១ សាំយូអែល 13:5-14

១ សាំយូអែល 13:5-14 គខប

ជន‌ជាតិ​ភីលីស្ទីន​ប្រមូល​ទ័ព​ចេញ​មក​ច្បាំង​តទល់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​មាន​រទេះ​ចម្បាំង​ចំនួន​បី​ម៉ឺន​គ្រឿង មាន​ទ័ព​សេះ​ប្រាំ​មួយ​ពាន់ និង​មាន​ពល​ទាហាន​ច្រើន​កុះ‌ករ ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពួក​គេ​បាន​លើក​ទ័ព​មក​បោះ​ជំរំ​នៅ​មីក‌ម៉ាស់ ខាង​កើត​បេត‌អាវេន។ កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​ឃើញ​ថា​ខ្លួន​ស្ថិត​ក្នុង​ភាព​អាសន្ន ព្រោះ​ទ័ព​អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ជិត​ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​រត់​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ តាម​គុហា តាម​ក្រហែង​ថ្ម តាម​រូង​ភ្នំ និង​នៅ​តាម​ជ្រោះ។ មាន​ជន‌ជាតិ​ហេប្រឺ​ខ្លះ​ឆ្លង​ទន្លេ​យ័រដាន់​រត់​ទៅ​ស្រុក​កាដ និង​ស្រុក​កាឡាដ។ រីឯ​ព្រះ‌បាទ​សូល​វិញ ទ្រង់​គង់​នៅ​គីល‌កាល់​នៅ​ឡើយ ហើយ​កង‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ស្ដេច ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។ ព្រះ‌បាទ​សូល​រង់‌ចាំ​ជួប​លោក​សាំយូ‌អែល អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ តែ​មិន​ឃើញ​លោក​អញ្ជើញ​មក​គីល‌កាល់ ដូច​បាន​កំណត់​ទេ។ ពួក​ទាហាន​ក៏​នាំ​គ្នា​រត់​គេច​ខ្លួន ចេញ​ឆ្ងាយ​ពី​ស្ដេច។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​យក​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព មក​ឲ្យ​ខ្ញុំ»។ ស្ដេច​ក៏​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នោះ​ទៅ។ នៅ​ពេល​ស្ដេច​ថ្វាយ​តង្វាយ​ដុត​រួច​ស្រេច​ហើយ លោក​សាំយូ‌អែល​អញ្ជើញ​មក​ដល់។ ព្រះ‌បាទ​សូល​ក៏​យាង​ទៅ​ទទួល និង​ជម្រាប​សួរ​លោក។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌ករុណា​ធ្វើ​អ្វី​ហ្នឹង?»។ ព្រះ‌បាទ​សូល​ឆ្លើយ​ថា៖ «កាល​ខ្ញុំ​ឃើញ​ពល​ទាហាន​រត់​គេច​ខ្លួន​ចេញ​ឆ្ងាយ​ពី​ខ្ញុំ រីឯ​លោក​សោត​ក៏​ពុំ​ឃើញ​អញ្ជើញ​មក​ដូច​កំណត់។ ខ្ញុំ​ឃើញ​ពួក​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មីក‌ម៉ាស់ នោះ​ខ្ញុំ​គិត​ថា “ពួក​ភីលីស្ទីន​នឹង​ចុះ​មក​វាយ​ខ្ញុំ​នៅ​គីល‌កាល់​ជា​មិន​ខាន តែ​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់”។ ដូច្នេះ ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ថ្វាយ​តង្វាយ​ដុត​នេះ​ទៅ»។ លោក​សាំយូ‌អែល​ទូល​ព្រះ‌បាទ​សូល​ថា៖ «ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា! គឺ​ព្រះ‌ករុណា​មិន​ធ្វើ​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា បាន​បង្គាប់​មក​ទេ។ បើ​ព្រះ‌ករុណា​ធ្វើ​តាម​នោះ ម៉្លេះ​សម​ព្រះ‌អម្ចាស់​ពង្រឹង​រាជ្យ​របស់​ព្រះ‌ករុណា ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ខាន។ ឥឡូវ​នេះ រាជ្យ​របស់​ព្រះ‌ករុណា​មិន​អាច​គង់‌វង្ស​ឡើយ ព្រះ‌អម្ចាស់​ស្វែង​រក​មនុស្ស​ម្នាក់​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ រួច​តែង‌តាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រោះ​ព្រះ‌ករុណា​មិន​បាន​ធ្វើ​តាម​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ទេ»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ