់ទៅកាន់បេតសេមែស វាដើរតាមផ្លូវ ទាំងស្រែករោទ៍ តែមិនងាកឆ្វេង ងាកស្ដាំឡើយ។ ស្ដេចត្រាញ់នៃជនជាតិភីលីស្ទីននាំគ្នាដើរតាមក្រោយរទេះនោះ រហូតដល់ព្រំប្រទល់បេតសេមែស។
13ពេលនោះ ប្រជាជននៅបេតសេមែសកំពុងតែច្រូតស្រូវ នៅតាមជ្រលងភ្នំ។ កាលពួកគេងើបមុខឡើង ក្រឡេកមើលទៅ ឃើញហិបនោះមកដល់ ពួកគេត្រេកអរយ៉ាងខ្លាំង។ 14រទេះមកដល់ចម្ការរបស់លោកយ៉ូស្វេ ជាអ្នកភូមិបេតសេមែស ហើយឈប់នៅទីនោះ ជិតផ្ទាំងសិលាធំមួយ។ ប្រជាជននៅបេតសេម៉េសនាំគ្នាពុសរទេះធ្វើជាអុស ហើយយកមេគោទាំងពីរមកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ 15ពួកលេវីបានយកហិបរបស់ព្រះអម្ចាស់ ព្រមទាំងប្រអប់ដែលដាក់វត្ថុធ្វើអំពីមាសជាប់មកជាមួយ ទៅដាក់លើផ្ទាំងសិលា។ នៅថ្ងៃនោះ ប្រជាជននៅបេតសេមែសនាំគ្នាថ្វាយតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជាដល់ព្រះអម្ចាស់។ 16កាលបានឃើញហេតុការណ៍ទាំងអស់នោះហើយ ស្ដេចត្រាញ់ទាំងប្រាំនៃជនជាតិភីលីស្ទីនវិលត្រឡប់មកក្រុងអេក្រូនវិញ នៅថ្ងៃដដែល។
17ជនជាតិភីលីស្ទីនបានផ្ញើរូបឫសដូងបាតធ្វើអំពីមាសចំនួនប្រាំ មកថ្វាយព្រះអម្ចាស់ ដើម្បីសូមព្រះអង្គលើកលែងទោសឲ្យ គឺមួយសម្រាប់ក្រុងអាសដូឌ មួយសម្រាប់ក្រុងកាសា មួយសម្រាប់ក្រុងអាសកាឡូន មួយសម្រាប់ក្រុងកាថ និងមួយទៀតសម្រាប់ក្រុងអេក្រូន។ 18គេក៏ផ្ញើរូបកណ្ដុរមាសតាមចំនួនក្រុងភីលីស្ទីនទាំងប៉ុន្មាន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ដេចត្រាញ់ទាំងប្រាំដែរ ដោយរាប់ចាប់តាំងពីក្រុងដែលមានកំពែងរឹងមាំ រហូតដល់ភូមិតូចៗដែលគ្មានកំពែង។ ផ្ទាំងសិលាដ៏ធំក្នុងចម្ការរបស់លោកយ៉ូស្វេ ជាអ្នកភូមិបេតសេមែស ជាកន្លែងដែលគេតម្កល់ហិបរបស់ព្រះអម្ចាស់ នៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ ជាបន្ទាល់ពីហេតុការណ៍នោះ។
19 ព្រះអម្ចាស់បានដាក់ទោសប្រជាជននៅបេតសេមែស ពីព្រោះពួកគេសម្លឹងមើលហិបរបស់ព្រះអម្ចាស់។ ព្រះអង្គបានប្រហារមនុស្សចិតសិបនាក់ ក្នុងចំណោមពួកគេ។ ប្រជាជននាំគ្នាកាន់ទុក្ខ ដោយព្រះអម្ចាស់ដាក់ទោសគេយ៉ាងធ្ងន់ធ្ងរ។ 20ប្រជាជននៅបេតសេមែសពោលថា៖ «តើនរណាអាចឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធនេះបាន? តើយើងអាចផ្ទេរហិបរបស់ព្រះអង្គ ទៅកន្លែងណា ដើម្បីឲ្យចេញឆ្ងាយពីពួកយើង?»។ 21ពួកគេចាត់អ្នកនាំសារឲ្យទៅអ្នកស្រុកគារយ៉ាត-យារីម ដើម្បីប្រាប់ថា៖ «ពួកភីលីស្ទីននាំហិបរបស់ព្រះអម្ចាស់មកវិញហើយ សូមអញ្ជើញមកទទួលយកទៅស្រុករបស់បងប្អូនចុះ!»។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 6: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.