១ ពេត្រុស 1:3-12

១ ពេត្រុស 1:3-12 គខប

សូម​សរសើរ​តម្កើង​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​យើង​ឲ្យ​កើត​ជា​ថ្មី ដោយ​ប្រោស​ព្រះ‌យេស៊ូ‌គ្រិស្ត*​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ស្រប​តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លុប​របស់​ព្រះអង្គ ដូច្នេះ យើង​មាន​សេចក្ដី​សង្ឃឹម​ដែល​មិន​ចេះ​សាប​សូន្យ ហើយ​យើង​នឹង​ទទួល​មត៌ក ដែល​មិន​ចេះ​រលួយ មិន​ចេះ​សៅ‌ហ្មង មិន​ចេះ​ស្រពោន។ ព្រះ‌ជា‌ម្ចាស់​បម្រុង​ទុក​មត៌ក​នេះ​ឲ្យ​បងប្អូន​នៅ​ស្ថាន​បរម‌សុខ* ហើយ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ថែ‌រក្សា​បងប្អូន ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​បងប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ព្រះអង្គ​បាន​រៀបចំ​ទុក​ជា​ស្រេច ហើយ​ដែល​ព្រះអង្គ​នឹង​សម្តែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។ ហេតុ​នេះ​ហើយ​បាន​ជា​បងប្អូន​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ទោះ​បី​ពេល​នេះ បងប្អូន​ព្រួយ​ចិត្ត​ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ក្នុង​មួយ​រយៈ​ពេល​ខ្លី​ក៏​ដោយ។ ទុក្ខ​លំបាក​ទាំង​នេះ​នឹង​លត់‌ដំ ​ជំនឿ​របស់​បងប្អូន ឲ្យ​មាន​តម្លៃ​លើស​មាស ដែល​តែងតែ​រលាយ​សូន្យ​នោះ​ទៅ​ទៀត គឺ​មាស​ដែល​សម្រាំង​ក្នុង​ភ្លើង។ នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ​គ្រិស្ត​សម្តែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ឃើញ ជំនឿ​របស់​បងប្អូន​នឹង​ទទួល​ការ​សរសើរ ទទួល​សិរី‌រុងរឿង និង​កិត្តិយស​ជា​មិន​ខាន។ បងប្អូន​មិន​ដែល​បាន​ឃើញ​ព្រះអង្គ​ទេ តែ​បងប្អូន​ស្រឡាញ់​ព្រះអង្គ ទោះ​បី​បងប្អូន​នៅ​តែ​ពុំ​ទាន់​ឃើញ​ព្រះអង្គ​ក្ដី ក៏​បងប្អូន​ជឿ​លើ​ព្រះអង្គ ហើយ​មាន​អំណរ​សប្បាយ​ដ៏​រុងរឿង​រក​ថ្លែង​ពុំ​បាន ព្រោះ​បងប្អូន​បាន​ទទួល​ការ​សង្គ្រោះ​សម្រាប់​ព្រលឹង​ខ្លួន ដែល​ជា​ទី‌ដៅ​នៃ​ជំនឿ​របស់​បងប្អូន។ ព្យាការី*​ដែល​ថ្លែង​ព្រះ‌បន្ទូល*​អំពី​ព្រះ‌គុណ ដែល​បម្រុង​សម្រាប់​បងប្អូន បាន​នាំ​គ្នា​ស្រាវ‌ជ្រាវ និង​រិះ​រក​ចង់​ដឹង​អំពី​ការ​សង្គ្រោះ​នេះ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ត​ដែល​គង់​នៅ​ក្នុង​ព្យាការី​ទាំង​នោះ បាន​បញ្ជាក់​ប្រាប់​ជា​មុន​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ត និង​អំពី​សិរី‌រុងរឿង​ដែល​ព្រះអង្គ​នឹង​ទទួល​តាម​ក្រោយ។ ពួក​លោក​ក៏​បាន​រិះគិត​ចង់​ដឹង​ថា តើ​ព្រឹត្តិ‌ការណ៍​នេះ​នឹង​កើត​មាន​នៅ​ជំនាន់​ណា ក្នុង​កាលៈ‌ទេសៈ​ណា។ ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​ឲ្យ​ព្យាការី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​លោក​ថ្លែង​មិន​មែន​សម្រាប់​ពួក​លោក​ទេ គឺ​សម្រាប់​បងប្អូន​វិញ។ ឥឡូវ​នេះ ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​បាន​នាំ​ដំណឹង​មក​ប្រាប់​បងប្អូន​អំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​ពី​ស្ថាន​បរម‌សុខ​មក។ សូម្បី​តែ​ពួក​ទេវតា*​ក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពេត្រុស 1:3-12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ