១ សាំយូអែល 20:24-34

១ សាំយូអែល 20:24-34 គខប

លោក​ដាវីឌ​ក៏​ចេញ​ទៅ​ពួន​នៅ​ឯ​វាល​ស្រែ។ លុះ​ដល់​ពេល​បុណ្យ​ដើម​ខែ ព្រះ‌បាទ​សូល​គង់​សោយ​ព្រះ‌ស្ងោយ​ក្នុង​ពិធី​ជប់‌លៀង។ ស្ដេច​គង់​នៅ​ជិត​ជញ្ជាំង​ដូច​សព្វ​មួយ​ដង សម្ដេច​យ៉ូណា‌ថាន​គង់​នៅ​ទល់​មុខ លោក​អប៊ី‌នើរ​អង្គុយ​នៅ​ក្បែរ​ស្ដេច តែ​កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ។ នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​សូល​មិន​សួរ​នាំ​អ្វី​ឡើយ ដោយ​ស្ដេច​នឹក​ស្មាន​ថា មាន​ហេតុ​អ្វី​មួយ​កើត​ឡើង​ចំពោះ​លោក​ដាវីឌ ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅ​មិន​បរិសុទ្ធ គឺ​លោក​ពិត​ជា​មិន​បរិសុទ្ធ​មែន ។ នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ​ដដែល។ ព្រះ‌បាទ​សូល​សួរ​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​លោក​អ៊ីសាយ​មិន​មក​ជប់‌លៀង ទាំង​ម្សិល‌មិញ ទាំង​ថ្ងៃ​នេះ​ដូច្នេះ?»។ សម្ដេច​យ៉ូណា‌ថាន​ទូល​ថា៖ «ដាវីឌ​បាន​ទទូច​អង្វរ​សូម​អនុញ្ញាត​ពី​ទូលបង្គំ​ទៅ​ឯ​បេថ្លេ‌ហិម ដោយ​ប្រាប់​ថា “សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ទៅ ដ្បិត​អំបូរ​របស់​យើង​ខ្ញុំ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ ហើយ​បង​ប្រុស​ខ្ញុំ​បាន​ផ្ដាំ​ឲ្យ​ខ្ញុំ​ទៅ​ចូល​រួម។ បើ​សម្ដេច​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជួប‌ជុំ​បងប្អូន​ផង”។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​របស់​បិតា»។ ព្រះ‌បាទ​សូល​ខ្ញាល់​នឹង​សម្ដេច​យ៉ូណា‌ថាន​យ៉ាង​ខ្លាំង ស្ដេច​ស្រែក​ជេរ​ថា៖ «អា​កូន​ឥត​ពូជ ឥត​អំបូរ! អញ​ដឹង​ថា ឯង​កាន់​ជើង​កូន​របស់​លោក​អ៊ីសាយ។ ឯង​មុខ​ជា​ត្រូវ​អាម៉ាស់ ទាំង​កូន​ទាំង​ម្ដាយ​មិន​ខាន! តោង​ដឹង​ថា ដរាប​ណា​កូន​លោក​អ៊ីសាយ​នៅ​មាន​ជីវិត​លើ​ផែនដី នោះ​ឯង​ច្បាស់​ជា​មិន​អាច​ឡើង​សោយ​រាជ្យ​ឡើយ។ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ចាប់​វា​នាំ​មក​ឲ្យ​អញ​នៅ​ទី​នេះ ដ្បិត​វា​ត្រូវ​តែ​ស្លាប់»។ សម្ដេច​យ៉ូណា‌ថាន​ទូល​ព្រះ‌បាទ​សូល ជា​បិតា​ថា៖ «ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​ស្លាប់ តើ​គេ​បាន​ធ្វើ​អ្វី?»។ ព្រះ‌បាទ​សូល​ក៏​គប់​លំពែង​តម្រង់​ទៅ​សម្ដេច​យ៉ូណា‌ថាន ដើម្បី​ប្រហារ​ជីវិត។ ពេល​នោះ សម្ដេច​យ៉ូណា‌ថាន​ជ្រាប​ថា បិតា​ពិត​ជា​បាន​សម្រេច​ព្រះ‌ហឫទ័យ​សម្លាប់​លោក​ដាវីឌ។ សម្ដេច​ក្រោក​ចេញ​ពី​តុ ដោយ​ខ្ញាល់​យ៉ាង​ខ្លាំង ហើយ​មិន​ខ្ចី​សោយ​អាហារ​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ​នោះ​ឡើយ ព្រោះ​សម្ដេច​ព្រួយ​បារម្ភ​អំពី​លោក​ដាវីឌ ដែល​បិតា​បាន​ជេរ​ប្រមាថ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ សាំយូអែល 20:24-34

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ