១ យ៉ូហាន 4:1-6

១ យ៉ូហាន 4:1-6 គខប

កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​ជឿ​អស់​អ្នក​ដែល​ថា ខ្លួន​មាន​ព្រះ‌វិញ្ញាណ​គង់​នៅ​ជា​មួយ​នោះ​ឡើយ ត្រូវ​ល្បង‌ល​គេ​មើល ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ‌ជា‌ម្ចាស់​មែន ឬ​យ៉ាង​ណា ដ្បិត​មាន​ព្យាការី*​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​មក​ក្នុង​លោក​នេះ។ បងប្អូន​អាច​ស្គាល់​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​បាន​នៅ​ត្រង់​នេះ គឺ​អ្នក​ណា ​ប្រកាស​ជំនឿ​ថា ព្រះ‌យេស៊ូ‌គ្រិស្ត*​បាន​យាង​មក​កើត​ជា​មនុស្ស អ្នក​នោះ​មាន​ព្រះ‌វិញ្ញាណ​មក​ពី​ព្រះ‌ជា‌ម្ចាស់​មែន តែ​អ្នក​ណា​មិន​ទទួល​ស្គាល់​ថា​ព្រះ‌យេស៊ូ​កើត​មក​ជា​មនុស្ស​ទេ អ្នក​នោះ​មិន​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​ឡើយ គឺ​មក​ពី​មេ​ប្រឆាំង​ព្រះ‌គ្រិស្ត​វិញ ដូច​អ្នក​រាល់​គ្នា​បាន​ទទួល​ដំណឹង​ថា មាន​មេ​ប្រឆាំង​នឹង​ព្រះ‌គ្រិស្ត​កំពុង​តែ​មក ឥឡូវ​នេះ គេ​ក៏​នៅ​ក្នុង​ពិភព​លោក​ស្រាប់។ កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ព្យាការី*​ក្លែង‌ក្លាយ​ទាំង​នោះ ដ្បិត​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ព្រះអង្គ​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។ អ្នក​ទាំង​នោះ​កើត​មក​ពី​លោកីយ៍ ហេតុ​នេះ​ហើយ​បាន​ជា​ពាក្យ​សម្ដី​របស់​គេ​ចេញ​ពី​លោកីយ៍ ហើយ​មនុស្ស​លោក​ស្ដាប់​គេ។ រីឯ​យើង​វិញ យើង​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ អ្នក​ណា​ស្គាល់​ព្រះ‌ជា‌ម្ចាស់ អ្នក​នោះ​ក៏​ស្ដាប់​យើង​ដែរ អ្នក​ណា​មិន​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​មិន​ស្ដាប់​យើង​ឡើយ គឺ​ត្រង់​ហ្នឹង​ហើយ​ដែល​យើង​អាច​ដឹង​ថា ព្រះ‌វិញ្ញាណ​សម្តែង​សេចក្ដី​ពិត ខុស​ពី​វិញ្ញាណ​ដែល​នាំ​ឲ្យ​វង្វេង​នោះ​យ៉ាង​ណា។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ យ៉ូហាន 4:1-6