១ សាំយូអែល 3:4-11

១ សាំយូអែល 3:4-11 គខប

ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!» ហើយ​រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​អេលី​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ!»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​វិញ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល​ម្ដង​ទៀត សាំយូ‌អែល​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ កូន​អើយ!»។ កុមារ​សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌អម្ចាស់​ទេ ដ្បិត​មក​ទល់​ពេល​នោះ ព្រះអង្គ​ពុំ​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​គេ​នៅ​ឡើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល​ម្ដង​ទៀត ជា​លើក​ទី​បី។ កុមារ​សាំយូ‌អែល​ក៏​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ ពេល​នោះ លោក​អេលី​យល់​ថា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​ក្មេង​នេះ។ លោក​អេលី​ប្រាប់​សាំយូ‌អែល​ថា៖ «ទៅ​ដេក​វិញ​ចុះ ប្រសិន​បើ​មាន​ឮ​សំឡេង​ហៅ​ម្ដង​ទៀត ត្រូវ​ឆ្លើយ​ថា “បពិត្រ​ព្រះ‌អម្ចាស់ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូលបង្គំ​ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ហើយ”»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​នៅ​កន្លែង​ដដែល​វិញ។ ព្រះ‌អម្ចាស់​យាង​មក​ឈរ​នៅ​ក្បែរ​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ហៅ​ដូច​លើក​មុនៗ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល!» កុមារ​សាំយូ‌អែល​ឆ្លើយ​ថា៖ «សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូលបង្គំ​ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ព្រះអង្គ​ហើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​កុមារ​សាំយូ‌អែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មាន​ហេតុ‌ការណ៍​មួយ​ដ៏​រន្ធត់ កើត​ឡើង​នៅ​ស្រុក​អ៊ីស្រា‌អែល។ នរណា​ក៏​ដោយ​ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។