ជនជាតិភីលីស្ទីនប្រមូលទ័ពចេញមកច្បាំងតទល់នឹងជនជាតិអ៊ីស្រាអែល។ ពួកគេមានរទេះចម្បាំងចំនួនបីម៉ឺនគ្រឿង មានទ័ពសេះប្រាំមួយពាន់ និងមានពលទាហានច្រើនកុះករ ដូចខ្សាច់នៅឆ្នេរសមុទ្រ។ ពួកគេបានលើកទ័ពមកបោះជំរំនៅមីកម៉ាស់ ខាងកើតបេតអាវេន។ កាលប្រជាជនអ៊ីស្រាអែលឃើញថាខ្លួនស្ថិតក្នុងភាពអាសន្ន ព្រោះទ័ពអ៊ីស្រាអែលត្រូវខ្មាំងឡោមព័ទ្ធជិតដូច្នេះ ពួកគេក៏នាំគ្នារត់ទៅពួននៅតាមរអាងភ្នំ តាមគុហា តាមក្រហែងថ្ម តាមរូងភ្នំ និងនៅតាមជ្រោះ។ មានជនជាតិហេប្រឺខ្លះឆ្លងទន្លេយ័រដាន់រត់ទៅស្រុកកាដ និងស្រុកកាឡាដ។ រីឯព្រះបាទសូលវិញ ទ្រង់គង់នៅគីលកាល់នៅឡើយ ហើយកងទ័ពទាំងប៉ុន្មានដែលនៅជាមួយស្ដេច ញ័ររន្ធត់យ៉ាងខ្លាំង។ ព្រះបាទសូលរង់ចាំជួបលោកសាំយូអែល អស់រយៈពេលប្រាំពីរថ្ងៃ តែមិនឃើញលោកអញ្ជើញមកគីលកាល់ ដូចបានកំណត់ទេ។ ពួកទាហានក៏នាំគ្នារត់គេចខ្លួន ចេញឆ្ងាយពីស្ដេច។ ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរយកតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព មកឲ្យខ្ញុំ»។ ស្ដេចក៏ថ្វាយតង្វាយដុតទាំងមូលនោះទៅ។ នៅពេលស្ដេចថ្វាយតង្វាយដុតរួចស្រេចហើយ លោកសាំយូអែលអញ្ជើញមកដល់។ ព្រះបាទសូលក៏យាងទៅទទួល និងជម្រាបសួរលោក។ លោកសាំយូអែលមានប្រសាសន៍ថា៖ «តើព្រះករុណាធ្វើអ្វីហ្នឹង?»។ ព្រះបាទសូលឆ្លើយថា៖ «កាលខ្ញុំឃើញពលទាហានរត់គេចខ្លួនចេញឆ្ងាយពីខ្ញុំ រីឯលោកសោតក៏ពុំឃើញអញ្ជើញមកដូចកំណត់។ ខ្ញុំឃើញពួកភីលីស្ទីនប្រមូលផ្ដុំគ្នានៅមីកម៉ាស់ នោះខ្ញុំគិតថា “ពួកភីលីស្ទីននឹងចុះមកវាយខ្ញុំនៅគីលកាល់ជាមិនខាន តែខ្ញុំមិនបានទូលអង្វរព្រះអម្ចាស់”។ ដូច្នេះ ខ្ញុំក៏បង្ខំចិត្តថ្វាយតង្វាយដុតនេះទៅ»។ លោកសាំយូអែលទូលព្រះបាទសូលថា៖ «ព្រះករុណាបានប្រព្រឹត្តដោយឥតពិចារណា! គឺព្រះករុណាមិនធ្វើតាមបទបញ្ជាដែលព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា បានបង្គាប់មកទេ។ បើព្រះករុណាធ្វើតាមនោះ ម៉្លេះសមព្រះអម្ចាស់ពង្រឹងរាជ្យរបស់ព្រះករុណា ឲ្យនៅស្ថិតស្ថេរលើជនជាតិអ៊ីស្រាអែលមិនខាន។ ឥឡូវនេះ រាជ្យរបស់ព្រះករុណាមិនអាចគង់វង្សឡើយ ព្រះអម្ចាស់ស្វែងរកមនុស្សម្នាក់ដែលគាប់ព្រះហឫទ័យព្រះអង្គ រួចតែងតាំងឲ្យធ្វើជាមេដឹកនាំលើប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះព្រះករុណាមិនបានធ្វើតាមបទបញ្ជា ដែលព្រះអម្ចាស់បានបង្គាប់មកទេ»។
អាន ១ សាំយូអែល 13
ស្ដាប់នូវ ១ សាំយូអែល 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 13:5-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ