១ ពង្សាវតារក្សត្រ 15:1-8

១ ពង្សាវតារក្សត្រ 15:1-8 គខប

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ព្រះ‌បាទ​អប៊ី‌យ៉ា​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។ ស្ដេច​សោយ‌រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច មាន​នាម​ថា​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អប៊ី‌សាឡុម ។ ព្រះ‌បាទ​អប៊ី‌យ៉ា​ប្រព្រឹត្ត​អំពើ​បាប​គ្រប់​យ៉ាង ដូច​បិតា​ធ្លាប់​ប្រព្រឹត្ត​ដែរ។ ស្ដេច​ពុំ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ​ជា​អយ្យ‌កោ​ឡើយ។ ដោយ​យល់​ដល់​ព្រះ‌បាទ​ដាវីឌ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច បាន​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​បុត្រា​មួយ​អង្គ ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​នេះ​ផុត​រលត់ ហើយ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប ដ្បិត​ព្រះ‌បាទ​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​ពុំ​ងាក​ចេញ​ពី​សេចក្ដី​ដែល​ព្រះអង្គ​បាន​បង្គាប់​ឲ្យ​ធ្វើ​ឡើយ លើក‌លែង​តែ​កំហុស ដែល​ស្ដេច​បាន​ប្រព្រឹត្ត​ចំពោះ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត​មួយ​ប៉ុណ្ណោះ។ ព្រះ‌បាទ​រេហូ‌បោម និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ព្រះ‌បាទ​រេហូ‌បោម។ រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​ដែល​ព្រះ‌បាទ​អប៊ី‌យ៉ា​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ព្រះ‌បាទ​អប៊ី‌យ៉ា​ក៏​ធ្វើ​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​យេរ៉ូ‌បោម​ដែរ។ កាល​ព្រះ‌បាទ​អប៊ី‌យ៉ា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​អេសា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពង្សាវតារក្សត្រ 15:1-8