១ ពង្សាវតារក្សត្រ 2

2
បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះ‌បាទ​ដាវីឌ
1ពេល​ព្រះ‌បាទ​ដាវីឌ​ជិត​សោយ​ទិវង្គត ទ្រង់​ផ្ដែ‌ផ្ដាំ​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​ថា៖ 2«បិតា​ជិត​លា​ចាក​លោក​នេះ​ហើយ ចូរ​បុត្រ​មាន​ចិត្ត​ក្លាហាន​ឲ្យ​សម​ជា​មនុស្ស​ពេញ​លក្ខណៈ! 3ចូរ​ស្ដាប់​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុត្រ។ ចូរ​ដើរ​ក្នុង​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច ហើយ​កាន់​តាម​ច្បាប់ តាម​បញ្ជា តាម​វិន័យ និង​តាម​ដំបូន្មាន ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ*​របស់​លោក​ម៉ូសេ ដើម្បី​ឲ្យ​បុត្រ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​បុត្រ​ធ្វើ និង​គ្រប់​ទី​កន្លែង​ដែល​បុត្រ​ទៅ។ 4ពេល​បុត្រ​ប្រព្រឹត្ត​ដូច្នេះ ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បិតា​ថា “បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​ដែល​ខ្លួន​ដើរ ហើយ​មាន​ចិត្ត​ភក្ដី​ចំពោះ​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​យើង​ដោយ​ស្មោះ និង​គ្មាន​ចិត្ត​វៀច‌វេរ នោះ​ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជានិច្ច”។
5 បុត្រ​ដឹង​ស្រាប់​ហើយ​នូវ​អំពើ​ដែល​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ប្រព្រឹត្ត​ចំពោះ​បិតា ដោយ​ធ្វើ​ឃាត​មេ‌ទ័ព​ពីរ​រូប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើរ។ ក្នុង​ពេល​ដែល​ស្រុក​កំពុង​តែ​សុខ‌សាន្ត‌ត្រាណ លោក​យ៉ូអាប់​បាន​បង្ហូរ​ឈាម​ដូច​ពេល​មាន​សង្គ្រាម។ ដូច្នេះ លោក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឈាម​ដែល​ប្រឡាក់​ជាប់​ខ្សែ​ក្រវាត់ និង​ស្បែក​ជើង​របស់​លោក។ 6ចូរ​ប្រព្រឹត្ត​ចំពោះ​លោក​យ៉ូអាប់​ដោយ​ប្រាជ្ញា​ដ៏​ឈ្លាស‌វៃ​របស់​បុត្រ មិន​ត្រូវ​ទុក​ឲ្យ​លោក​ស្លាប់​ដោយ​សុខ‌សាន្ត ព្រោះ​តែ​ចាស់​ជរា​ឡើយ។
7 ចូរ​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​កាឡាដ ដោយ​សប្បុរស ត្រូវ​ឲ្យ​ពួក​គេ​បរិភោគ​រួម​តុ​ជា​មួយ​បុត្រ ដ្បិត​នៅ​គ្រា​ដែល​បិតា​រត់​ភៀស​ខ្លួន​ពី​អាប់‌សា‌ឡុម ជា​បង​របស់​បុត្រ នោះ​ពួក​គេ​បាន​មក​ជួយ​គាំទ្រ​បិតា។
8 ចូរ​កុំ​ភ្លេច​លោក​ស៊ី‌ម៉ៃ ជា​កូន​របស់​លោក​កេរ៉ា ជា​អ្នក​ភូមិ​បា‌ហ៊ូ‌រីម ក្នុង​ទឹក​ដី​បេន‌យ៉ាមីន គេ​បាន​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​បិតា នៅ​ពេល​បិតា​ភៀស​ខ្លួន​ទៅ​ដល់​ម៉ាហា‌ណែម។ ប៉ុន្តែ ពេល​បិតា​ត្រឡប់​មក​វិញ គេ​បាន​មក​ទទួល​បិតា​នៅ​មាត់​ទន្លេ​យ័រដាន់។ ពេល​នោះ បិតា​បាន​ស្បថ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ថា មិន​សម្លាប់​គេ​ដោយ​មុខ​ដាវ​ឡើយ។ 9ឥឡូវ​នេះ កុំ​លើក‌លែង​ទោស​ឲ្យ​គេ​ឡើយ។ បុត្រ​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ដូច្នេះ បុត្រ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ចំពោះ​គេ ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក៏​ដោយ ក៏​ត្រូវ​ប្រហារ​ជីវិត​គេ​ដែរ»។
ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត
( របាក្សត្រ ២៩.២៦-២៨)
10ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​ស្ដេច​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ 11 ព្រះ‌បាទ​ដាវីឌ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ‌ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម ។
12 ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ ឡើង​ស្នង​រាជ្យ​ព្រះ‌បាទ​ដាវីឌ ហើយ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​រឹង‌មាំ​ណាស់។
រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន
ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ប្រហារ​ជីវិត​សម្ដេច​អដូ‌នី‌យ៉ា
13ថ្ងៃ​មួយ សម្ដេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​ហាគីត យាង​ទៅ​ជួប​នាង​បាត‌សេ‌បា ជា​មាតា​របស់​ព្រះ‌បាទ​សាឡូម៉ូន។ នាង​បាត‌សេ‌បា​សួរ​សម្ដេច​អដូ‌នី‌យ៉ា​ថា៖ «តើ​សម្ដេច​យាង​មក​ទី​នេះ ក្នុង​បំណង​ល្អ​ឬ?»។ សម្ដេច​តប​ថា៖ «ទូលបង្គំ​មក ដោយ​បំណង​ល្អ​ទេ!»។ 14សម្ដេច​អដូ‌នី‌យ៉ា​ពោល​ថា៖ «ទូលបង្គំ​មាន​ការ​មួយ​ចង់​ទូល​ថ្វាយ»។ នាង​តប​ថា៖ «សូម​មាន​រាជ‌ឱង្ការ​មក​ចុះ»។ 15សម្ដេច​អដូ‌នី‌យ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «សម្ដេច​មាតា​ជ្រាប​ហើយ​ថា រាជ‌សម្បត្តិ​ត្រូវ​បាន​មក​ទូលបង្គំ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​សង្ឃឹម​ថា ទូលបង្គំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជ‌សម្បត្តិ​បែរ​ជា​បាន​ទៅ​ព្រះ‌បាទ​សាឡូម៉ូន ជា​អនុជ​របស់​ទូលបង្គំ​ទៅ​វិញ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ដូច្នេះ។ 16ឥឡូវ​នេះ ទូលបង្គំ​មាន​ការ​មួយ​ចង់​ទូល​ថ្វាយ សូម​កុំ​បដិសេធ​ឡើយ»។ នាង​ពោល​ថា៖ «សូម​មាន​រាជ‌ឱង្ការ​មក​ចុះ»។ 17 សម្ដេច​អដូ‌នី‌យ៉ា​ទូល​ថា៖ «សូម​សម្ដេច​មាតា​ទូល​ព្រះ‌បាទ​សាឡូម៉ូន សុំ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​មក​ធ្វើ​ជា​មហេសី​ផង ដ្បិត​ព្រះ‌រាជា​មិន​បដិសេធ​នឹង​សំណូម‌ពរ​របស់​សម្ដេច​មាតា​ទេ»។ 18នាង​បាត‌សេ‌បា​ឆ្លើយ​ថា៖ «មាតា​នឹង​ទៅ​ទូល​ព្រះ‌រាជា​ឲ្យ»។
19នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ទូល​ថ្វាយ​ពី​សំណូម‌ពរ​របស់​សម្ដេច​អដូ‌នី‌យ៉ា។ ព្រះ‌រាជា​យាង​ចុះ​ពី​បល្ល័ង្ក មក​រក​នាង ហើយ​ថ្វាយ‌បង្គំ។ បន្ទាប់​មក ព្រះ‌រាជា​គង់​លើ​បល្ល័ង្ក​វិញ ហើយ​បញ្ជា​ឲ្យ​គេ​ដាក់​បល្ល័ង្ក​មួយ​ថ្វាយ​មាតា នៅ​ខាង​ស្ដាំ។ 20នាង​បាត‌សេ‌បា​ទូល​ព្រះ‌រាជា​ថា៖ «មាតា​មាន​សំណូម‌ពរ​ដ៏​តូច​មួយ​ចំពោះ​បុត្រ សូម​បុត្រ​កុំ​បដិសេធ​ឡើយ!»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​មាតា​មាន​សវនីយ៍​មក​ចុះ បុត្រ​មិន​បដិសេធ​ទេ»។ 21នាង​ពោល​ថា៖ «សូម​បុត្រ​ប្រគល់​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា​បង​របស់​បុត្រ ធ្វើ​ជា​មហេសី»។ 22ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាតា​មក​សុំ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា​បែប​នេះ? ម្ដេច​មិន​សុំ​រាជ​សម្បត្តិ​ឲ្យ​សម្ដេច​តែ​ម្ដង​ទៅ ដ្បិត​សម្ដេច​ជា​បង​របស់​ទូលបង្គំ​ស្រាប់! សូម​មាតា​ប្រគល់​រាជ្យ​នេះ​ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ព្រម​ទាំង​លោក​មេ‌ទ័ព​យ៉ូអាប់ ជា​កូន​អ្នក​ស្រី​សេរូយ៉ា​ទៅ!»។ 23ព្រះ‌បាទ​សាឡូម៉ូន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ទូលបង្គំ​មិន​ប្រហារ​ជីវិត​សម្ដេច​អដូ‌នី‌យ៉ា ដែល​ហ៊ាន​ធ្វើ​សំណូម‌ពរ​បែប​នេះ​ទេ សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ទូលបង្គំ យ៉ាង​ធ្ងន់​ចុះ! 24ទូលបង្គំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ដែល​បាន​ឲ្យ​ទូលបង្គំ​ឡើង​គ្រង​រាជ្យ លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ​ជា​បិតា ព្រម​ទាំង​សន្យា​ប្រទាន​សន្តតិ‌វង្ស​មួយ​មក​ទូលបង្គំ​ថា នៅ​ថ្ងៃ​នេះ សម្ដេច​អដូ‌នី‌យ៉ា​ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត!»។ 25ព្រះ‌បាទ​សាឡូម៉ូន ចាត់​លោក​បេ‌ណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ឲ្យ​ទៅ​ប្រហារ​ជីវិត​សម្ដេច​អដូ‌នី‌យ៉ា។ សម្ដេច​អដូ‌នី‌យ៉ា​ក៏​សោយ​ទិវង្គត​ទៅ។
ព្រះ‌បាទ​សាឡូម៉ូន​ហូត​ងារ​បូជា‌ចារ្យ​ពី​លោក​អបៀ‌ថើរ
26 បន្ទាប់​មក ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ​អបៀ‌ថើរ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ស្រុក​របស់​លោក នៅ​អាណា‌ថោត​វិញ​ចុះ។ លោក​គួរ​តែ​ស្លាប់ ប៉ុន្តែ យើង​មិន​ចង់​សម្លាប់​លោក​ក្នុង​ថ្ងៃ​នេះ​ទេ ព្រោះ​លោក​ធ្លាប់​សែង​ហិប​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជា‌អម្ចាស់ ដើរ​ពី​មុខ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង ហើយ​លោក​ក៏​ធ្លាប់​រួម​សុខ​ទុក្ខ​ជា​មួយ​បិតា​របស់​យើង ក្នុង​ពេល​លំបាក​វេទនា​ដែរ» ។ 27 ព្រះ‌បាទ​សាឡូម៉ូន​បណ្ដេញ​លោក​អបៀ‌ថើរ​ចេញ​ពី​តំណែង​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក ស្ដី​អំពី​ក្រុម​គ្រួសារ​របស់​លោក​អេលី នៅ​ស៊ីឡូ។
ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​យ៉ូអាប់
28ពេល​លោក​យ៉ូអាប់​ជ្រាប​ដំណឹង​នេះ លោក​រត់​គេច​ខ្លួន​ទៅ​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​តោង​ស្នែង​អាសនៈ។ ទោះ​បី​លោក​មិន​បាន​ចូល​រួម​ក្បត់​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ពី​មុន​មែន តែ​ពេល​នេះ លោក​បាន​ចូល​ដៃ​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា។ 29មាន​គេ​នាំ​ដំណឹង​ទៅ​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា លោក​យ៉ូអាប់​រត់​គេច​ខ្លួន​ទៅ​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​ជ្រក​នៅ​ក្បែរ​អាសនៈ។ ពេល​នោះ ព្រះ‌បាទ​សាឡូម៉ូន​ចាត់​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ប្រហារ​លោក​យ៉ូអាប់​ទៅ!»។ 30លោក​បេណា‌យ៉ា​ទៅ​ដល់​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ព្រះ‌រាជា​បញ្ជា​ឲ្យ​លោក​ចេញ​ពី​ទី​នេះ»។ លោក​យ៉ូអាប់​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ចង់​ស្លាប់​នៅ​ទី​នេះ»។ លោក​បេណា‌យ៉ា​ត្រឡប់​ទៅ​ដំណាក់​ស្ដេច​វិញ ហើយ​ទូល​ស្ដេច​តាម​ពាក្យ​ដែល​លោក​យ៉ូអាប់​ប្រាប់។ 31ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​គាត់ គឺ​សម្លាប់​គាត់​នៅ​នឹង​កន្លែង ហើយ​បញ្ចុះ​សព​នៅ​ទី​នោះ​ទៅ។ ដូច្នេះ លោក​ធ្វើ​ឲ្យ​យើង និង​រាជ‌វង្ស​របស់​យើង រួច​ផុត​ពី​ទោសពៃរ៍​ចំពោះ​ឃាត‌កម្ម ដែល​លោក​យ៉ូអាប់​ប្រព្រឹត្ត​ទៅ​លើ​ជន​ស្លូត​ត្រង់។ 32ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​សុចរិត​ពីរ​នាក់​ដែល​ល្អ​ជាង​គាត់ ដោយ​មិន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​របស់​យើង​ជ្រាប គឺ​គាត់​បាន​សម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ជា​មេ‌ទ័ព​អ៊ីស្រា‌អែល និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើរ​ជា​មេ‌ទ័ព​យូដា ដោយ​មុខ​ដាវ។ 33បំណុល​ឈាម​នេះ នឹង​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ពូជ‌ពង្ស​របស់​គាត់​រហូត​ត​ទៅ។ ប៉ុន្តែ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​រាជ‌វង្ស សន្តតិ‌វង្ស និង​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ»។ 34លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ក៏​ទៅ​សម្លាប់​លោក​យ៉ូអាប់ ហើយ​បញ្ចុះ​សព​ក្នុង​ដី​ភូមិ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ូអាប់​នៅ​វាល​រហោ‌ស្ថាន។ 35ព្រះ‌រាជា​តែង‌តាំង​លោក​បេណា‌យ៉ា ជា​មេ‌ទ័ព​ជំនួស​លោក​យ៉ូអាប់ ហើយ​តែង‌តាំង​លោក​សាដុក​ជា​បូជា‌ចារ្យ ជំនួស​លោក​អបៀ‌ថើរ។
ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​ស៊ី‌ម៉ៃ
36ព្រះ‌បាទ​សាឡូម៉ូន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ស៊ី‌ម៉ៃ​មក ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «លោក​ត្រូវ​សង់​ផ្ទះ​មួយ នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ តែ​មិន​ត្រូវ​ចេញ​ពី​ក្រុង​ឡើយ។ 37តោង​ដឹង​ថា ថ្ងៃ​ណា​មួយ ប្រសិន​បើ​លោក​ហ៊ាន​ឈាន​ជើង​ចេញ​ពី​ក្រុង​នេះ​ឆ្លង​កាត់​ជ្រោះ​កេដ្រូន នោះ​លោក​មុខ​ជា​ស្លាប់ ហើយ​លោក​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ចំពោះ​ការ​ស្លាប់​នេះ»។ 38លោក​ស៊ី‌ម៉ៃ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូលបង្គំ​នឹង​ធ្វើ​តាម​រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា»។ លោក​ស៊ី‌ម៉ៃ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​យូរ។
39បី​ឆ្នាំ​ក្រោយ​មក មាន​បាវ​បម្រើ​ពីរ​នាក់​របស់​លោក​ស៊ី‌ម៉ៃ រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នឹង​ស្ដេច​អគីស ជា​បុត្រ​របស់​ស្ដេច​ម៉ាកា នៅ​ក្រុង​កាថ។ មាន​គេ​ប្រាប់​លោក​ស៊ី‌ម៉ៃ​ថា បាវ​បម្រើ​របស់​គាត់​រត់​ទៅ​នៅ​ក្រុង​កាថ។ 40លោក​ស៊ី‌ម៉ៃ​ក៏​ប្រញាប់​ឡើង​ជិះ​លា ចេញ​ដំណើរ​ទៅ​ក្រុង​កាថ។ លោក​ទាម‌ទារ​យក​បាវ​បម្រើ​ពី​ស្ដេច​អគីស នាំ​ត្រឡប់​មក​វិញ។
41មាន​គេ​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា លោក​ស៊ី‌ម៉ៃ​បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ក្រុង​កាថ រួច​ត្រឡប់​មក​វិញ។ 42ព្រះ‌រាជា​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ស៊ី‌ម៉ៃ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ឲ្យ​លោក​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់ ហើយ​យើង​បាន​បញ្ជាក់​ប្រាប់​លោក​ថា ប្រសិន​បើ​ថ្ងៃ​ណា​មួយ​លោក​ចាក​ចេញ​ពី​ទីក្រុង ទៅ​ណា​មក​ណា លោក​មុខ​ជា​ស្លាប់​ពុំ‌ខាន។ លោក​បាន​ឆ្លើយ​មក​យើង​ថា លោក​យល់​ព្រម​ធ្វើ​តាម។ 43ហេតុ​អ្វី​បាន​ជា​លោក​មិន​គោរព​តាម​ពាក្យ​ដែល​លោក​បាន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់? ហេតុ​អ្វី​បាន​ជា​លោក​មិន​ធ្វើ​តាម​បទ‌បញ្ជា​ដែល​យើង​បាន​បង្គាប់​លោក?»។ 44ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​លោក​នឹក​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង​ឬ​ទេ? ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​លោក តាម​អំពើ​អាក្រក់​ដែល​លោក​បាន​ប្រព្រឹត្ត។ 45ប៉ុន្តែ យើង​សាឡូម៉ូន​នឹង​ទទួល​ព្រះ‌ពរ ហើយ​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ​នឹង​រឹង‌មាំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​រហូត​ត​រៀង​ទៅ»។ 46ស្ដេច​ចេញ​បញ្ជា​ឲ្យ​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ចេញ​ទៅ​ប្រហារ​ជីវិត​លោក​ស៊ី‌ម៉ៃ។ រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​សាឡូម៉ូន​ក៏​នៅ​ស្ថិត‌ស្ថេរ​យ៉ាង​រឹង‌មាំ។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវតារក្សត្រ 2: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល