១ សាំយូអែល 2:1-11
១ សាំយូអែល 2:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នាងហាណាអធិស្ឋានថា៖ «ចិត្តខ្ញុំម្ចាស់រីករាយនឹងព្រះយេហូវ៉ា កម្លាំងខ្ញុំម្ចាស់បានថ្កើងឡើងក្នុងព្រះរបស់ខ្ញុំ មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំ ព្រោះខ្ញុំម្ចាស់មានអំណរនឹងសេចក្ដីសង្គ្រោះ របស់ព្រះអង្គ។ គ្មានព្រះណាបរិសុទ្ធដូចព្រះយេហូវ៉ាឡើយ ដ្បិតក្រៅពីព្រះអង្គគ្មានព្រះណាទៀតសោះ ក៏គ្មានថ្មដាដែលរឹងមាំ ដូចជាព្រះរបស់យើងខ្ញុំដែរ។ កុំពោលពាក្យអំនួតលើសលុបដូច្នេះទៀត កុំឲ្យមានសេចក្ដីឃ្នើសចេញពីមាត់ឯងឡើយ ព្រោះព្រះយេហូវ៉ាជាព្រះជ្រាបទាំងអស់ គឺព្រះអង្គហើយដែលថ្លឹងអស់ទាំងអំពើ។ ធ្នូរបស់ពួកខ្លាំងពូកែបានបាក់ហើយ តែពួកអ្នកដែលល្វើយ បានក្រវាត់ឡើងដោយកម្លាំង។ ពួកអ្នកដែលពីដើមឆ្អែត គេនឹងទៅជាស៊ីឈ្នួលចិញ្ចឹមជីវិត ដល់ពួកអ្នកដែលធ្លាប់អត់ឃ្លាន ឲ្យគេបានឆ្អែតវិញ បានជាស្ត្រីអារអាចបង្កើតកូន បានដល់ទៅប្រាំពីរនាក់ តែស្ត្រីដែលធ្លាប់មានកូនច្រើន ទៅជាគ្មានកូនទៅវិញ។ សេចក្ដីស្លាប់ និងជីវិត គឺស្រេចលើព្រះយេហូវ៉ា ព្រះអង្គនាំចុះទៅដល់ ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏នាំឡើងមកវិញបានដែរ។ ព្រះធ្វើឲ្យមនុស្សក្រ ហើយធ្វើឲ្យមានក៏បាន ព្រះអង្គជាអ្នកបន្ទាប ហើយព្រះអង្គក៏ជាអ្នកលើកឡើងដែរ។ ព្រះអង្គលើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកម្សត់ទុគ៌ត ពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមត៌កជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដី ជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គបានដាក់ពិភពលោក នៅលើសសរទាំងនោះ។ ព្រះអង្គនឹងគាំពារជើង ពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ តែពួកអាក្រក់នឹងត្រូវស្ងៀមស្ងាត់ នៅក្នុងទីងងឹតវិញ ដ្បិតមនុស្សមិនមែនឈ្នះដោយកម្លាំងបានទេ។ ពួកអ្នកដែលតតាំងនឹងព្រះយេហូវ៉ា នោះនឹងត្រូវខ្ទេចខ្ទីទៅ ព្រះអង្គនឹងបញ្ចេញផ្គរលាន់ ពីលើមេឃមកទាស់នឹងគេ ព្រះយេហូវ៉ានឹងជំនុំជម្រះ រហូតដល់អស់ទាំងចុងផែនដី ហើយនឹងប្រទានអំណាចដល់ស្តេច ដែលព្រះអង្គតែងតាំង ព្រមទាំងប្រទានកម្លាំងដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំងឲ្យផង»។ បន្ទាប់មក លោកអែលកាណាក៏វិលត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ តែទុកកូនតូចឲ្យនៅធ្វើការងារថ្វាយព្រះយេហូវ៉ាជាមួយសង្ឃអេលី។
១ សាំយូអែល 2:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ នាងហាណាអធិស្ឋានដូចតទៅ៖ «ព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំមានចិត្ត ត្រេកអរសប្បាយយ៉ាងខ្លាំង ព្រះអម្ចាស់លើកខ្ញុំឡើងឲ្យបានខ្ពស់មុខ ខ្ញុំអាចហាមាត់និយាយតទល់នឹងខ្មាំងសត្រូវវិញ ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះព្រះអង្គសង្គ្រោះខ្ញុំ។ គ្មាននរណាម្នាក់វិសុទ្ធ* ដូចព្រះអម្ចាស់ទេ គ្មាននរណាម្នាក់ដូចព្រះអង្គឡើយ ហើយក៏គ្មានថ្មដាណារឹងមាំ ដូចព្រះនៃយើងដែរ។ កុំចេះតែពោលពាក្យអួតបំប៉ោងឡើយ ហើយក៏មិនត្រូវឲ្យមានពាក្យសម្ដីព្រហើន ចេញពីមាត់អ្នករាល់គ្នាដែរ ដ្បិតព្រះអម្ចាស់ជាព្រះ ដែលជ្រាបសព្វគ្រប់ទាំងអស់ ព្រះអង្គវិនិច្ឆ័យគ្រប់អំពើរបស់មនុស្ស។ ព្រះអង្គកាច់បំបាក់ធ្នូរបស់ទាហានដ៏ខ្លាំងពូកែ តែព្រះអង្គប្រទានកម្លាំង ដល់មនុស្សទន់ខ្សោយ។ អស់អ្នកដែលធ្លាប់តែមានអាហារបរិបូណ៌ បែរជានាំគ្នាស្វែងរកអាហារចម្អែតក្រពះ រីឯអ្នកដែលធ្លាប់តែអត់ឃ្លាន បែរជាមានអាហារបរិបូណ៌ទៅវិញ។ ព្រះអង្គប្រោសប្រទានឲ្យស្ត្រីអារ សម្រាលកូនដល់ទៅប្រាំពីរដង តែស្ត្រីសាយកូន បែរជាគ្មានកូនទៅវិញ។ ជីវិតរបស់មនុស្សត្រូវស្លាប់ ឬរស់ ស្រេចតែលើព្រះអម្ចាស់ គេត្រូវធ្លាក់ទៅស្ថានមនុស្សស្លាប់ ឬឡើងមកវិញ ក៏ស្រេចតែលើព្រះអង្គដែរ មនុស្សយើងមាន ឬក្រ ស្រេចតែលើព្រះអម្ចាស់ ព្រះអង្គបន្ទាបនរណាក៏បាន ឬលើកនរណាឡើងក៏បាន។ ព្រះអង្គលើកមនុស្សកម្សត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជសម្បត្តិដ៏រុងរឿង ដ្បិតព្រះអម្ចាស់បានតែងតាំងគ្រឹះនៃផែនដី ហើយព្រះអង្គដាក់ពិភពលោក នៅលើគ្រឹះនេះ។ ព្រះអង្គថែរក្សាដំណើរជីវិត របស់អស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គ រីឯមនុស្សអាក្រក់វិញ គេនឹងត្រូវវិនាសក្នុងភាពងងឹត ដ្បិតមនុស្សមិនអាចមានជ័យជម្នះ ដោយសារកម្លាំងរបស់ខ្លួនឡើយ។ អស់អ្នកដែលប្រឆាំងនឹងព្រះអម្ចាស់ មុខជាត្រូវអន្តរាយ ព្រះអង្គធ្វើឲ្យមានរន្ទះពីលើមេឃបាញ់ចំពួកគេ។ ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសផែនដីទាំងមូល ព្រះអង្គប្រទានឫទ្ធានុភាពដល់ស្ដេច ដែលព្រះអង្គតែងតាំង ព្រមទាំងប្រទានព្រះចេស្ដាដល់ព្រះមហាក្សត្រ ដែលព្រះអង្គបានចាក់ប្រេងអភិសេក»។ បន្ទាប់មក លោកអែលកាណាក៏វិលទៅផ្ទះរបស់គាត់នៅភូមិរ៉ាម៉ាវិញ រីឯកុមារសាំយូអែលនៅបម្រើព្រះអម្ចាស់ ជាមួយលោកបូជាចារ្យអេលី។
១ សាំយូអែល 2:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ ហាណាក៏អធិស្ឋានថា ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ ស្នែងខ្ញុំម្ចាស់បានថ្កើងឡើងដោយនូវព្រះយេហូវ៉ា មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំម្ចាស់ ដោយព្រោះខ្ញុំម្ចាស់មានសេចក្ដីអំណរចំពោះសេចក្ដីសង្គ្រោះរបស់ទ្រង់ គ្មានព្រះណាបរិសុទ្ធ ដូចព្រះយេហូវ៉ាឡើយ ដ្បិតក្រៅពីទ្រង់គ្មានព្រះឯណាទៀតសោះ ក៏គ្មានព្រះឯណាដែលទុកជាថ្មដា ឲ្យដូចព្រះនៃយើងខ្ញុំដែរ កុំឲ្យពោលពាក្យអំនួតដ៏លើសលប់ដូច្នេះទៀត កុំឲ្យមានសេចក្ដីឃ្នើសឃ្នងចេញពីមាត់ឯងឡើយ ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលជ្រាបទាំងអស់ គឺទ្រង់ហើយ ដែលថ្លឹងអស់ទាំងអំពើ ធ្នូនៃពួកខ្លាំងពូកែបានបាក់ហើយ តែពួកអ្នកដែលល្វើយ បានក្រវាត់ឡើងដោយកំឡាំងវិញ ពួកអ្នកដែលពីដើមឆ្អែត គេបានទៅជាស៊ីឈ្នួលចិញ្ចឹមជីវិត តែពួកអ្នកដែលពីដើមអត់ឃ្លានគេបានឆ្អែតវិញ បានជានាងស្រីអារបង្កើតកូនបាន៧ ហើយនាងដែលមានកូនច្រើនបានរីងរៃទៅ ឯសេចក្ដីស្លាប់ ហើយនឹងជីវិត នោះស្រេចនៅព្រះយេហូវ៉ា ទ្រង់នាំចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏នាំឡើងមកវិញដែរ ឯការក្រ ហើយនឹងមាន នោះស្រេចនៅព្រះយេហូវ៉ា គឺទ្រង់ដែលបន្ទាបទៅ ហើយគឺទ្រង់ដែលលើកឡើងដែរ ទ្រង់លើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកំសត់ទុរគតពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយនឹងពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមរដកជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដីជារបស់ផងព្រះយេហូវ៉ា ហើយទ្រង់បានដាក់លោកីយនៅលើសសរទាំងនោះ ទ្រង់នឹងគាំពារជើងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ តែពួកអាក្រក់នឹងត្រូវស្ងៀមស្ងាត់នៅក្នុងទីងងឹតវិញ ដ្បិតមនុស្សមិនមែនឈ្នះដោយនូវកំឡាំងបានទេ ឯពួកអ្នកដែលតតាំងនឹងព្រះយេហូវ៉ា នោះនឹងត្រូវខ្ទេចខ្ទីទៅ ទ្រង់នឹងបញ្ចេញផ្គរលាន់ពីលើមេឃមកទាស់នឹងគេ ព្រះយេហូវ៉ាទ្រង់នឹងជំនុំជំរះ រហូតដល់អស់ទាំងចុងផែនដី ហើយទ្រង់នឹងប្រទានអំណាចដល់ស្តេចនៃទ្រង់ ព្រមទាំងដំកើងស្នែងនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យផង រួចពីនោះហើយ អែលកាណាក៏ត្រឡប់វិលទៅឯផ្ទះនៅរ៉ាម៉ាវិញ តែឯកូនតូចបាននៅធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះអេលីដ៏ជាសង្ឃ។