«បិតាជិតលាចាកលោកនេះហើយ ចូរបុត្រមានចិត្តក្លាហានឲ្យសមជាមនុស្សពេញលក្ខណៈ! ចូរស្ដាប់តាមបង្គាប់របស់ព្រះអម្ចាស់ ជាព្រះរបស់បុត្រ។ ចូរដើរក្នុងមាគ៌ារបស់ព្រះអង្គជានិច្ច ហើយកាន់តាមច្បាប់ តាមបញ្ជា តាមវិន័យ និងតាមដំបូន្មាន ដូចមានចែងទុកក្នុងក្រឹត្យវិន័យ*របស់លោកម៉ូសេ ដើម្បីឲ្យបុត្រមានជោគជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទីកន្លែងដែលបុត្រទៅ។ ពេលបុត្រប្រព្រឹត្តដូច្នេះ ព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបិតាថា “បើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ាដែលខ្លួនដើរ ហើយមានចិត្តភក្ដីចំពោះយើង ព្រមទាំងប្រតិបត្តិតាមយើងដោយស្មោះ និងគ្មានចិត្តវៀចវេរ នោះក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច”។