ច្រើនថ្ងៃកន្លងផុតទៅ គឺនៅឆ្នាំទីបីនៃការរាំងស្ងួត ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេលីយ៉ាថា៖ «ចូរទៅជួបស្ដេចអហាប់ចុះ! យើងនឹងបង្អុរភ្លៀងមកលើផែនដី»។ លោកអេលីយ៉ាក៏ចូលទៅគាល់ព្រះបាទអហាប់។ ពេលនោះ មានកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្រុងសាម៉ារី។ ព្រះបាទអហាប់បានឲ្យគេទៅអញ្ជើញលោកអូបាឌា ជាអ្នកទទួលខុសត្រូវក្នុងវាំងមក -លោកអូបាឌាជាមនុស្សគោរពកោតខ្លាចព្រះអម្ចាស់ណាស់។ នៅគ្រាដែលម្ចាស់ក្សត្រិយ៍យេសិបិលសម្លាប់ពួកព្យាការី*របស់ព្រះអម្ចាស់ លោកអូបាឌានាំព្យាការីមួយរយនាក់ទៅពួននៅក្នុងរអាងភ្នំ គាត់ចែកពួកគេជាពីរក្រុម ក្នុងមួយក្រុមមានហាសិបនាក់ ហើយគាត់បានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកផង។ ព្រះបាទអហាប់មានរាជឱង្ការទៅកាន់លោកអូបាឌាថា៖ «សូមលោកធ្វើដំណើរទៅមើលតាមប្រភពទឹក និងតាមស្ទឹងទាំងអស់នៅក្នុងស្រុក ក្រែងលោយើងរកបានស្មៅសម្រាប់សេះ និងលា ដើម្បីឲ្យវានៅរស់ ហើយចៀសវាងសម្លាប់សត្វទាំងនេះ»។ ដូច្នេះ ពួកគេក៏ចែកតំបន់គ្នា ព្រះបាទអហាប់ធ្វើដំណើរតាមផ្លូវមួយ រីឯលោកអូបាឌាធ្វើដំណើរតាមផ្លូវមួយទៀត។ ក្នុងពេលដែលលោកអូបាឌាធ្វើដំណើរ លោកអេលីយ៉ាបានជួបនឹងគាត់។ លោកអូបាឌាមើលលោកអេលីយ៉ាស្គាល់ គាត់ក៏ក្រាបចុះ ឱនមុខដល់ដី ហើយពោលថា៖ «លោកម្ចាស់ពិតជាលោកអេលីយ៉ាឬ?» លោកអេលីយ៉ាឆ្លើយថា៖ «គឺខ្ញុំនេះហើយ! សូមទៅទូលព្រះរាជាថា អេលីយ៉ាមកដល់ហើយ!»។
អាន ១ ពង្សាវតារក្សត្រ 18
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 18:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ