១ ពង្សាវតារក្សត្រ 18:1-8

១ ពង្សាវតារក្សត្រ 18:1-8 គខប

ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ គឺ​នៅ​ឆ្នាំ​ទី​បី​នៃ​ការ​រាំង​ស្ងួត ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​អេលីយ៉ា​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​អហាប់​ចុះ! យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី»។ លោក​អេលីយ៉ា​ក៏​ចូល​ទៅ​គាល់​ព្រះ‌បាទ​អហាប់។ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្រុង​សា‌ម៉ារី។ ព្រះ‌បាទ​អហាប់​បាន​ឲ្យ​គេ​ទៅ​អញ្ជើញ​លោក​អូបា‌ឌា ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង​មក -លោក​អូបា‌ឌា​ជា​មនុស្ស​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ណាស់។ នៅ​គ្រា​ដែល​ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល​សម្លាប់​ពួក​ព្យាការី*​របស់​ព្រះ‌អម្ចាស់ លោក​អូបា‌ឌា​នាំ​ព្យាការី​មួយ​រយ​នាក់​ទៅ​ពួន​នៅ​ក្នុង​រអាង​ភ្នំ គាត់​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហា‌សិប​នាក់ ហើយ​គាត់​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ផង។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អូបា‌ឌា​ថា៖ «សូម​លោក​ធ្វើ​ដំណើរ​ទៅ​មើល​តាម​ប្រភព​ទឹក និង​តាម​ស្ទឹង​ទាំង​អស់​នៅ​ក្នុង​ស្រុក ក្រែង‌លោ​យើង​រក​បាន​ស្មៅ​សម្រាប់​សេះ និង​លា ដើម្បី​ឲ្យ​វា​នៅ​រស់ ហើយ​ចៀស‌វាង​សម្លាប់​សត្វ​ទាំង​នេះ»។ ដូច្នេះ ពួក​គេ​ក៏​ចែក​តំបន់​គ្នា ព្រះ‌បាទ​អហាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ រីឯ​លោក​អូបា‌ឌា​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ទៀត។ ក្នុង​ពេល​ដែល​លោក​អូបា‌ឌា​ធ្វើ​ដំណើរ លោក​អេលីយ៉ា​បាន​ជួប​នឹង​គាត់។ លោក​អូបា‌ឌា​មើល​លោក​អេលីយ៉ា​ស្គាល់ គាត់​ក៏​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​ពោល​ថា៖ «លោក​ម្ចាស់​ពិត​ជា​លោក​អេលីយ៉ា​ឬ?» លោក​អេលីយ៉ា​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ! សូម​ទៅ​ទូល​ព្រះ‌រាជា​ថា អេលីយ៉ា​មក​ដល់​ហើយ!»។