១ សាំយូអែល 14
14
សម្ដេចយ៉ូណាថានមានជ័យជម្នះលើពួកភីលីស្ទីន
1ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្រារបស់ព្រះបាទសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ សម្ដេចមិនបានទូលបិតាឲ្យជ្រាបទេ។
2ព្រះបាទសូលប្រថាប់នៅជាយភូមិគីបៀរ ក្រោមដើមទទឹមមួយដើម គឺនៅមីក្រូន ហើយមានទាហានប្រមាណប្រាំមួយរយនាក់នៅជាមួយ។ 3រីឯអ្នកដែលពាក់អាវអេផូដ* ដើម្បីទូលសួរព្រះជាម្ចាស់នៅពេលនោះ គឺលោកអហ៊ីយ៉ា ជាកូនរបស់លោកអហ៊ីទូប ត្រូវជាបងប្អូនរបស់អ៊ីកាបុដ ជាកូនរបស់លោកភីនេហាស និងត្រូវជាចៅរបស់លោកអេលី ដែលជាបូជាចារ្យរបស់ព្រះអម្ចាស់នៅស៊ីឡូ។ គ្មាននរណាម្នាក់ក្នុងជួរកងទ័ពដឹងថា សម្ដេចយ៉ូណាថានចេញទៅទេ។
4ច្រកភ្នំដែលសម្ដេចយ៉ូណាថានបម្រុងនឹងឆ្លងទៅរកខ្សែត្រៀមរបស់ពួកភីលីស្ទីននោះ មានថ្មស្រួចៗនៅអមសងខាងផ្លូវ មួយឈ្មោះបូសេស មួយទៀតឈ្មោះសេនេ។ 5ថ្មស្រួចមួយស្ថិតនៅខាងជើង ទល់មុខនឹងមីកម៉ាស់ និងមួយទៀតស្ថិតនៅខាងត្បូង ទល់មុខនឹងកេបា។
6សម្ដេចយ៉ូណាថានប្រាប់ទៅសេនាក្មេង ដែលកាន់គ្រឿងសស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកទមិឡ ប្រហែលជាព្រះអម្ចាស់ជួយយើង ដ្បិតគ្មានអ្វីរារាំងព្រះអម្ចាស់មិនឲ្យប្រទានជ័យជម្នះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្ដី!»។ 7សេនានោះក៏ឆ្លើយតបវិញថា៖ «សូមធ្វើតាមគំនិតរបស់សម្ដេចចុះ! កុំបង្អង់ឡើយ ទូលបង្គំដើរតាមក្រោយសម្ដេចជានិច្ច»។ 8សម្ដេចយ៉ូណាថានតបថា៖ «បើដូច្នេះ ចូរយើងឆ្លងទៅរកអ្នកទាំងនោះ រួចបង្ហាញខ្លួនឲ្យគេឃើញ។ 9បើសិនជាពួកគេប្រាប់មកយើងថា “ចូរឈប់នៅទីនោះហើយ ពួកយើងនឹងចុះទៅរកអ្នក!” នោះយើងត្រូវឈរនៅនឹងកន្លែង គឺមិនត្រូវឡើងទៅរកពួកគេទេ។ 10ប៉ុន្តែ បើសិនជាពួកគេប្រាប់ថា “ចូរឡើងមករកយើង!” នោះយើងនឹងឡើងទៅភ្លាម ដ្បិតនេះជាសញ្ញាសម្គាល់ឲ្យយើងដឹងថា ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់យើងហើយ»។
11អ្នកទាំងពីរបង្ហាញខ្លួនឲ្យពួកខ្សែត្រៀមរបស់ភីលីស្ទីនឃើញ។ ពួកភីលីស្ទីនពោលថា៖ «មើលហ្ន៎! ពួកហេប្រឺចេញពីរូងដែលគេពួនហើយ!»។ 12ពួកទាហាននៅខ្សែត្រៀមស្រែកប្រាប់សម្ដេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសស្ត្រាវុធថា៖ «ចូរឡើងមក! យើងនឹងប្រដៅអ្នកទាំងពីរ»។ សម្ដេចយ៉ូណាថានប្រាប់សេនារបស់សម្ដេចថា៖ «ឡើងតាមខ្ញុំ ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលហើយ»។ 13សម្ដេចយ៉ូណាថានវារឡើង ហើយសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចក៏វារឡើងតាមក្រោយដែរ។ សម្ដេចយ៉ូណាថានវាយផ្ដួលពួកភីលីស្ទីន ហើយសេនាដែលកាន់អាវុធក៏សម្លាប់ពួកគេតាមក្រោយ។ 14នៅគ្រាដំបូង សម្ដេចយ៉ូណាថាន និងសេនា បានប្រហារពួកភីលីស្ទីនអស់ប្រមាណម្ភៃនាក់ នៅលើផ្ទៃដីប្រហែលមួយស្រែ។ 15ពេលនោះ ក៏កើតការភ័យញាប់ញ័រនៅក្នុងជំរំរបស់ពួកភីលីស្ទីន និងក្នុងចំណោមប្រជាជនដែលនៅជិតខាងនោះផងដែរ។ រីឯទាហាននៅតាមខ្សែត្រៀម និងកងទ័ពក៏ភ័យញាប់ញ័រដែរ ដ្បិតមានរញ្ជួយផែនដី បណ្ដាលឲ្យមានការភ័យញាប់ញ័រជាខ្លាំង។
16ពួកអ្នកយាមល្បាតរបស់ស្ដេចសូល នៅក្រុងគីបៀរ ក្នុងស្រុកបេនយ៉ាមីន ក៏បានឃើញកងទ័ពភីលីស្ទីនរត់បែកខ្ញែកគ្នាទៅគ្រប់ទិសទីដែរ។ 17ព្រះបាទសូលមានរាជឱង្ការទៅកាន់ទាហាន ដែលនៅជាមួយស្ដេចថា៖ «ចូររាប់ចំនួនគ្នាយើងមើល តើបាត់នរណាខ្លះ»។ គេក៏រាប់មើល ហើយឃើញបាត់សម្ដេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេច។ 18ព្រះបាទសូលបញ្ជាទៅលោកអហ៊ីយ៉ាថា៖ «ចូរទៅយកហិបរបស់ព្រះជាម្ចាស់មក!»។ នៅគ្រានោះ ហិបរបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយជនជាតិអ៊ីស្រាអែល។ 19ពេលព្រះបាទសូលកំពុងតែមានរាជឱង្ការទៅកាន់លោកបូជាចារ្យ ការច្របូកច្របល់កើតមានកាន់តែខ្លាំងឡើងៗ នៅក្នុងជំរំពួកភីលីស្ទីន។ ព្រះបាទសូលក៏ប្រាប់លោកបូជាចារ្យថា៖ «មិនបាច់ទូលសួរព្រះជាម្ចាស់ទៀតទេ» ។ 20ព្រះបាទសូល និងទាហានទាំងអស់ដែលនៅជាមួយស្ដេច បានប្រមូលគ្នា រួចចេញទៅដល់ទីលានប្រយុទ្ធ។ ម្នាក់ៗកាន់ដាវចូលប្រឡូកច្បាំង ហើយសភាពច្របូកច្របល់ក៏កើតមានយ៉ាងខ្លាំងឥតឧបមា។ 21មានពួកហេប្រឺមួយចំនួន ដែលពីមុននៅបម្រើពួកភីលីស្ទីន ហើយបានចេញមកច្បាំងរួមជាមួយពួកគេដែរនោះ ក៏រត់ចូលមកខាងទ័ពអ៊ីស្រាអែល ដែលនៅជាមួយព្រះបាទសូល និងសម្ដេចយ៉ូណាថាន។ 22ទាហានអ៊ីស្រាអែលទាំងប៉ុន្មានដែលលាក់ខ្លួននៅតាមតំបន់ភ្នំអេប្រាអ៊ីមដឹងថា ពួកភីលីស្ទីនបាក់ទ័ព នោះក៏ចេញមកដេញតាមប្រហារពួកគេដែរ។ 23នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏បន្តទៅទៀត រហូតដល់បេតអាវេន។
ទាហានអ៊ីស្រាអែលជួយសម្ដេចយ៉ូណាថានឲ្យរួចជីវិត
24នៅថ្ងៃនោះ ទាហានអ៊ីស្រាអែលត្រូវវេទនា ព្រោះព្រះបាទសូលបានឲ្យពួកគេស្បថថា៖ «ប្រសិនបើអ្នកណាម្នាក់បរិភោគអាហារមុនពេលល្ងាច គឺមុនពេលដែលយើងមិនទាន់បានសងសឹកខ្មាំងសត្រូវ អ្នកនោះមុខជាត្រូវបណ្ដាសាមិនខាន»។ ហេតុនេះ ក្នុងជួរកងទ័ព គ្មាននរណាម្នាក់ហ៊ានបរិភោគអាហារឡើយ។ 25ពួកគេទាំងអស់គ្នាបានទៅដល់ក្នុងព្រៃ ត្រង់កន្លែងមួយដែលមានសំបុកឃ្មុំនៅផ្ទាល់នឹងដី។ 26ពេលពួកទាហានចូលដល់ក្នុងព្រៃ ឃើញទឹកឃ្មុំហូរដូច្នេះ គ្មានអ្នកណាម្នាក់ហ៊ានយកដៃ ទៅកៀរទឹកឃ្មុំនោះដាក់ក្នុងមាត់ឡើយ ព្រោះពួកគេគោរពពាក្យសម្បថ។ 27សម្ដេចយ៉ូណាថានពុំដឹងថា បិតាបានឲ្យពួកទាហានស្បថទេ។ សម្ដេចក៏យកដំបងដែលទ្រង់កាន់នោះចាក់ទៅលើសំបុកឃ្មុំ ឆ្កឹះដាក់ក្នុងមាត់ ហើយសម្ដេចមានទឹកមុខស្រស់បស់។ 28ពេលនោះ ទាហានម្នាក់ទូលសម្ដេចយ៉ូណាថានថា៖ «បិតារបស់សម្ដេចបានឲ្យពួកទាហានស្បថថា “នៅថ្ងៃនេះ អ្នកណាហ៊ានបរិភោគអាហារ អ្នកនោះនឹងត្រូវបណ្ដាសាជាមិនខាន!” ហេតុនេះបានជាទាហានហេវហត់ទាំងអស់គ្នា»។ 29សម្ដេចយ៉ូណាថានពោលថា៖ «បិតារបស់ខ្ញុំបាននាំឲ្យពួកយើងកើតកង្វល់ហើយ។ មើល! ខ្ញុំមានទឹកមុខស្រស់បស់ ព្រោះតែបានភ្លក់ទឹកឃ្មុំនេះបន្តិច។ 30ថ្ងៃនេះ ប្រសិនបើទាហានទាំងអស់បរិភោគអាហារដែលរឹបអូសយកបានពីខ្មាំងនោះ ប្រហែលជាពួកភីលីស្ទីន ទទួលបរាជ័យធ្ងន់ធ្ងរជាងនេះទៅទៀត!»។
31នៅថ្ងៃនោះ ពួកគេវាយប្រហារពួកភីលីស្ទីនចាប់តាំងពីមីកម៉ាស់ រហូតដល់អាយ៉ាឡូន។ ពួកទាហានមានការហេវហត់យ៉ាងខ្លាំង 32ក៏ស្ទុះតម្រង់ទៅរកជយភណ្ឌ។ ពួកគេចាប់ចៀម គោ និងកូនគោ មកចាក់កសម្លាប់នៅផ្ទាល់នឹងដី ហើយនាំគ្នាបរិភោគសាច់ដែលមានសុទ្ធតែឈាម ។ 33 មានគេទូលព្រះបាទសូលថា៖ «ពួកទាហានបានប្រព្រឹត្តខុសនឹងព្រះអម្ចាស់ ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាម!»។ ព្រះបាទសូលមានរាជឱង្ការថា៖ «អ្នករាល់គ្នាក្បត់ព្រះអម្ចាស់ហើយ! ចូរប្រមៀលថ្មមួយផ្ទាំងធំ មកឲ្យខ្ញុំភ្លាម»។ 34បន្ទាប់មក ស្ដេចមានរាជឱង្ការទៀតថា៖ «ចូរនាំគ្នាទៅក្នុងចំណោមទាហាន ប្រាប់ពួកគេទាំងអស់គ្នាឲ្យនាំគោ និងចៀមរបស់ខ្លួនមក ហើយចាក់កសម្លាប់នៅលើថ្មនេះ រួចនាំគ្នាបរិភោគទៅ។ ធ្វើដូច្នេះ អ្នករាល់គ្នាមិនប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់ ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាមនេះឡើយ»។ នៅយប់នោះ ពួកទាហានទាំងអស់បាននាំយកគោរបស់ខ្លួនមក ហើយចាក់កសម្លាប់នៅទីកន្លែងនោះ។ 35ព្រះបាទសូលបានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ គឺជាអាសនៈដំបូងបង្អស់ដែលស្ដេចសង់ថ្វាយព្រះអម្ចាស់។
36ព្រះបាទសូលមានរាជឱង្ការថា៖ «យប់នេះ ចូរយើងនាំគ្នាដេញតាមពួកភីលីស្ទីន ហើយរឹបអូសយកទ្រព្យសម្បត្តិពីពួកគេ រហូតដល់ថ្ងៃរះ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ»។ ពួកទាហានទូលស្ដេចវិញថា៖ «សូមសម្រេចតាមព្រះតម្រិះរបស់ព្រះករុណាចុះ»។ ប៉ុន្តែ លោកបូជាចារ្យមានប្រសាសន៍ថា៖ «យើងគួរតែទូលសួរព្រះជាម្ចាស់សិន»។ 37ព្រះបាទសូលទូលសួរព្រះជាម្ចាស់ថា៖ «តើទូលបង្គំអាចដេញតាមពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកនោះមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលឬទេ?»។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះជាម្ចាស់ពុំមានព្រះបន្ទូលឆ្លើយតបឡើយ។ 38ព្រះបាទសូលមានរាជឱង្ការថា៖ «សុំអស់លោកដែលជាមេដឹកនាំរបស់ប្រជាជនអញ្ជើញចូលមក! សុំអស់លោកពិនិត្យឲ្យហ្មត់ចត់មើល តើថ្ងៃនេះ ពួកយើងបានប្រព្រឹត្តអំពើបាបអ្វី? 39ខ្ញុំសុំស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយជាព្រះសង្គ្រោះជនជាតិអ៊ីស្រាអែលថា បើអ្នកណាម្នាក់ប្រព្រឹត្តខុស អ្នកនោះនឹងមានទោសដល់ជីវិត ទោះបីយ៉ូណាថានជាបុត្ររបស់ខ្ញុំក៏ដោយ»។ នៅក្នុងជួរទ័ពទាំងមូល គ្មាននរណាម្នាក់ឆ្លើយតបទេ។ 40ព្រះបាទសូលមានរាជឱង្ការទៅកាន់កងទ័ពអ៊ីស្រាអែលទាំងមូលថា៖ «ចូរអ្នករាល់គ្នាឈរនៅម្ខាងទៅ ចំណែកយ៉ូណាថាន ជាបុត្រខ្ញុំ និងខ្ញុំ ឈរនៅម្ខាង»។ ពួកទាហានទូលថា៖ «សូមសម្រេចតាមព្រះតម្រិះរបស់ព្រះករុណាចុះ»។ 41 ព្រះបាទសូលទូលព្រះអម្ចាស់ថា៖ «ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ! សូមសម្តែងឲ្យយើងខ្ញុំស្គាល់ការពិតផង!»។ ពេលនោះ គេផ្សងចំលើសម្ដេចយ៉ូណាថាន និងព្រះបាទសូល។ ដូច្នេះ ពួកទាហានក៏រួចខ្លួន។ 42ព្រះបាទសូលមានរាជឱង្ការទៀតថា៖ «ចូរផ្សងរវាងខ្ញុំ និងបុត្រខ្ញុំមើល៍» នោះក៏ចំលើសម្ដេចយ៉ូណាថាន។ 43ព្រះបាទសូលមានរាជឱង្ការទៅកាន់សម្ដេចយ៉ូណាថានថា៖ «ចូរប្រាប់បិតាមើល៍ តើបុត្របានធ្វើអ្វី?»។ សម្ដេចយ៉ូណាថានក៏រៀបរាប់ទូលបិតា តាមដំណើររឿង ជាហូរហែថា៖ «ទូលបង្គំបានភ្លក់ទឹកឃ្មុំបន្តិច នៅចុងដំបងដែលទូលបង្គំកាន់។ ឥឡូវនេះ ទូលបង្គំសុខចិត្តស្លាប់ហើយ!»។ 44ព្រះបាទសូលមានរាជឱង្ការថា៖ «យ៉ូណាថានអើយ បុត្រត្រូវតែស្លាប់? បើមិនដូច្នោះទេ សូមព្រះជាម្ចាស់ដាក់ទោសបិតាយ៉ាងធ្ងន់ទៅ!»។ 45ពួកទាហានទូលព្រះបាទសូលថា៖ «សម្ដេចយ៉ូណាថានមិនត្រូវសុគតឡើយ! ដ្បិតសម្ដេចទេតើដែលដណ្ដើមបានជ័យជម្នះដ៏ធំធេងនេះឲ្យប្រជាជាតិអ៊ីស្រាអែល។ យើងខ្ញុំសូមស្បថ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា យើងខ្ញុំមិនព្រមឲ្យសក់មួយសរសៃជ្រុះពីសិរសារបស់សម្ដេចឡើយ ដ្បិតព្រះជាម្ចាស់បានជួយសម្ដេចឲ្យប្រព្រឹត្តដូច្នេះ នៅថ្ងៃនេះ»។ ពួកទាហានក៏បានសង្គ្រោះសម្ដេចយ៉ូណាថានឲ្យរួចពីស្លាប់។
46បន្ទាប់មក ព្រះបាទសូលឈប់ដេញតាមពួកភីលីស្ទីន ហើយពួកនោះក៏វិលត្រឡប់ទៅស្រុករបស់គេវិញ។
ជ័យជម្នះរបស់ព្រះបាទសូល និងរាជវង្ស
47ក្រោយពេលព្រះបាទសូលឡើងគ្រងរាជ្យលើអាណាចក្រអ៊ីស្រាអែលហើយ ស្ដេចបានធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ គឺច្បាំងនឹងជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ពួកស្ដេចនៅសូបា និងជនជាតិភីលីស្ទីន។ នៅគ្រប់សមរភូមិ ស្ដេចតែងតែទទួលជ័យជម្នះលើពួកគេជានិច្ច។ 48ព្រះបាទសូលធ្វើសង្គ្រាមដោយទឹកចិត្តអង់អាច ទ្រង់បានវាយប្រហារជនជាតិអាម៉ាឡេក ហើយរំដោះអ៊ីស្រាអែល ឲ្យរួចផុតពីកណ្ដាប់ដៃរបស់សត្រូវ ដែលបានឈ្លានពានស្រុកគេ។
49បុត្រារបស់ព្រះបាទសូលមានយ៉ូណាថាន យីសវី និងម៉ាល់គីស៊ូអា។ រីឯបុត្រីទាំងពីររបស់ព្រះបាទសូល គឺម្រ៉ាប ជាបុត្រីច្បង និងមិកាល់ ជាបុត្រីពៅ។ 50ព្រះជាយារបស់ព្រះបាទសូលព្រះនាមអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្ដេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ព្រះបាទសូល។ 51លោកគីសជាឪពុករបស់ព្រះបាទសូល លោកនែរជាឪពុករបស់លោកអប៊ីនើរ លោកទាំងពីរត្រូវជាកូនរបស់លោកអបៀល។ 52ក្នុងមួយជីវិត ព្រះបាទសូលធ្វើសង្គ្រាមយ៉ាងសាហាវទល់នឹងពួកភីលីស្ទីន។ ហេតុនេះហើយបានជាព្រះបាទសូលតែងតែសង្កេតរកមើលជនណាដែលមានកម្លាំងខ្លាំងក្លា និងទឹកចិត្តអង់អាច ដើម្បីយកមកធ្វើជាពលទ័ពរបស់ស្ដេច។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 14: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.