១ ពង្សាវតារក្សត្រ 11

11
ព្រះ‌បាទ​សាឡូម៉ូន​គោរព​ព្រះ​ក្លែង‌ក្លាយ
( របាក្សត្រ ១១.១៨–១២.១)
1 ព្រះ‌បាទ​សាឡូម៉ូន​ស្រឡាញ់​ស្ត្រី​សាសន៍​ដទៃ​ជា​ច្រើន​រូប។ ក្រៅ​ពី​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ស្ដេច​មាន​មហេសី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដុម សាសន៍​ស៊ីដូន និង​សាសន៍​ហេត។ 2 មហេសី​ទាំង​នោះ​មាន​ដើម​កំណើត​ពី​ប្រជា‌ជាតិ ដែល​ព្រះ‌អម្ចាស់​បាន​ហាម​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​ថា «អ្នក​រាល់​គ្នា​មិន​ត្រូវ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ទាំង​នោះ​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​គោរព​ព្រះ​របស់​គេ​ជា​មិន​ខាន»។ ព្រះ‌បាទ​សាឡូម៉ូន​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នោះ ដោយ‌សារ​តែ​សេចក្ដី​ស្នេហា។ 3ព្រះ‌បាទ​សាឡូម៉ូន​មាន​មហេសី​ដែល​ជា​បុត្រី​របស់​ស្ដេច​សាសន៍​ដទៃ ចំនួន​ប្រាំ‌ពីរ​រយ​អង្គ និង​ស្រី​ស្នំ​ចំនួន​បី​រយ​នាក់។ ពួក​មហេសី និង​ស្រី​ស្នំ​របស់​ស្ដេច បាន​អូស​ទាញ​ព្រះ‌ហឫទ័យ​ស្ដេច​ចេញ​ពី​ព្រះ‌ជាម្ចាស់។ 4ពេល​ព្រះ‌បាទ​សាឡូម៉ូន​មាន​ព្រះ‌ជន្ម​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ មហេសី និង​ស្រី​ស្នំ​បាន​អូស​ទាញ​ព្រះ‌ហឫទ័យ​ស្ដេច​ឲ្យ​ទៅ​គោរព​ព្រះ​ដទៃ។ ព្រះ‌បាទ​សាឡូម៉ូន​លែង​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​ទៀត​ហើយ។ 5ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ‌បង្គំ​ព្រះ​អាសថា‌រ៉ូត ជា​ព្រះ​របស់​ជន‌ជាតិ​ស៊ីដូន និង​ព្រះ​មីលកូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។ 6ព្រះ‌បាទ​សាឡូម៉ូន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​ទាំង​ស្រុង ដូច​ព្រះ‌បាទ​ដាវីឌ ជា​បិតា​ឡើយ។ 7នៅ​គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​កន្លែង​សក្ការៈ​មួយ​នៅ​លើ​ភ្នំ ដែល​នៅ​ទល់​មុខ​ក្រុង​យេរូ‌សាឡឹម ថ្វាយ​ព្រះ​កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ព្រះ​ម៉ូឡុក ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។ 8ព្រះ‌រាជា​បាន​សង់​ទីសក្ការៈ​ជា​ច្រើន​ទៀត សម្រាប់​មហេសី​ទាំង​អស់​ដែល​ជា​សាសន៍​ដទៃ ដើម្បី​ឲ្យ​ពួក​នាង​ថ្វាយ​គ្រឿង​ក្រអូប និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​ខ្លួន។
9 ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌បាទ​សាឡូម៉ូន ដ្បិត​ស្ដេច​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​យាង​មក​ជួប​ស្ដេច​ដល់​ទៅ​ពីរ​ដង 10ហើយ​ហាម​ផ្ដាច់​មិន​ឲ្យ​ស្ដេច​គោរព​ព្រះ​ដទៃ។ ប៉ុន្តែ ព្រះ‌បាទ​សាឡូម៉ូន​មិន​ប្រតិបត្តិ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់​ឡើយ។ 11ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ដោយ​អ្នក​ប្រព្រឹត្ត​ដូច្នេះ គឺ​អ្នក​មិន​បាន​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង ហើយ​ក៏​មិន​បាន​កាន់​តាម​ច្បាប់​ដែល​យើង​បង្គាប់​ដល់​អ្នក​ដែរ យើង​នឹង​ដក​យក​រាជ​សម្បត្តិ​ពី​អ្នក ប្រគល់​ទៅ​ឲ្យ​អ្នក​បម្រើ​របស់​អ្នក​វិញ។ 12ប៉ុន្តែ ដោយ​យល់​ដល់​ដាវីឌ ជា​បិតា​របស់​អ្នក យើង​នឹង​មិន​ដក​រាជ​សម្បត្តិ​ចេញ​ពី​អ្នក ក្នុង​ពេល​ដែល​អ្នក​នៅ​មាន​ជីវិត​ទេ។ យើង​នឹង​ដក​រាជ​សម្បត្តិ​ពី​កូន​របស់​អ្នក។ 13យើង​នឹង​មិន​ដក​ហូត​យក​រាជា​ណាចក្រ​ទាំង​មូល​ទេ គឺ​យើង​នឹង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​កូន​របស់​អ្នក​គ្រប់‌គ្រង ដោយ​យល់​ដល់​ដាវីឌ ជា​បិតា​របស់​អ្នក និង​យល់​ដល់​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស‌រើស»។
គូ‌វិវាទ​របស់​ព្រះ‌បាទ​សាឡូម៉ូន
14 ព្រះ‌អម្ចាស់​បាន​បណ្ដាល​ឲ្យ​លោក​ហាដាឌ ជា​រាជ‌វង្ស​របស់​ស្ដេច​ស្រុក​អេដុម ក្លាយ​ទៅ​ជា​គូ‌វិវាទ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ 15នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​វាយ​លុក​ស្រុក​អេដុម លោក​យ៉ូអាប់ ជា​មេ‌ទ័ព បាន​ទៅ​ប្រមូល​សាក‌សព​ទាហាន​អ៊ីស្រា‌អែល​ដែល​ស្លាប់​ក្នុង​ចម្បាំង យក​ទៅ​បញ្ចុះ ហើយ​លោក​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។ 16លោក​យ៉ូអាប់ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល បាន​បោះ​ទ័ព​នៅ​ស្រុក​អេដុម អស់​រយៈ​ពេល​ប្រាំ​មួយ​ខែ រហូត​ទាល់​តែ​ពួក​លោក​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។ 17គ្រា​នោះ លោក​ហាដាឌ​នៅ​ជា​កុមារ​នៅ​ឡើយ លោក​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​ជន‌ជាតិ​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​ឪពុក​លោក។ 18ពួក​គេ​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន។ ពួក​គេ​នាំ​អ្នក​ស្រុក​ប៉ារ៉ាន​ខ្លះ​ទៅ​ជា​មួយ ហើយ​សុំ​ជ្រក​កោន​នឹង​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះ‌ចៅ​ផារ៉ោន​ប្រទាន​ផ្ទះ​សំបែង និង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ដល់​លោក ព្រម​ទាំង​ប្រទាន​ដី‌ធ្លី​ឲ្យ​លោក​ទៀត​ផង។ 19លោក​ហាដាឌ​បាន​ទទួល​ការ​ប្រោស‌ប្រណី​ពី​ព្រះ‌ចៅ​ផារ៉ោន។ ស្ដេច​បាន​លើក​ប្អូន​ថ្លៃ គឺ​ប្អូន​ស្រី​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស ឲ្យ​ធ្វើ​ជា​ភរិយា​របស់​លោក​ផង។ 20ប្អូន​ស្រី​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស​បង្កើត​កូន​ប្រុស​មួយ​រូប​ឈ្មោះ​កេនូ‌បាត ជូន​លោក​ហាដាឌ។ ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស​យក​កូន​នោះ​ទៅ​ចិញ្ចឹម​នៅ​ក្នុង​វាំង​របស់​ព្រះចៅ​ផារ៉ោន។ ដូច្នេះ កេនូ‌បាត​បាន​រស់​នៅ​ក្នុង​វាំង​ជា​មួយ​បុត្រ​របស់​ព្រះចៅ​ផារ៉ោន។ 21នៅ​ស្រុក​អេស៊ីប លោក​ហាដាឌ​ទទួល​ដំណឹង​ថា ព្រះ‌បាទ​ដាវីឌ​សោយ‌ទិវង្គត ហើយ​លោក​មេ‌ទ័ព​យ៉ូអាប់​ក៏​ទទួល​មរណ‌ភាព​ដែរ។ លោក​ហាដាឌ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សូម​ព្រះ‌ករុណា​រាជា‌នុញ្ញាត​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​ស្រុក​របស់​ទូលបង្គំ​វិញ​ផង»។ 22ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «នៅ​ជា​មួយ​យើង​នេះ តើ​អ្នក​ខ្វះ​អ្វី​ទៀត បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ?»។ លោក​ទូល​ថា៖ «ទូលបង្គំ​គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ព្រះ‌ករុណា​មេត្តា​រាជា‌នុញ្ញាត​ឲ្យ​ទូលបង្គំ​ចាក​ចេញ​ទៅ​ផង!»។
23ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​លោក​រេសោន ជា​កូន​របស់​លោក​អេលីយ៉ាដា ក្លាយ​ទៅ​ជា​គូ‌វិវាទ​ម្នាក់​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន។ គាត់​រត់​គេច​ពី​ម្ចាស់​របស់​ខ្លួន គឺ​ព្រះ‌បាទ​ហាដា-‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា។ 24គាត់​បាន​ប្រមែ‌ប្រមូល​មនុស្ស​ឲ្យ​មក​តាម​គាត់ ហើយ​តាំង​ខ្លួន​ធ្វើ​ជា​មេ​គេ។ នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​សម្លាប់​អ្នក​ស្រុក​សូបា ពួក​គាត់​ចូល​ទៅ​នៅ​ក្រុង​ដាម៉ាស រួច​គ្រប់‌គ្រង​ក្រុង​នោះ។ 25លោក​រេសោន​ក្លាយ​ទៅ​ជា​គូ‌វិវាទ​របស់​អ៊ីស្រា‌អែល អស់​មួយ​រជ្ជកាល​របស់​ព្រះ‌បាទ​សាឡូម៉ូន ដូច​លោក​ហាដាឌ ដែល​បាន​ធ្វើ​ទុក្ខ​បុក‌ម្នេញ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌បាទ​រេសោន​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី ហើយ​តែងតែ​ស្អប់​ជន‌ជាតិ​អ៊ីស្រា‌អែល។
ការ​បះ‌បោរ​របស់​លោក​យេរ៉ូ‌បោម
( របាក្សត្រ ៩.២៩, ៣១)
26លោក​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាត ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម នៅ​ស្រុក​សេរេ‌ដា ម្ដាយ​របស់​លោក​ឈ្មោះ​សេរូ‌អា ជា​ស្ត្រី​មេម៉ាយ។ លោក​យេរ៉ូ‌បោម​ជា​រាជ​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន តែ​លោក​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច។ 27មូល‌ហេតុ​ដែល​បណ្ដាល​ឲ្យ​លោក​យេរ៉ូ‌បោម​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​មាន​ដូច​ត​ទៅ: នៅ​ពេល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រលាន​នៅ​មីឡូ និង​ជួស‌ជុល​កំពែង​បាក់​បែក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ជា​បិតា 28ទ្រង់​សង្កេត​ឃើញ​លោក​យេរ៉ូ‌បោម​ជា​មនុស្ស​ក្លាហាន​អង់‌អាច។ ដូច្នេះ ស្ដេច​ក៏​ចាត់​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​កូន​ចៅ​លោក​យ៉ូសែប។ 29ថ្ងៃ​មួយ លោក​យេរ៉ូ‌បោម​បាន​ចាក‌ចេញ​ពី​ក្រុង​យេរូ‌សាឡឹម។ នៅ​តាម​ផ្លូវ ព្យាការី​អហ៊ី‌យ៉ា ជា​អ្នក​ភូមិ​ស៊ីឡូ បាន​មក​ជួប​លោក ទាំង​ពាក់​អាវ​ធំ​មួយ​ថ្មី​ផង។ លោក​ទាំង​ពីរ​ស្ថិត​នៅ​ទី​វាល ដាច់​ឆ្ងាយ​ពី​គេ។ 30លោក​អហ៊ី‌យ៉ា​ដោះ​អាវ​ធំ​ថ្មី​នោះ​មក​ហែក​ជា​ដប់‌ពីរ​ចំរៀក។ 31បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេរ៉ូ‌បោម​ថា៖ «សូម​យក​ដប់​ចំរៀក​នេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ដក​ហូត​អាណា‌ចក្រ​ពី​សាឡូម៉ូន​ប្រគល់​ឲ្យ​អ្នក យើង​នឹង​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ដប់។ 32យើង​ទុក​កុល‌សម្ព័ន្ធ​តែ​មួយ​ឲ្យ​សាឡូម៉ូន ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​ដល់​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស‌រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ 33យើង​ធ្វើ​ដូច្នេះ ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ‌បង់​ចោល​យើង ទៅ​ថ្វាយ‌បង្គំ​អាសថា‌រ៉ូត​ជា​ព្រះ​នៃ​ជន‌ជាតិ​ស៊ីដូន កេម៉ូស​ជា​ព្រះ​នៃ​ជន‌ជាតិ​ម៉ូអាប់ និង​មីលកូម​ជា​ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន។ ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ក៏​មិន​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង មិន​កាន់​តាម​ច្បាប់ និង​វិន័យ​របស់​យើង ដូច​ដាវីឌ​ជា​បិតា​របស់​សាឡូម៉ូន​ឡើយ។ 34យើង​មិន​ដក​យក​អាណា‌ចក្រ​ទាំង​មូល​ចេញ​ពី​សាឡូម៉ូន​ទេ យើង​ឲ្យ​គេ​កាន់​អំណាច​អស់​មួយ​ជីវិត ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស​រើស ព្រោះ​ដាវីឌ​បាន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​យើង។ 35យើង​នឹង​ដក​អាណា‌ចក្រ​ពី​កូន​របស់​សាឡូម៉ូន ហើយ​ប្រគល់​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ដប់។ 36រីឯ​កូន​របស់​សាឡូម៉ូន​វិញ យើង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​គេ​គ្រប់‌គ្រង ដើម្បី​ឲ្យ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង មាន​ពូជ‌ពង្ស​សោយ​រាជ្យ​ជា​ដរាប នៅ​ចំពោះ​មុខ​យើង​ក្នុង​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស​រើស​សម្រាប់​នាម​យើង។ 37រីឯ​អ្នក​វិញ យើង​នឹង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល អ្នក​នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​តាម​បំណង​ប្រាថ្នា​របស់​អ្នក។ 38ប្រសិន​បើ​អ្នក​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង ដោយ​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​យើង ដូច​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ប្រព្រឹត្ត​នោះ យើង​នឹង​នៅ​ជា​មួយ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ពូជ‌ពង្ស​គ្រង​រាជ្យ​ជា​ដរាប ដូច​យើង​បាន​ធ្វើ​ចំពោះ​ដាវីឌ​ដែរ ហើយ​យើង​នឹង​ប្រគល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដល់​អ្នក។ 39យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ដាវីឌ​ត្រូវ​អាម៉ាស់ តែ​មិន​មែន​រហូត​ទេ”»។
40ព្រះ‌បាទ​សាឡូម៉ូន​រក​សម្លាប់​លោក​យេរ៉ូ‌បោម លោក​ក៏​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​ព្រះ‌ចៅ​ស៊ីសាក់ ជា​ស្ដេច​ស្រុក​អេស៊ីប រហូត​ដល់​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត។
41រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «រាជ​កិច្ច​របស់​ព្រះ‌បាទ​សាឡូម៉ូន»។ សៀវភៅ​នោះ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​ធ្វើ និង​អំពី​ប្រាជ្ញា​របស់​ស្ដេច។ 42ព្រះ‌បាទ​សាឡូម៉ូន​សោយ​រាជ្យ​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ 43កាល​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ជា​បិតា។ ព្រះ‌បាទ​រេហូ‌បោម​ជា​បុត្រ​ឡើង​ស្នង​រាជ្យ។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវតារក្សត្រ 11: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល