១ សាំយូអែល 3:1-14

១ សាំយូអែល 3:1-14 គខប

កុមារ​សាំយូ‌អែល​នៅ​បម្រើ​ព្រះ‌អម្ចាស់​ជា​មួយ​លោក​អេលី។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​កម្រ​មាន​ព្រះ‌បន្ទូល​មក​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ណាស់ ហើយ​ក៏​កម្រ​ឲ្យ​នរណា​ម្នាក់​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មក​ពី​ព្រះអង្គ​ដែរ។ ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្ដើម​ងងឹត មើល​អ្វី​សឹង​តែ​លែង​ឃើញ​ទៀត។ មាន​យប់​មួយ លោក​អេលី​សម្រាន្ដ​នៅ​ក្នុង​បន្ទប់​របស់​លោក រីឯ​ចង្កៀង​ដែល​គេ​ដុត​ក្នុង​ទីសក្ការៈ មិន​ទាន់​រលត់​នៅ​ឡើយ ហើយ​កុមារ​សាំយូ‌អែល​ដេក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌ជាម្ចាស់។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!» ហើយ​រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​អេលី​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ!»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​វិញ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល​ម្ដង​ទៀត សាំយូ‌អែល​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ កូន​អើយ!»។ កុមារ​សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌អម្ចាស់​ទេ ដ្បិត​មក​ទល់​ពេល​នោះ ព្រះអង្គ​ពុំ​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​គេ​នៅ​ឡើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល​ម្ដង​ទៀត ជា​លើក​ទី​បី។ កុមារ​សាំយូ‌អែល​ក៏​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ ពេល​នោះ លោក​អេលី​យល់​ថា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​ក្មេង​នេះ។ លោក​អេលី​ប្រាប់​សាំយូ‌អែល​ថា៖ «ទៅ​ដេក​វិញ​ចុះ ប្រសិន​បើ​មាន​ឮ​សំឡេង​ហៅ​ម្ដង​ទៀត ត្រូវ​ឆ្លើយ​ថា “បពិត្រ​ព្រះ‌អម្ចាស់ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូលបង្គំ​ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ហើយ”»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​នៅ​កន្លែង​ដដែល​វិញ។ ព្រះ‌អម្ចាស់​យាង​មក​ឈរ​នៅ​ក្បែរ​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ហៅ​ដូច​លើក​មុនៗ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល!» កុមារ​សាំយូ‌អែល​ឆ្លើយ​ថា៖ «សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូលបង្គំ​ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ព្រះអង្គ​ហើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​កុមារ​សាំយូ‌អែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មាន​ហេតុ‌ការណ៍​មួយ​ដ៏​រន្ធត់ កើត​ឡើង​នៅ​ស្រុក​អ៊ីស្រា‌អែល។ នរណា​ក៏​ដោយ​ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។ នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អេលី​ស្រប​តាម​សេចក្ដី​ទាំង​អស់ ដែល​យើង​បាន​ព្រមាន​គ្រួសារ​គាត់ តាំង​ពី​ដើម​ដល់​ចប់។ យើង​បាន​ប្រាប់​គាត់​រួច​ហើយ​ថា យើង​នឹង​ដាក់​ទោស​គ្រួសារ​របស់​គាត់​រហូត​ត​ទៅ ព្រោះ​តែ​កំហុស​ដែល​កូនៗ​របស់​គាត់​បាន​ប្រព្រឹត្ត ហើយ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា កូនៗ​របស់​គាត់​ប្រមាថ​មើល‌ងាយ​យើង តែ​គាត់​មិន​ស្ដី​បន្ទោស​កូន​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រាប់​ក្រុម​គ្រួសារ​អេលី​យ៉ាង​ម៉ឺង‌ម៉ាត់​ថា យើង​មិន​លើក‌លែង​ទោស​របស់​ពួក​គេ​ទេ ទោះ​បី​ពួក​គេ​យក​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​មក​ថ្វាយ​យើង​ក៏​ដោយ»។