១ ពង្សាវតារក្សត្រ 3
3
ព្រះបាទសាឡូម៉ូនរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទផារ៉ោន
1ព្រះបាទសាឡូម៉ូនបានចងសម្ពន្ធមិត្តជាមួយព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ដោយរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទផារ៉ោន។ ព្រះរាជានាំមហេសីមកគង់ក្នុងបុរីព្រះបាទដាវីឌ រហូតទាល់តែវាំងរបស់ស្ដេច ព្រមទាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងកំពែងក្រុងយេរូសាឡឹមត្រូវបានសង់ចប់សព្វគ្រប់។
2នៅគ្រានោះ ប្រជាជនតែងតែថ្វាយយញ្ញបូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រោះគេពុំទាន់បានសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់នៅឡើយ។ 3ព្រះបាទសាឡូម៉ូនស្រឡាញ់ព្រះអម្ចាស់ និងប្រព្រឹត្តតាមដំបូន្មានដែលព្រះបាទដាវីឌ ជាបិតាបានផ្ដែផ្ដាំ ប៉ុន្តែ ព្រះរាជាក៏ធ្វើពិធីថ្វាយយញ្ញបូជា និងគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
ព្រះបាទសាឡូម៉ូនទូលសូមប្រាជ្ញាពីព្រះជាម្ចាស់
(២ របាក្សត្រ ១.២-១៣)
4ថ្ងៃមួយ ព្រះរាជាយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជា ដ្បិតទីនោះជាកន្លែងសក្ការៈសំខាន់ជាងគេ។ ព្រះបាទសាឡូម៉ូនបានថ្វាយសត្វមួយពាន់ ជាតង្វាយដុតទាំងមូល នៅលើអាសនៈនោះ។ 5ក្នុងពេលដែលព្រះបាទសាឡូម៉ូនគង់នៅគីបៀន ព្រះអម្ចាស់បានសម្តែងឲ្យស្ដេចឃើញ ក្នុងសុបិននិមិត្តនៅពេលយប់។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ!»។ 6ព្រះបាទសាឡូម៉ូនទូលថា៖ «ព្រះអង្គបានសម្តែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រោះបិតាទូលបង្គំរស់នៅដោយភក្ដីភាព សុចរិត និងមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ។ ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ ដោយប្រោសប្រទានឲ្យស្ដេចមានបុត្រមួយអង្គ ឡើងស្នងរាជ្យនៅថ្ងៃនេះ។ 7បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ព្រះអង្គបានតែងតាំងទូលបង្គំឲ្យឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតាទូលបង្គំ។ ប៉ុន្តែ ទូលបង្គំនៅក្មេងខ្ចីពេក មិនទាន់ចេះគ្រប់គ្រងស្រុកនៅឡើយ។ 8ទូលបង្គំត្រូវដឹកនាំប្រជាជនដែលព្រះអង្គបានជ្រើសរើស គឺប្រជាជនដ៏ច្រើនឥតគណនា។ 9ហេតុនេះ សូមព្រះអង្គប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញាឈ្លាសវៃ ដើម្បីគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ហើយឲ្យទូលបង្គំចេះវិនិច្ឆ័យ ស្គាល់ការល្អ ការអាក្រក់ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនឥតគណនារបស់ព្រះអង្គបាន?»។
10ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងការទូលសូមរបស់ព្រះបាទសាឡូម៉ូនណាស់ 11ព្រះអង្គក៏មានព្រះបន្ទូលថា៖ «អ្នកមិនបានទូលសូមឲ្យមានអាយុវែង មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ឬឲ្យខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកទូលសូមឲ្យមានប្រាជ្ញាឈ្លាសវៃ និងការយល់ដឹង ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌។ 12ដូច្នេះ យើងនឹងធ្វើតាមការទូលសូមរបស់អ្នក គឺយើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង ដែលគ្មាននរណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្ដី ឬទៅអនាគតក្ដី។ 13លើសពីនេះ យើងក៏ផ្ដល់ឲ្យអ្នកមានអ្វីៗដែលអ្នកមិនបានទូលសូមយើងដែរ គឺទ្រព្យសម្បត្តិ ភាពថ្កុំថ្កើងរុងរឿង។ ក្នុងមួយជីវិតរបស់អ្នក គ្មានស្ដេចណាមួយអាចប្រៀបស្មើនឹងអ្នកបានឡើយ។ 14មួយវិញទៀត ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រតិបត្តិតាមច្បាប់ និងបទបញ្ជារបស់យើង ដូចដាវីឌ ជាបិតារបស់អ្នក នោះយើងនឹងឲ្យអ្នកមានអាយុវែង»។
15ព្រះបាទសាឡូម៉ូនតើនឡើង ហើយជ្រាបថាព្រះជាម្ចាស់មានព្រះបន្ទូលមកស្ដេច តាមរយៈសុបិននិមិត្តនេះ។ ព្រះរាជាយាងត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយទៅថ្វាយបង្គំព្រះអម្ចាស់ នៅមុខហិបនៃសម្ពន្ធមេត្រី*។ ព្រះរាជាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព រួចជប់លៀងនាម៉ឺនមន្ត្រីទាំងអស់។
ស្ត្រីពីរនាក់ដណ្ដើមកូនគ្នា
16មានស្ត្រីពេស្យាពីរនាក់ចូលមកគាល់ព្រះបាទសាឡូម៉ូន។ 17ស្ត្រីម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ខ្ញុំម្ចាស់ និងស្ត្រីម្នាក់នេះ រស់នៅក្នុងផ្ទះជាមួយគ្នា។ នៅពេលដែលស្ត្រីនេះស្នាក់នៅជាមួយ ខ្ញុំម្ចាស់សម្រាលបានកូនមួយ។ 18បីថ្ងៃក្រោយខ្ញុំម្ចាស់សម្រាលកូន នាងនេះក៏សម្រាលបានកូនមួយដែរ។ នៅក្នុងផ្ទះ គ្មានអ្នកផ្សេងទេ គឺមានតែខ្ញុំម្ចាស់ពីរនាក់ប៉ុណ្ណោះ។ 19យប់មួយ កូនរបស់ស្ត្រីនោះស្លាប់ ដោយនាងដេកសង្កត់លើ។ 20លុះដល់ពាក់កណ្ដាលអធ្រាត្រ ពេលខ្ញុំម្ចាស់កំពុងដេកលក់ នាងក៏ក្រោកឡើងចូលមកបីកូនខ្ញុំម្ចាស់ ដែលដេកនៅជិតខ្ញុំម្ចាស់ យកទៅដាក់ដេកក្បែរនាង រួចនាងយកកូនរបស់នាងដែលស្លាប់នោះ មកដាក់ជិតខ្ញុំម្ចាស់វិញ។ 21ព្រឹកឡើង កាលខ្ញុំម្ចាស់ភ្ញាក់ពីដំណេក ដើម្បីបំបៅកូន ខ្ញុំម្ចាស់ឃើញថា កូនស្លាប់បាត់ទៅហើយ។ លុះខ្ញុំម្ចាស់ពិនិត្យមើលយ៉ាងច្បាស់លាស់ ក៏ឃើញថា មិនមែនជាកូនរបស់ខ្ញុំម្ចាស់ទេ»។ 22ពេលនោះ ស្ត្រីម្នាក់ទៀតស្រែកឡើងថា៖ «មិនពិតទេ! កូនរបស់ខ្ញុំនៅរស់ គឺកូនរបស់នាងទេដែលស្លាប់»។ ប៉ុន្តែ ស្ត្រីទីមួយឆ្លើយថា «មិនមែនទេ! កូននាងស្លាប់ហើយ គឺកូនខ្ញុំទេដែលនៅរស់»។ ដូច្នេះ ស្ត្រីទាំងពីរនាក់ក៏ប្រកែកគ្នា នៅចំពោះព្រះភ័ក្ត្រស្ដេច។
23ព្រះរាជាមានរាជឱង្ការថា៖ «ក្នុងចំណោមនាងទាំងពីរ មានម្នាក់ពោលថា “កូនដែលនៅរស់ជាកូនរបស់ខ្ញុំ ហើយកូនដែលស្លាប់ជាកូនរបស់នាង”។ រីឯម្នាក់ទៀតពោលថា “មិនមែនទេ! កូនរបស់នាងស្លាប់ហើយ គឺកូនរបស់ខ្ញុំទេ ដែលនៅរស់!”»។ 24ព្រះរាជាបង្គាប់ថា៖ «ចូរយកដាវមកឲ្យយើង»។ ពេលគេយកដាវមកដល់ 25ទ្រង់មានរាជឱង្ការថា៖ «ចូរកាប់កូននេះជាពីរចំណែក ហើយចែកមួយចំហៀងម្នាក់ៗឲ្យស្ត្រីទាំងពីរចុះ»។ 26ស្ត្រីជាម្ដាយរបស់កូនដែលនៅរស់ មានចិត្តអាណិតមេត្តាកូនរបស់ខ្លួនយ៉ាងខ្លាំង ក៏ទូលព្រះរាជាថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ខ្ញុំម្ចាស់សូមអង្វរព្រះករុណាមេត្តាប្រទានកូនដែលនៅរស់ឲ្យស្ត្រីនេះចុះ! សូមកុំសម្លាប់វាឡើយ»។ ចំណែកឯស្ត្រីម្នាក់ទៀតពោលថា៖ «សូមកាប់កូននេះជាពីរទៅ! ធ្វើដូច្នេះ កូននេះនឹងមិនបានមកខ្ញុំ ឬបានទៅនាងឡើយ»។ 27ពេលនោះ ព្រះរាជាមានរាជឱង្ការថា៖ «កុំសម្លាប់កូននេះ! ចូរប្រគល់វាឲ្យស្ត្រីទីមួយចុះ ដ្បិតនាងពិតជាម្ដាយរបស់កូនដែលនៅរស់មែន!»។
28ប្រជាជនអ៊ីស្រាអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ព្រះបាទសាឡូម៉ូន ហើយពួកគេនាំគ្នាគោរពកោតខ្លាចព្រះរាជា ព្រោះពួកគេយល់ឃើញថា ព្រះជាម្ចាស់ប្រទានប្រាជ្ញាញាណមកស្ដេច ដើម្បីកាត់ក្ដីនេះ។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 3: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.