១ សាំយូអែល 2:1-11

១ សាំយូអែល 2:1-11 គខប

ពេល​នោះ នាង​ហាណា​អធិស្ឋាន​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើង​ឲ្យ​បាន​ខ្ពស់​មុខ ខ្ញុំ​អាច​ហា​មាត់​និយាយ​តទល់​នឹង​ខ្មាំង​សត្រូវ​វិញ ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។ គ្មាន​នរណា​ម្នាក់​វិសុទ្ធ* ដូច​ព្រះ‌អម្ចាស់​ទេ គ្មាន​នរណា​ម្នាក់​ដូច​ព្រះអង្គ​ឡើយ ហើយ​ក៏​គ្មាន​ថ្ម‌ដា​ណា​រឹង‌មាំ ដូច​ព្រះ​នៃ​យើង​ដែរ។ កុំ​ចេះ​តែ​ពោល​ពាក្យ​អួត​បំប៉ោង​ឡើយ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​សម្ដី​ព្រហើន ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ ដែល​ជ្រាប​សព្វ​គ្រប់​ទាំង​អស់ ព្រះអង្គ​វិនិច្ឆ័យ​គ្រប់​អំពើ​របស់​មនុស្ស។ ព្រះអង្គ​កាច់​បំបាក់​ធ្នូ​របស់​ទាហាន​ដ៏​ខ្លាំង​ពូកែ តែ​ព្រះអង្គ​ប្រទាន​កម្លាំង ដល់​មនុស្ស​ទន់​ខ្សោយ។ អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​បរិបូណ៌ បែរ​ជា​នាំ​គ្នា​ស្វែង​រក​អាហារ​ចម្អែត​ក្រពះ រីឯ​អ្នក​ដែល​ធ្លាប់​តែ​អត់​ឃ្លាន បែរ​ជា​មាន​អាហារ​បរិបូណ៌​ទៅ​វិញ។ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​អារ សម្រាល​កូន​ដល់​ទៅ​ប្រាំ‌ពីរ​ដង តែ​ស្ត្រី​សាយ​កូន បែរ​ជា​គ្មាន​កូន​ទៅ​វិញ។ ជីវិត​របស់​មនុស្ស​ត្រូវ​ស្លាប់ ឬ​រស់ ស្រេច​តែ​លើ​ព្រះ‌អម្ចាស់ គេ​ត្រូវ​ធ្លាក់​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ឬ​ឡើង​មក​វិញ ក៏​ស្រេច​តែ​លើ​ព្រះអង្គ​ដែរ មនុស្ស​យើង​មាន ឬ​ក្រ ស្រេច​តែ​លើ​ព្រះ‌អម្ចាស់ ព្រះអង្គ​បន្ទាប​នរណា​ក៏​បាន ឬ​លើក​នរណា​ឡើង​ក៏​បាន។ ព្រះអង្គ​លើក​មនុស្ស​កម្សត់​ទុគ៌ត​ចេញ​ពី​ធូលី​ដី ហើយ​ដក​មនុស្ស​ក្រីក្រ​ចេញ​ពី​គំនរ​សំរាម ដើម្បី​ឲ្យ​គេ​បាន​អង្គុយ​ទន្ទឹម​នឹង​អ្នក​ធំ ព្រម​ទាំង​បាន​គ្រង​រាជ​សម្បត្តិ​ដ៏​រុងរឿង ដ្បិត​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​គ្រឹះ​នៃ​ផែនដី ហើយ​ព្រះអង្គ​ដាក់​ពិភព​លោក នៅ​លើ​គ្រឹះ​នេះ។ ព្រះអង្គ​ថែ‌រក្សា​ដំណើរ​ជីវិត របស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ រីឯ​មនុស្ស​អាក្រក់​វិញ គេ​នឹង​ត្រូវ​វិនាស​ក្នុង​ភាព​ងងឹត ដ្បិត​មនុស្ស​មិន​អាច​មាន​ជ័យ‌ជម្នះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ឡើយ។ អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ មុខ​ជា​ត្រូវ​អន្តរាយ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​រន្ទះ​ពី​លើ​មេឃ​បាញ់​ចំ​ពួក​គេ។ ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ផែនដី​ទាំង​មូល ព្រះអង្គ​ប្រទាន​ឫទ្ធា‌នុភាព​ដល់​ស្ដេច ដែល​ព្រះអង្គ​តែង‌តាំង ព្រម​ទាំង​ប្រទាន​ព្រះ‌ចេស្ដា​ដល់​ព្រះ‌មហា‌ក្សត្រ ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក»។ បន្ទាប់​មក លោក​អែលកា‌ណា​ក៏​វិល​ទៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​រ៉ាម៉ា​វិញ រីឯ​កុមារ​សាំយូ‌អែល​នៅ​បម្រើ​ព្រះ‌អម្ចាស់ ជា​មួយ​លោក​បូជា‌ចារ្យ​អេលី។