១ សាំយូអែល 1

1
លោក​អេលី និង​សាំយូ‌អែល
នាង​ហាណា​នៅ​កន្លែង​សក្ការៈ​ស៊ីឡូ
1មាន​បុរស​ម្នាក់​ឈ្មោះ​អែលកាណា រស់​នៅ​ភូមិ​រ៉ាម៉ា‌ថែម-‌សូភីម ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម គាត់​ត្រូវ​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​ចៅ​របស់​លោក​អេលី‌ហ៊ូវ ជា​ចៅ‌ទួត​របស់​លោក​ថូ‌ហ៊ូវ ហើយ​ត្រូវ​ជា​ចៅ‌លួត​របស់​លោក​ស៊ូភ ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ 2បុរស​នោះ​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហាណា និង​ម្នាក់​ទៀត​ឈ្មោះ​ពេនីណា។ នាង​ពេនីណា​មាន​កូន​ច្រើន រីឯ​នាង​ហាណា​វិញ នាង​គ្មាន​កូន​ទេ។ 3រៀង​រាល់​ឆ្នាំ លោក​អែល‌កាណា​តែងតែ​ធ្វើ​ដំណើរ​ពី​ភូមិ​របស់​គាត់ ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*​នៅ​ស៊ីឡូ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ទៀត​ផង។ នៅ​គ្រា​នោះ កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​អេលី គឺ​លោក​ហូប‌នី និង​លោក​ភីនេ‌ហាស ធ្វើ​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ។ 4នៅ​ថ្ងៃ​ថ្វាយ​យញ្ញ‌បូជា លោក​អែល‌កាណា​មាន​ទម្លាប់​យក​សាច់​ទៅ​ឲ្យ​នាង​ពេនីណា​ជា​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​ទាំង​អស់​របស់​នាង មួយ​ចំណែក​ម្នាក់។ 5ប៉ុន្តែ ចំពោះ​នាង​ហាណា​វិញ គាត់​បាន​ឲ្យ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​គាត់​ស្រឡាញ់​នាង​ច្រើន​ជាង ទោះ​បី​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ​ក៏​ដោយ។ 6នាង​ពេនីណា ជា​គូ‌វិវាទ តែងតែ​រុក‌គួន​បញ្ឈឺ​ចិត្ត​នាង​ហាណា ក្នុង​គោល​បំណង​ឲ្យ​នាង​ខឹង​នឹង​ព្រះ‌អម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ។ 7នាង​ពេនីណា​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ពេល​ដែល​នាង​ហាណា​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ នាង​ពេនីណា​តែងតែ​រុក‌គួន​នាង​ជានិច្ច ធ្វើ​ឲ្យ​នាង​ហាណា​យំ មិន​ព្រម​បរិភោគ​អ្វី​សោះ។ 8ពេល​នោះ លោក​អែលកា‌ណា​ជា​ប្ដី សួរ​ទៅ​នាង​ថា៖ «ហាណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? ឬ​មួយ​ខ្ញុំ​គ្មាន​តម្លៃ​ស្មើ​នឹង​កូន​ដប់​នាក់​ទេ​ឬ?»។
9ក្រោយ​ពេល​គេ​បរិភោគ និង​ផឹក​រួច​ហើយ នាង​ហាណា​ក្រោក​ឡើង ចូល​ទៅ​ព្រះ‌វិហារ នៅ​ស៊ីឡូ។ ពេល​នោះ លោក​បូជា‌ចារ្យ​អេលី​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់10នាង​តូច​ចិត្ត​ជា​ខ្លាំង ហើយ​អធិស្ឋាន​ទៅ​រក​ព្រះ‌អម្ចាស់ ទាំង​យំ​ហូរ​ទឹក​ភ្នែក​រហាម។ 11 នាង​ទូល‌អង្វរ​ព្រះអង្គ ដោយ​សច្ចា​ថា៖ «ឱ! ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​ទត​មក​ខ្ញុំ​ម្ចាស់ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ​ម្ចាស់ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ម្ចាស់​ឡើយ។ ប្រសិន​បើ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​មួយ ខ្ញុំ​ម្ចាស់​នឹង​យក​កូន​នោះ​មក​ថ្វាយ​ព្រះអង្គ ដើម្បី​ឲ្យ​នៅ​បម្រើ​ព្រះអង្គ​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។ 12នាង​ហាណា​អធិស្ឋាន​យ៉ាង​យូរ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ពេល​នោះ លោក​អេលី​សង្កេត​មើល​មាត់​របស់​នាង។ 13នាង​អធិស្ឋាន​ស្ងាត់ៗ ឃើញ​តែ​បបូរ​មាត់​កម្រើក​តិចៗ ឥត​មាន​ឮ​សូរ​សំឡេង​ទេ។ ដូច្នេះ លោក​អេលី​នឹក​ស្មាន​ថា នាង​ស្រវឹង​ស្រា។ 14លោក​ក៏​ពោល​ទៅ​នាង​ថា៖ «តើ​នាង​នៅ​ស្រវឹង​ដល់​អង្កាល់​ទៀត ល្មម​ស្វាង​ហើយ!»។ 15នាង​ហាណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​មាន​ទុក្ខ នាង​ខ្ញុំ​ពុំ​បាន​ទទួល​ទាន​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ទេ។ នាង​ខ្ញុំ​នៅ​ទី​នេះ ដើម្បី​ទូល​ព្រះ‌អម្ចាស់​ពី​ទុក្ខ​ព្រួយ​របស់​នាង​ខ្ញុំ។ 16សូម​កុំ​ចាត់​ទុក​នាង​ខ្ញុំ​ថា​ជា​ស្ត្រី​អាក្រក់​ឡើយ នាង​ខ្ញុំ​ទូល​ថ្វាយ​ព្រះអង្គ​យ៉ាង​យូរ​ដូច្នេះ ព្រោះ​នាង​ខ្ញុំ​ឈឺ​ចាប់ និង​មាន​ទុក្ខ​កង្វល់​ហួស​ប្រមាណ»។ 17លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត! សូម​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រោស​ប្រទាន​ឲ្យ​នាង​បាន​សម្រេច​តាម​ពាក្យ​របស់​នាង​ចុះ!»។ 18នាង​ហាណា​ឆ្លើយ​ថា៖ «សូម​លោក​ម្ចាស់​សម្តែង​សេចក្ដី​មេត្តា​ករុណា​ដល់​នាង​ខ្ញុំ​ផង!»។ បន្ទាប់​មក នាង​ក៏​ចេញ​ទៅ ហើយ​បរិភោគ​ម្ហូប​អាហារ ព្រម​ទាំង​មាន​ទឹក​មុខ​ស្រស់‌បស់​ឡើង​វិញ។ 19លោក​អែល‌កាណា និង​គ្រួសារ​គាត់ ក្រោក​ពី​ព្រលឹម ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​នៅ​ឯ​រ៉ាម៉ា​វិញ។
កំណើត និង​កុមារ‌ភាព​របស់​លោក​សាំយូ‌អែល
លោក​អែលកា‌ណា​រួម​រស់​ជា​មួយ​នាង​ហាណា​ជា​ប្រពន្ធ ហើយ​ព្រះ‌អម្ចាស់​ក៏​នឹក​ឃើញ​នាង។ 20នៅ​ឆ្នាំ​នោះ នាង​ហាណា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា «សាំយូ‌អែល» ដ្បិត​នាង​ពោល​ថា «ខ្ញុំ​បាន​ទូល​សូម​កូន​នេះ​ពី​ព្រះ‌អម្ចាស់»។
21ក្រោយ​មក លោក​អែលកា‌ណា ជា​ប្ដី បាន​នាំ​គ្រួសារ​របស់​គាត់​ទាំង​អស់​គ្នា យក​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។ 22ប៉ុន្តែ នាង​ហាណា​ពុំ​បាន​ទៅ​ជា​មួយ​ទេ ដ្បិត​នាង​បាន​ប្រាប់​ប្ដី​ថា៖ «នៅ​ពេល​កូន​ខ្ញុំ​ផ្ដាច់​ដោះ នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​ទុក​វា​នៅ​ទី​នោះ​រហូត»។ 23លោក​អែលកា‌ណា​ជា​ប្ដី តប​វិញ​ថា៖ «ចូរ​ធ្វើ​តាម​ដែល​នាង​យល់​ឃើញ​ថា​ល្អ​ចុះ។ ដូច្នេះ ចូរ​នៅ​ជា​មួយ​កូន​រហូត​ដល់​ពេល​ផ្ដាច់​ដោះ ហើយ​សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ»។ នាង​ហាណា​ក៏​នៅ​ចាំ​ផ្ទះ និង​បំបៅ​កូន រហូត​ដល់​ពេល​ផ្ដាច់​ដោះ។
24លុះ​នាង​ផ្ដាច់​ដោះ​កូន​ហើយ នាង​ក៏​នាំ​កូន​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ស៊ីឡូ ព្រម​ទាំង​យក​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​ថាំង និង​ស្រា​ទំពាំង‌បាយជូរ​មួយ​ថង់​ស្បែក​ទៅ​ជា​មួយ​ផង។ ពេល​នោះ កុមារ​សាំយូ‌អែល​នៅ​ក្មេង​ណាស់។ 25គេ​សម្លាប់​គោ​នោះ ហើយ​នាំ​កុមារ​ទៅ​ជួប​លោក​អេលី។ 26នាង​ហាណា​ពោល​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​ឈរ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ កាល​ពី​មុន នៅ​ទី​នេះ ជិត​លោក។ នេះ​ជា​ការ​ពិត ដូច​លោក​ម្ចាស់​មាន​ជីវិត​នៅ​សព្វ​ថ្ងៃ​ដែរ។ 27នាង​ខ្ញុំ​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់​សូម​ឲ្យ​មាន​កូន ហើយ​ព្រះអង្គ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។ 28ឥឡូវ​នេះ នាង​ខ្ញុំ​សូម​យក​កូន​មក​ថ្វាយ​ព្រះ‌អម្ចាស់ ឲ្យ​នៅ​ជា​មួយ​ព្រះអង្គ​អស់​មួយ​ជីវិត»។ បន្ទាប់​មក គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់

ទើបបានជ្រើសរើសហើយ៖

១ សាំយូអែល 1: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល