១ ពេត្រុស 4:12-19

១ ពេត្រុស 4:12-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មាន​សេចក្តី​ចម្លែក​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ ចូរ​អរ​សប្បាយ​វិញ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេក​អរ និង​រីក‌រាយ​ជា​ខ្លាំង នៅ​ពេល​សិរី​ល្អ​របស់​ព្រះ‌អង្គ​លេច​មក។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ត្រូវ​គេ​តិះ‌ដៀល​ដោយ​ព្រោះ​ព្រះ​នាម​របស់​ព្រះ‌គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏​មាន​សិរី​ល្អ គឺ​ជា​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវឲ្យ​អ្នក​ណា​ម្នាក់​រង​ទុក្ខ ដោយ​ព្រោះ​សម្លាប់​គេ លួច​គេ ធ្វើ​ការ​អាក្រក់ ឬ​ចូល​ដៃ​ក្នុងរឿង​របស់​អ្នក​ដទៃ​ឡើយ។ ប៉ុន្ដែ បើ​អ្នក​ណា​ម្នាក់​រង​ទុក្ខ​ក្នុង​នាម​ជា​គ្រីស្ទ‌បរិស័ទ នោះ​មិន​ត្រូវ​ខ្មាស​ឡើយ ចូរ​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​នាម​នោះ​វិញ។ ដ្បិត​នេះ​ជា​ពេល​វេលា​ជំនុំ‌ជម្រះ ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ដំណាក់​របស់​ព្រះ ហើយ​ប្រសិន‌បើ​ការ​នេះ​ចាប់​ផ្តើម​ពី​យើង​ទៅ​ហើយ នោះ​តើ​ចុង​បំផុត​របស់​អស់​អ្នក​ដែល​មិន​ស្តាប់​បង្គាប់​តាម​ដំណឹង​ល្អ​របស់​ព្រះ នោះ​នឹង​ទៅ​ជា​យ៉ាង​ណា? ហើយ «បើ​មនុស្ស​សុចរិត​បាន​សង្រ្គោះ​ទាំង​ពិបាក​ទៅ​ហើយ តើ​មនុស្ស​ទមិឡ​ល្មើស និង​មនុស្ស​បាប នោះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​រង​ទុក្ខ​លំបាក​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ផ្ញើ​ព្រលឹងរបស់​ខ្លួន​ទុក​នឹង​ព្រះ​អាទិករ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ទាំង​ប្រព្រឹត្តអំពើ​ល្អ​ចុះ។

ចែក​រំលែក
អាន ១ ពេត្រុស 4

១ ពេត្រុស 4:12-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង ​ដែល​កើត​មាន ដើម្បី​លត់‌ដំ​បងប្អូន​នោះ សូម​កុំ​ងឿង‌ឆ្ងល់ ដោយ​គិត​ថា​ជា​ព្រឹត្តិ‌ការណ៍​អ្វី​មួយ​ដ៏​ចម្លែក​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​មាន​ចិត្ត​រីក‌រាយ​ឡើង ព្រោះ​បងប្អូន​រង‌ទុក្ខ​លំបាក​ផ្សេងៗ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត*។ បងប្អូន​មុខ​ជា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​ព្រះអង្គ​បង្ហាញ​សិរី‌រុងរឿង​របស់​ព្រះអង្គ។ ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល​បងប្អូន ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌គ្រិស្ត* នោះ​បងប្អូន​មាន​សុភមង្គល*​ហើយ ដ្បិត​ព្រះ‌វិញ្ញាណ​ប្រកប​ដោយ​សិរី‌រុងរឿង គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​លើ​បងប្អូន។ ក្នុង​ចំណោម​បងប្អូន សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​រង‌ទុក្ខ​លំបាក ព្រោះ​បាន​សម្លាប់​គេ លួច​គេ ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​ឡូក‌ឡំ​ក្នុង​រឿងរ៉ាវ​របស់​អ្នក​ដទៃ​ឡើយ។ ប៉ុន្តែ បើ​បងប្អូន​ណា​រង‌ទុក្ខ​លំបាក ក្នុង​នាម​ជា​គ្រិស្ត‌បរិស័ទ កុំ​អៀន​ខ្មាស​ឲ្យ​សោះ ផ្ទុយ​ទៅ​វិញ បងប្អូន​នោះ​ត្រូវ​តែ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជា‌ម្ចាស់ ព្រោះ​តែ​នាម​នេះ។ ពេល​កំណត់​ដែល​ព្រះ‌ជា‌ម្ចាស់​ចាប់​ផ្តើម​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​មក​ដល់​ហើយ គឺ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​មុន​គេ។ ប្រសិន​បើ​ព្រះអង្គ​ចាប់​ផ្ដើម​វិនិច្ឆ័យ​ទោស​ពី​យើង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​អស់​អ្នក​ដែល​ពុំ​ព្រម​ជឿ​ដំណឹង‌ល្អ​របស់​ព្រះ‌ជា‌ម្ចាស់​វិញ តើ​នឹង​ធ្លាក់​ទៅ​ដល់​កម្រិត​ណា!។ បើ​មនុស្ស​សុចរិត*​រួច​ជីវិត​ទាំង​ពិបាក​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​មនុស្ស​ទុច្ចរិត និង​មនុស្ស​បាប​វិញ តើ​នឹង​ទៅ​ជា​យ៉ាង​ណា!។ ហេតុ​នេះ អស់​អ្នក​ដែល​រង‌ទុក្ខ​លំបាក ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អាទិករ*​ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់។

ចែក​រំលែក
អាន ១ ពេត្រុស 4

១ ពេត្រុស 4:12-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កើត​មាន​សេចក្ដី​ចំឡែក​នោះ​ឡើយ ត្រូវ​អរ​សប្បាយ​វិញ ដោយ​ព្រោះ​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង ក្នុង​កាល​ដែល​សិរី‌ល្អ​ទ្រង់​លេច​មក បើ​សិន​ជា​គេ​តិះ‌ដៀល​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ នោះ​មាន​ពរ​ហើយ ពី​ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏​មាន​សិរី‌ល្អ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ណា​មួយ​រង​ទុក្ខ​ទោស ដោយ​ព្រោះ​សំឡាប់​គេ ឬ​លួច​គេ ឬ​ធ្វើ​ការ​អាក្រក់ ឬ​សៀត​ចូល​ក្នុង​ការ​របស់​អ្នក​ដទៃ​ឡើយ តែ​បើ​រង​ទុក្ខ ដោយ​ព្រោះ​ជា​ពួក​គ្រីស្ទាន​វិញ នោះ​កុំ​ឲ្យ​ខ្មាស​ឲ្យ​សោះ ចូរ​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ព្រោះ​នាម​នោះ​វិញ ដ្បិត​ពេល​វេលា​ដែល​សេចក្ដី​ជំនុំ‌ជំរះ​ត្រូវ​ចាប់​ផ្តើម​ពី​ដំណាក់​នៃ​ព្រះ​ទៅ នោះ​បាន​មក​ដល់​ហើយ បើ​សិន​ជា​ចាប់​តាំង​ពី​យើង​រាល់​គ្នា​ជា​មុន​ដូច្នេះ នោះ​តើ​ចុង​បំផុត​របស់​ពួក​អ្នក ដែល​មិន​ជឿ​តាម​ដំណឹង​ល្អ​នៃ​ព្រះ នឹង​បាន​ជា​យ៉ាង​ដូច​ម្តេច​ទៅ បើ​មនុស្ស​សុចរិត​បាន​រួច​ដោយ​ពិបាក​ផង នោះ​ពួក​ទមិល​ល្មើស នឹង​ពួក​មាន​បាប​នឹង​លេច​មក​នៅ​ឯ​ណា ដូច្នេះ ពួក​អ្នក​ដែល​រង​ទុក្ខ តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ នោះ​ត្រូវ​ផ្ញើ​ព្រលឹង​ខ្លួន​ទុក​នឹង​ព្រះ​ដ៏​បង្ក‌បង្កើត ដែល​ទ្រង់​ស្មោះ‌ត្រង់ ដោយ​ខ្លួន​ប្រព្រឹត្ត​ការ​ល្អ​ចុះ។

ចែក​រំលែក
អាន ១ ពេត្រុស 4