១ ពេត្រុស 4:12-19

១ ពេត្រុស 4:12-19 គខប

បងប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង ​ដែល​កើត​មាន ដើម្បី​លត់‌ដំ​បងប្អូន​នោះ សូម​កុំ​ងឿង‌ឆ្ងល់ ដោយ​គិត​ថា​ជា​ព្រឹត្តិ‌ការណ៍​អ្វី​មួយ​ដ៏​ចម្លែក​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​មាន​ចិត្ត​រីក‌រាយ​ឡើង ព្រោះ​បងប្អូន​រង‌ទុក្ខ​លំបាក​ផ្សេងៗ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត*។ បងប្អូន​មុខ​ជា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​ព្រះអង្គ​បង្ហាញ​សិរី‌រុងរឿង​របស់​ព្រះអង្គ។ ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល​បងប្អូន ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌គ្រិស្ត* នោះ​បងប្អូន​មាន​សុភមង្គល*​ហើយ ដ្បិត​ព្រះ‌វិញ្ញាណ​ប្រកប​ដោយ​សិរី‌រុងរឿង គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​លើ​បងប្អូន។ ក្នុង​ចំណោម​បងប្អូន សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​រង‌ទុក្ខ​លំបាក ព្រោះ​បាន​សម្លាប់​គេ លួច​គេ ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​ឡូក‌ឡំ​ក្នុង​រឿងរ៉ាវ​របស់​អ្នក​ដទៃ​ឡើយ។ ប៉ុន្តែ បើ​បងប្អូន​ណា​រង‌ទុក្ខ​លំបាក ក្នុង​នាម​ជា​គ្រិស្ត‌បរិស័ទ កុំ​អៀន​ខ្មាស​ឲ្យ​សោះ ផ្ទុយ​ទៅ​វិញ បងប្អូន​នោះ​ត្រូវ​តែ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជា‌ម្ចាស់ ព្រោះ​តែ​នាម​នេះ។ ពេល​កំណត់​ដែល​ព្រះ‌ជា‌ម្ចាស់​ចាប់​ផ្តើម​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​មក​ដល់​ហើយ គឺ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​មុន​គេ។ ប្រសិន​បើ​ព្រះអង្គ​ចាប់​ផ្ដើម​វិនិច្ឆ័យ​ទោស​ពី​យើង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​អស់​អ្នក​ដែល​ពុំ​ព្រម​ជឿ​ដំណឹង‌ល្អ​របស់​ព្រះ‌ជា‌ម្ចាស់​វិញ តើ​នឹង​ធ្លាក់​ទៅ​ដល់​កម្រិត​ណា!។ បើ​មនុស្ស​សុចរិត*​រួច​ជីវិត​ទាំង​ពិបាក​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​មនុស្ស​ទុច្ចរិត និង​មនុស្ស​បាប​វិញ តើ​នឹង​ទៅ​ជា​យ៉ាង​ណា!។ ហេតុ​នេះ អស់​អ្នក​ដែល​រង‌ទុក្ខ​លំបាក ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អាទិករ*​ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពេត្រុស 4:12-19