ព្រះបាទរេហូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាទ្រង់នៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។ អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ថ្ងៃនេះ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យបម្រើប្រជាជន បើព្រះករុណាយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេ ដោយព្រះហឫទ័យសប្បុរស នោះពួកគេនឹងបម្រើព្រះករុណារហូតតទៅ»។ ប៉ុន្តែ ព្រះបាទរេហូបោមមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ តែស្ដេចបានសួរយោបល់ពីមន្ត្រីជំនិត ដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក។ ស្ដេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនបានសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ដូចម្ដេច? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។ មន្ត្រីក្មេងៗដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក នាំគ្នាទូលស្ដេចថា៖ «សូមព្រះករុណាប្រាប់ប្រជាជន ដែលមកសុំឲ្យព្រះករុណាសម្រាលនឹមបិតារបស់ព្រះករុណានោះវិញថា “កូនដៃរបស់យើងមានកម្លាំងជាងដៃបិតារបស់យើងទៅទៀត។ បិតារបស់យើងបានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នាដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី”»។ លុះដល់ថ្ងៃទីបី លោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកគាល់ព្រះបាទរេហូបោម តាមពេលកំណត់ដែលស្ដេចបានប្រាប់ថា “ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ”។ ព្រះរាជាមានរាជឱង្ការទៅកាន់ប្រជាជនយ៉ាងតឹងរ៉ឹង គឺស្ដេចមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ។ ព្រះរាជាមានរាជឱង្ការទៅកាន់ប្រជាជន តាមយោបល់របស់មន្ត្រីក្មេងៗថា៖ «បិតារបស់យើងបានផ្ទុកនឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នា ដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី»។ ស្ដេចមិនព្រមស្ដាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតព្រះអម្ចាស់បណ្ដាលឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាត តាមរយៈព្យាការីអហ៊ីយ៉ា នៅស៊ីឡូ។
អាន ១ ពង្សាវតារក្សត្រ 12
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 12:6-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ