១ សាំយូអែល 16:14-23

១ សាំយូអែល 16:14-23 គខប

ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​បាន​ចាក​ចេញ​ពី​ព្រះ‌បាទ​សូល ហើយ​មាន​វិញ្ញាណ​អាក្រក់​មួយ​មក​ពីព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ស្ដេច​វិល‌វល់​ស្មារតី។ ពួក​មន្ត្រី​របស់​ព្រះ‌បាទ​សូល​ទូល​ស្ដេច​ថា៖ «មាន​វិញ្ញាណ​អាក្រក់​មក​ពី​ព្រះ‌ជាម្ចាស់ បណ្ដាល​ឲ្យ​ព្រះ‌ករុណា​វិល‌វល់​ស្មារតី​ដូច្នេះ។ សូម​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មក​ចុះ យើង​ខ្ញុំ​រង់‌ចាំ​ធ្វើ​តាម​បញ្ជា​ជានិច្ច យើង​ខ្ញុំ​នឹង​រក​មនុស្ស​ម្នាក់ ដែល​ចេះ​ដេញ​ពិណ មក​ថ្វាយ​ព្រះ‌ករុណា។ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌ជាម្ចាស់​មក​សង្កត់​លើ​ព្រះ‌ករុណា អ្នក​នោះ​នឹង​ដេញ​ពិណ ដើម្បី​ឲ្យ​ព្រះ‌ករុណា​បាន​ធូរ​ស្រាល»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មន្ត្រី​ថា៖ «ចូរ​ទៅ​រក​អ្នក​លេង​ភ្លេង​ដ៏​ចំណាន​ម្នាក់ ហើយ​នាំ​មក​ជួប​ខ្ញុំ»។ រាជ​បម្រើ​ម្នាក់​ទូល​ថា៖ «ទូលបង្គំ​ស្គាល់​យុវជន​ម្នាក់ ជា​កូន​របស់​លោក​អ៊ីសាយ អ្នក​ភូមិ​បេថ្លេ‌ហិម។ គេ​ចេះ​លេង​ភ្លេង ជា​អ្នក​ក្លាហាន​អង់‌អាច ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំង‌ក្លា ឈ្លាស‌វៃ​ក្នុង​ការ​និយាយ​ស្ដី មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជា​មួយ​ដែរ»។ ព្រះ‌បាទ​សូល​ចាត់​អ្នក​នាំ​សារ​ទៅ​ប្រាប់​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេ‌ហិម​ថា៖ «សូម​ឲ្យ​ដាវីឌ ជា​កូន​ប្រុស​របស់​លោក ដែល​ជា​អ្នក​ឃ្វាល​ចៀម​នោះ មក​ជួប​យើង»។ លោក​អ៊ីសាយ​យក​លា​មួយ​មក លោក​រៀបចំ​នំប៉័ង ស្រា​មួយ​ថង់​ស្បែក និង​កូន​ពពែ​ស្ទាវ​មួយ រួច​បញ្ជូន​ដាវីឌ​ជា​កូន​ឲ្យ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​សូល។ យុវជន​ដាវីឌ​ទៅ​ដល់ ចូល​គាល់​ព្រះ‌បាទ​សូល ហើយ​នៅ​បម្រើ​ស្ដេច។ ព្រះ‌បាទ​សូល​ស្រឡាញ់​ដាវីឌ​ណាស់ ទ្រង់​ឲ្យ​ដាវីឌ​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ស្ដេច។ ព្រះ‌បាទ​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​លោក​អ៊ីសាយ​ថា៖ «សូម​ឲ្យ​ដាវីឌ​នៅ​បម្រើ​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​យុវជន​នេះ​ណាស់»។ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌ជាម្ចាស់​មក​សង្កត់​លើ​ព្រះ‌បាទ​សូល ដាវីឌ​ទាញ​ពិណ​យក​មក​ដេញ។ ពេល​នោះ ព្រះ‌បាទ​សូល​បាន​ធូរ​ស្រាល និង​ស្រួល​ខ្លួន​ឡើង​វិញ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ដក​ថយ​ចេញ​ពី​ស្ដេច​ដែរ។