ព្រះបាទអេសា និងព្រះបាទបាសាជាស្ដេចស្រុកអ៊ីស្រាអែល តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្ដេចទាំងពីរ។ ព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជាជនរបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដា អាចចេញចូលបាន។ ព្រះបាទអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងព្រះរាជវាំង ប្រគល់ទៅឲ្យពួករាជបម្រើ ហើយចាត់ពួកគេឲ្យទៅគាល់ព្រះបាទបេន-ហាដាដ ជាបុត្ររបស់ព្រះបាទថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ព្រះបាទហេសយ៉ូន ស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ទូលថា៖ «ទូលបង្គំសូមចងសម្ពន្ធមិត្តជាមួយព្រះករុណា ដូចបិតារបស់ទូលបង្គំបានចងជាមួយបិតារបស់ព្រះករុណាដែរ។ ទូលបង្គំសូមផ្ញើមាស និងប្រាក់នេះមកថ្វាយព្រះករុណា។ សូមព្រះករុណាផ្ដាច់ចំណងសម្ពន្ធមិត្តជាមួយបាសា ជាស្ដេចស្រុកអ៊ីស្រាអែលទៅ ដើម្បីកុំឲ្យស្ដេចនោះលើកទ័ពមកវាយទូលបង្គំ»។ ព្រះបាទបេនហាដាដយល់ព្រមតាមសំណូមពររបស់ព្រះបាទអេសា ហើយចាត់មេទ័ពឲ្យទៅវាយក្រុងនានារបស់ស្រុកអ៊ីស្រាអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-បេត-ម៉ាកា ព្រមទាំងតំបន់គីនេរ៉ែតទាំងមូល និងស្រុកណែបថាលីទាំងមូល។ កាលព្រះបាទបាសា ជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា ហើយយាងមកគង់នៅក្រុងធើសាវិញ។ ពេលនោះ ព្រះបាទអេសាប្រមូលជនជាតិយូដាទាំងមូល ឥតខ្វះអ្នកណាម្នាក់ឡើយ ដើម្បីជញ្ជូនថ្ម និងឈើ ដែលព្រះបាទបាសាប្រើសម្រាប់សង់កំពែងក្រុងរ៉ាម៉ា។ ព្រះបាទអេសាយកថ្ម និងឈើទាំងនោះទៅសង់កំពែងក្រុងកេបា ក្នុងទឹកដីបេនយ៉ាមីន និងក្រុងមីសប៉ា។ រាជកិច្ចទាំងប៉ុន្មានរបស់ព្រះបាទអេសា គឺវីរភាពដ៏អង់អាច និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានប្រព្រឹត្ត ព្រមទាំងការសង់ទីក្រុងនានា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ នៅគ្រាដែលស្ដេចមានព្រះជន្មចាស់ជរា នោះទ្រង់កើតរោគានៅព្រះបាទា។ កាលព្រះបាទអេសាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ ជាអយ្យកោ។ ព្រះបាទយ៉ូសាផាត ជាបុត្រ បានឡើងស្នងរាជ្យ។
អាន ១ ពង្សាវតារក្សត្រ 15
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 15:16-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ