១ ពង្សាវតារក្សត្រ 1

1
ដំណាក់​កាល​ចុង​ក្រោយ​នៃ​រាជ្យ​របស់​ព្រះ​បាទ​ដាវីឌ
សម្ដេច​អដូ‌នី‌យ៉ា​ចង់​ឡើង​គ្រង​រាជ្យ
1ព្រះ‌បាទ​ដាវីឌ​មាន​ព្រះ‌ជន្មាយុ​កាន់​តែ​ជរា​ណាស់​ហើយ ទោះ​បី​គេ​គ្រង​ព្រះ‌ភូសា​ឲ្យ​ស្ដេច​ច្រើន​ជាន់​យ៉ាង​ណា​ក្ដី ក៏​ទ្រង់​ពុំ​អាច​កក់​ក្ដៅ​ដែរ។ 2ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌ករុណា! យើង​ខ្ញុំ​នឹង​រក​ស្រី​ក្រមុំ​មួយ​រូប​មក​ថ្វាយ​ព្រះ‌ករុណា។ នាង​នៅ​បម្រើ និង​មើល​ថែ‌ទាំ​ព្រះ‌ករុណា ហើយ​នាង​ដេក​នៅ​ក្បែរ​ព្រះ‌ករុណា ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​បាន​កក់‌ក្ដៅ»។ 3ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទាំង​មូល គេ​ស្វែង​រក​បាន​ស្រី​ក្រមុំ​ដ៏​ស្រស់​ស្អាត​មួយ​រូប​ឈ្មោះ នាង​អប៊ី‌សាក នៅ​ភូមិ​ស៊ូ‌ណែម រួច​នាំ​មក​ថ្វាយ​ស្ដេច។ 4ស្រី​ក្រមុំ​នេះ​មាន​រូប​ឆោម​ល្អ​ដាច់​គេ នាង​នៅ​ថែ‌ទាំ និង​គាល់​បម្រើ​ព្រះ‌រាជា តែ​ព្រះ‌រាជា​ពុំ​បាន​រួម​រស់​ជា​មួយ​នាង​ទេ។
5 នៅ​គ្រា​នោះ សម្ដេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​ហាគីត បាន​លើក​ខ្លួន​ឡើង ទាំង​ពោល​ថា៖ «ខ្ញុំ​នឹង​ឡើង​សោយ​រាជ្យ!»។ សម្ដេច​អដូ‌នី‌យ៉ា​រក​បាន​រទេះ​មួយ និង​សេះ​មួយ​ចំនួន ព្រម​ទាំង​ពល​ទាហាន​ហា‌សិប​នាក់​សម្រាប់​រត់​ពី​មុខ។ 6តាំង​ពី​កើត​មក បិតា​មិន​ដែល​ស្ដី​បន្ទោស ឬ​ក៏​សួរ​ថា “ហេតុ​អ្វី​បាន​ជា​បុត្រ​ប្រព្រឹត្ត​ដូច្នេះ?”ឡើយ។ សម្ដេច​អដូ‌នី‌យ៉ា​មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ជា​បុត្រ​មួយ​អង្គ ដែល​ប្រសូត​បន្ទាប់​ពី​សម្ដេច​អាប់‌សា‌ឡុម។ 7សម្ដេច​អដូ‌នី‌យ៉ា​បាន​ពិភាក្សា​ជា​មួយ​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​មួយ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ។ លោក​ទាំង​ពីរ​ក៏​រួម​គំនិត​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា។ 8ផ្ទុយ​ទៅ​វិញ លោក​បូជា‌ចារ្យ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្យាការី​ណាថាន ព្រម​ទាំង​លោក​ស៊ី‌ម៉ៃ លោក​រេអ៊ី និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ មិន​បាន​ចូល​រួម​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា​ទេ។
ព្យាការី​ណាថាន និង​នាង​បាត‌សេបា គាំ‌ទ្រ​សម្ដេច​សាឡូម៉ូន
9ថ្ងៃ​មួយ សម្ដេច​អដូ‌នី‌យ៉ា​បាន​រៀបចំ​ពិធី​បុណ្យ​មួយ នៅ “ថ្ម​សូហេ‌លែត” ជិត​អេន‌រូកែល ដោយ​សម្លាប់​ចៀម និង​គោ ព្រម​ទាំង​កូន​គោ​បំប៉ន ធ្វើ​យញ្ញ‌បូជា​នៅ​ទី​នោះ។ សម្ដេច​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ និង​អញ្ជើញ​មេ‌ទ័ព​ទាំង​អស់​នៅ​ស្រុក​យូដា ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌រាជា មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នោះ។ 10ប៉ុន្តែ សម្ដេច​មិន​អញ្ជើញ​ព្យាការី​ណាថាន លោក​បេ‌ណា‌យ៉ា ពួក​នាយ​ទាហាន​ដ៏​អង់‌អាច និង​យាង​សម្ដេច​សាឡូម៉ូន ជា​អនុជ​មក​ចូល​រួម​ទេ។
11 ពេល​នោះ លោក​ណាថាន​ពោល​ទៅ​កាន់​នាង​បាត‌សេ‌បា ជា​មាតា​របស់​សម្ដេច​សាឡូម៉ូន​ថា៖ «តើ​នាង​មិន​ជ្រាប​ទេ​ថា សម្ដេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​នាង​ហាគីត បាន​តាំង​ខ្លួន​ធ្វើ​ជា​ស្ដេច ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​ជា​អម្ចាស់​របស់​យើង​មិន​បាន​ជ្រាប​ទេ។ 12ឥឡូវ​នេះ ខ្ញុំ​សូម​ជូន​យោបល់​ដល់​នាង ដើម្បី​សង្គ្រោះ​ជីវិត​នាង និង​ជីវិត​សម្ដេច​សាឡូម៉ូន ជា​បុត្រ​របស់​នាង។ 13សូម​អញ្ជើញ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ហើយ​ទូល​ដូច​ត​ទៅ: “បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ព្រះ‌ករុណា​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់​ថា សាឡូម៉ូន ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​ពី​ព្រះ​ករុណា។ ហេតុ​អ្វី​បាន​ជា​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ?”»។ 14លោក​ណាថាន​ពោល​ទៀត​ថា៖ «ពេល​នាង​ទូល​ស្ដេច​ចប់​ហើយ ខ្ញុំ​ក៏​នឹង​ចូល​ទៅ​គាល់​ស្ដេច​តាម​ក្រោយ​ដែរ ខ្ញុំ​នឹង​បញ្ជាក់​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ទូល​នោះ»។
15នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​គាល់​ស្ដេច នៅ​ក្នុង​ក្រឡា‌បន្ទំ។ ពេល​នោះ ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​ជរា​ណាស់​ហើយ ហើយ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម កំពុង​តែ​នៅ​បម្រើ​ព្រះ‌រាជា។ 16នាង​បាត‌សេ‌បា​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ‌រាជា ហើយ​ព្រះ‌រាជា​សួរ​នាង​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។ 17នាង​ទូល​ថា៖ «ព្រះ​ករុណា​ជា​អម្ចាស់ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ថា សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា។ 18ប៉ុន្តែ ឥឡូវ​នេះ ម្ដេច​ក៏​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ពុំ​ជ្រាប​ទេ​ឬ? 19អដូ‌នី‌យ៉ា​បាន​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​យញ្ញ‌បូជា។ អដូ‌នី‌យ៉ា​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ព្រម​ទាំង​អញ្ជើញ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ និង​លោក​មេ‌ទ័ព​យ៉ូអាប់ តែ​ពុំ​បាន​យាង​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌ករុណា​ឲ្យ​ទៅ​ចូល​រួម​ទេ។ 20បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់! ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​រង់‌ចាំ​តែ​ព្រះ‌ករុណា​ប្រកាស​ថា តើ​នរណា​នឹង​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា។ 21បើ​មិន​ដូច្នោះ​ទេ កាល​ណា​ព្រះ‌ករុណា​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ​ម្ចាស់ និង​សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ ថា​ជា​អ្នក​ទោស​មិន​ខាន»។
22កាល​នាង​បាត‌សេ‌បា​កំពុង​តែ​ទូល​ស្ដេច នោះ​ព្យាការី​ណាថាន​ចូល​មក​ដល់។ 23គេ​ទៅ​ទូល​ស្ដេច​ថា ព្យាការី​ណាថាន​អញ្ជើញ​មក​ដល់​ហើយ។ លោក​ណាថាន​ចូល​គាល់​ស្ដេច ដោយ​ក្រាប​ថ្វាយ‌បង្គំ ឱន​មុខ​ដល់​ដី។ 24បន្ទាប់​មក លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! តើ​ព្រះ‌ករុណា​ឬ ដែល​បាន​សម្រេច​ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា ហើយ​គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា? 25ដ្បិត​ថ្ងៃ​នេះ សម្ដេច​អដូ‌នី‌យ៉ា​យាង​ទៅ “ថ្ម​សូហេ‌លែត” ហើយ​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​យញ្ញ‌បូជា។ សម្ដេច​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ព្រម​ទាំង​អញ្ជើញ​ពួក​មេ‌ទ័ព និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ ពួក​គេ​កំពុង​តែ​ជប់‌លៀង​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា​ទាំង​ស្រែក​ថា“ជយោ​ព្រះ‌បាទ​អដូ‌នី‌យ៉ា!”។ 26ប៉ុន្តែ សម្ដេច​មិន​បាន​អញ្ជើញ​ទូលបង្គំ ជា​អ្នក​បម្រើ​ព្រះ‌ករុណា ឬ​លោក​បូជា‌ចារ្យ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ហើយ​ក៏​មិន​បាន​យាង​សម្ដេច​សាឡូម៉ូន ជា​រាជ‌បុត្រ​របស់​ព្រះ‌ករុណា ទៅ​ចូល​រួម​ដែរ។ 27តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ឬ ដែល​បាន​សម្រេច​អភិសេក​រាជ‌បុត្រ​ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា ដោយ​មិន​ឲ្យ​ទូលបង្គំ​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​បម្រើ​ដឹង?»។
ព្រះ‌បាទ​ដាវីឌ​តែង‌តាំង​សម្ដេច​សាឡូម៉ូន​ឲ្យ​ឡើង​គ្រង​រាជ្យ
28ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អញ្ជើញ​នាង​បាត‌សេ‌បា​មក!»។ នាង​បាត‌សេ‌បា​ចូល​មក​គាល់​ព្រះ‌រាជា។ 29ពេល​នោះ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​គ្រោះ​អាសន្ន​គ្រប់​យ៉ាង! 30ថ្ងៃ​នេះ យើង​សម្រេច​តែង‌តាំង​សាឡូម៉ូន ជា​បុត្រ​របស់​នាង ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​យើង ដូច​យើង​បាន​សន្យា​ជា​មួយ​នាង ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។ 31នាង​បាត‌សេ‌បា​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច ឱន​មុខ​ដល់​ដី ទាំង​ទូល​ថា៖ «សូម​ព្រះ‌បាទ​ដាវីឌ ជា​អម្ចាស់ ប្រកប​ដោយ​ព្រះ‌ជន្មាយុ​យឺន‌យូរ!»។
32បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អញ្ជើញ​បូជា‌ចារ្យ*​សាដុក ព្យាការី*​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ចូល​មក»។ អស់​លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះ‌រាជា។ 33ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ប្រមូល​រាជ​បម្រើ​របស់​យើង​មក ហើយ​លើក​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ឡើង​ជិះ​លា​របស់​យើង រួច​ដង្ហែ​ទៅ​ប្រភព​ទឹក​គីហុន។ 34នៅ​ទី​នោះ លោក​បូជា‌ចារ្យ​សាដុក និង​ព្យាការី​ណាថាន ត្រូវ​ចាក់​ប្រេង​អភិសេក​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ព្រះ‌បាទ​សាឡូម៉ូន!” 35ចូរ​ដង្ហែ​សាឡូម៉ូន​ចូល​មក​ក្នុង​ក្រុង​វិញ ឲ្យ​គង់​លើ​បល្ល័ង្ក​របស់​យើង។ សាឡូម៉ូន​នឹង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​យើង​តែង‌តាំង​បុត្រ​នេះ​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍​លើ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា»។ 36លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ទូល​ស្ដេច​ថា៖ «អាម៉ែន! ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ជា​អម្ចាស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ទុក​ដូច្នេះ​មែន។ 37សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​ព្រះ‌បាទ​សាឡូម៉ូន ដូច​ព្រះអង្គ​បាន​គង់​ជា​មួយ​ព្រះ‌ករុណា​ដែរ! សូម​ព្រះអង្គ​ប្រទាន​ឲ្យ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​បាន​រុងរឿង លើស​រាជ្យ​របស់​ព្រះ‌ករុណា​ជា​អម្ចាស់​ទៅ​ទៀត!»។
38លោក​បូជា‌ចារ្យ​សាដុក ព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម នាំ​គ្នា​លើក​សម្ដេច​សាឡូម៉ូន ឲ្យ​ឡើង​គង់​លើ​ខ្នង​លា​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ដង្ហែ​ទៅ​កាន់​ប្រភព​ទឹក​គីហុន។ 39លោក​បូជា‌ចារ្យ​សាដុក​យក​ស្នែង​ដាក់​ប្រេង​ពី​ក្នុង​ព្រះ‌ពន្លា​មក រួច​ចាក់​ប្រេង​អភិសេក​សម្ដេច​សាឡូម៉ូន​ជា​ស្ដេច។ ពេល​នោះ គេ​ក៏​ផ្លុំ​ត្រែ ហើយ​ប្រជា‌ជន​ទាំង​មូល​ស្រែក​ឡើង​ថា៖ «ជយោ! ព្រះ‌បាទ​សាឡូម៉ូន!»។ 40ប្រជា‌ជន​ទាំង​មូល​ដង្ហែ​ស្ដេច​ចូល​មក​ក្នុង​ក្រុង​វិញ ទាំង​ផ្លុំ​ខ្លុយ ហើយ​នាំ​គ្នា​អបអរ​សាទរ​សប្បាយ​រីក‌រាយ​ក្រៃ‌លែង។ សូរ‌ស័ព្ទ​របស់​ពួក​គេ​បាន​លាន់​ឮ​រំពង​កក្រើក​ផែនដី។
ព្រះ‌បាទ​សាឡូម៉ូន​លើក‌លែង​ទោស​សម្ដេច​អដូ‌នី‌យ៉ា
41ពេល​សម្ដេច​អដូ‌នី‌យ៉ា ព្រម​ទាំង​ភ្ញៀវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ជប់‌លៀង​រួច​ហើយ ក៏​បាន​ឮ​សូរ‌ស័ព្ទ។ លោក​យ៉ូអាប់​ឮ​ស្នូរ​សំឡេង​ត្រែ​ច្បាស់ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សំឡេង​ត្រែ​លាន់​រំពង​នៅ​ក្នុង​ទីក្រុង​ដូច្នេះ?»។ 42លោក​យ៉ូអាប់​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ មក​ដល់។ សម្ដេច​អដូ‌នី‌យ៉ា​ពោល​ថា៖ «សូម​អញ្ជើញ​ចូល​មក មនុស្ស​គួរ​គោរព​ដូច​លោក​នេះ​ពិត​ជា​នាំ​ដំណឹង‌ល្អ​មិន​ខាន»។ 43លោក​យ៉ូណា‌ថាន​ទូល​សម្ដេច​អដូ‌នី‌យ៉ា​វិញ​ថា៖ «មិន​មែន​ដូច្នេះ​ទេ ក្រាប​ទូល! ព្រះ‌បាទ​ដាវីឌ​ជា​អម្ចាស់​នៃ​យើង បាន​តែង‌តាំង​សម្ដេច​សាឡូម៉ូន​ជា​ព្រះ​មហា‌ក្សត្រ​ហើយ។ 44ព្រះ‌រាជា​ចាត់​លោក​បូជា‌ចារ្យ​សាដុក ព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពេលេ‌ធីម​ឲ្យ​លើក​សម្ដេច​សាឡូម៉ូន​ឡើង​គង់​លើ​ខ្នង​លា​របស់​ស្ដេច ហើយ​ដង្ហែ​ចេញ​ទៅ។ 45លោក​បូជា‌ចារ្យ​សាដុក និង​ព្យាការី​ណាថាន បាន​ចាក់​ប្រេង​អភិសេក​សម្ដេច​សាឡូម៉ូន​ជា​ស្ដេច នៅ​ត្រង់​ប្រភព​ទឹក​គីហុន។ ពួក​គេ​ឡើង​ពី​ទី​នោះ​មក​វិញ ដោយ​អំណរ​សប្បាយ ហើយ​ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​បន្លឺ​សំឡេង​លាន់​ឮ​រំពង ដូច​អស់​លោក​បាន​ឮ​ស្រាប់។ 46លើស​ពី​នេះ សម្ដេច​សាឡូម៉ូន​ឡើង​គង់​លើ​រាជ​បល្ល័ង្ក 47ហើយ​ពួក​នាម៉ឺន​មន្ត្រី​នាំ​គ្នា​មក​ថ្វាយ​ពរ​ព្រះ‌បាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង ដោយ​ទូល​ថា“សូម​ព្រះ​របស់​ព្រះ‌ករុណា​ប្រទាន​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​មាន​ព្រះ‌នាម​ល្បី‌ល្បាញ ជាង​ព្រះ‌នាម​របស់​ព្រះ‌ករុណា​ទៅ​ទៀត។ សូម​ឲ្យ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​បាន​រុង​រឿង​ជាង​រាជ្យ​របស់​ព្រះ‌ករុណា!”។ ពេល​នោះ ព្រះ‌រាជា​ក៏​ក្រាប​ថ្វាយ‌បង្គំ នៅ​ក្នុង​ក្រឡា‌បន្ទំ 48ហើយ​មាន​រាជ‌ឱង្ការ​ថា: “សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ស្នង​រាជ្យ​បន្ត​ពី​ទូលបង្គំ ហើយ​ឲ្យ​ទូលបង្គំ​បាន​ឃើញ​ព្រឹត្តិ‌ការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក”»។
49ឮ​ដូច្នេះ ភ្ញៀវ​ទាំង​ប៉ុន្មាន​របស់​សម្ដេច​អដូ‌នី‌យ៉ា​នាំ​គ្នា​ភ័យ​ញ័រ ហើយ​ប្រញាប់‌ប្រញាល់​បែក‌ខ្ញែក​គ្នា​អស់​ទៅ។ 50សម្ដេច​អដូ‌នី‌យ៉ា​ភ័យ​ខ្លាច​ព្រះ‌បាទ​សាឡូម៉ូន​យ៉ាង​ខ្លាំង សម្ដេច​ក៏​ប្រញាប់​រត់​ទៅ​តោង​ស្នែង​អាសនៈ។ 51មាន​គេ​មក​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «សម្ដេច​អដូ‌នី‌យ៉ា​ភ័យ​ខ្លាច​ព្រះ‌ករុណា​ណាស់ សម្ដេច​បាន​រត់​ទៅ​តោង​ស្នែង​អាសនៈ ទាំង​ពោល​ថា: សូម​ព្រះ‌បាទ​សាឡូម៉ូន​ស្បថ​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នេះ ទ្រង់​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​មុខ​ដាវ​ទេ!»។ 52ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​គេ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​គួរ​ឲ្យ​គោរព​មែន សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​មិន​ជ្រុះ​ពី​ក្បាល​គេ​ដែរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មាន​ចិត្ត​អាក្រក់ នោះ​គេ​នឹង​ត្រូវ​ស្លាប់!»។ 53ព្រះ‌បាទ​សាឡូម៉ូន​ចាត់​គេ ឲ្យ​ទៅ​យាង​សម្ដេច​អដូ‌នី‌យ៉ា​ចុះ​ពី​អាសនៈ។ សម្ដេច​ក៏​យាង​ចូល​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ម្ចាស់​បង​យាង​ត្រឡប់​ទៅ​ដំណាក់​វិញ​ចុះ»។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវតារក្សត្រ 1: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល