១ យ៉ូហាន 4:1-6

១ យ៉ូហាន 4:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​ជឿ​អស់​អ្នក​ដែល​ថា ខ្លួន​មាន​ព្រះ‌វិញ្ញាណ​គង់​នៅ​ជា​មួយ​នោះ​ឡើយ ត្រូវ​ល្បង‌ល​គេ​មើល ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ‌ជា‌ម្ចាស់​មែន ឬ​យ៉ាង​ណា ដ្បិត​មាន​ព្យាការី*​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​មក​ក្នុង​លោក​នេះ។ បងប្អូន​អាច​ស្គាល់​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​បាន​នៅ​ត្រង់​នេះ គឺ​អ្នក​ណា ​ប្រកាស​ជំនឿ​ថា ព្រះ‌យេស៊ូ‌គ្រិស្ត*​បាន​យាង​មក​កើត​ជា​មនុស្ស អ្នក​នោះ​មាន​ព្រះ‌វិញ្ញាណ​មក​ពី​ព្រះ‌ជា‌ម្ចាស់​មែន តែ​អ្នក​ណា​មិន​ទទួល​ស្គាល់​ថា​ព្រះ‌យេស៊ូ​កើត​មក​ជា​មនុស្ស​ទេ អ្នក​នោះ​មិន​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​ឡើយ គឺ​មក​ពី​មេ​ប្រឆាំង​ព្រះ‌គ្រិស្ត​វិញ ដូច​អ្នក​រាល់​គ្នា​បាន​ទទួល​ដំណឹង​ថា មាន​មេ​ប្រឆាំង​នឹង​ព្រះ‌គ្រិស្ត​កំពុង​តែ​មក ឥឡូវ​នេះ គេ​ក៏​នៅ​ក្នុង​ពិភព​លោក​ស្រាប់។ កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ព្យាការី*​ក្លែង‌ក្លាយ​ទាំង​នោះ ដ្បិត​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ព្រះអង្គ​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។ អ្នក​ទាំង​នោះ​កើត​មក​ពី​លោកីយ៍ ហេតុ​នេះ​ហើយ​បាន​ជា​ពាក្យ​សម្ដី​របស់​គេ​ចេញ​ពី​លោកីយ៍ ហើយ​មនុស្ស​លោក​ស្ដាប់​គេ។ រីឯ​យើង​វិញ យើង​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ អ្នក​ណា​ស្គាល់​ព្រះ‌ជា‌ម្ចាស់ អ្នក​នោះ​ក៏​ស្ដាប់​យើង​ដែរ អ្នក​ណា​មិន​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​មិន​ស្ដាប់​យើង​ឡើយ គឺ​ត្រង់​ហ្នឹង​ហើយ​ដែល​យើង​អាច​ដឹង​ថា ព្រះ‌វិញ្ញាណ​សម្តែង​សេចក្ដី​ពិត ខុស​ពី​វិញ្ញាណ​ដែល​នាំ​ឲ្យ​វង្វេង​នោះ​យ៉ាង​ណា។

ចែក​រំលែក
អាន ១ យ៉ូហាន 4

១ យ៉ូហាន 4:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ គឺ​ត្រូវ​ល្បង​មើល​ឲ្យ​ស្គាល់​វិញ្ញាណ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ​ឬ​យ៉ាង​ណា ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​ចេញ​មក​ក្នុង​លោកីយ៍​នេះ​ហើយ។ យើង​ស្គាល់​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដោយ​សារ​សេចក្ដីនេះ គឺ​អស់​ទាំង​វិញ្ញាណ​ណា​ដែល​ប្រកាស​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម វិញ្ញាណ​នោះ​ហើយ​មក​ពី​ព្រះ តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ប្រកាស​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​មិន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​របស់​អា​ទទឹង​ព្រះ‌គ្រីស្ទ​វិញ ជា​វិញ្ញាណ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ថា កំពុង​តែ​មក ហើយ​ឥឡូវ​នេះ​នៅ​ក្នុង​លោកីយ៍​ស្រាប់។ ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​ធំ​ជាង​អា​មួយ​នោះ ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ទៅ​ទៀត។ ពួក​នោះ​មក​ពី​លោកីយ៍ ហេតុ​នេះ​ហើយ​បាន​ជា​ពាក្យ​សម្ដី​ដែល​គេ​និយាយ​ចេញពី​លោកីយ៍ ហើយ​លោកីយ៍​ក៏​ស្តាប់​គេ​ដែរ។ ឯ​យើងវិញ យើង​មក​ពី​ព្រះ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ អ្នក​នោះ​ក៏​ស្តាប់​យើង​ដែរ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ អ្នក​នោះ​មិន​ស្តាប់​យើង​ឡើយ គឺ​ដោយ​សារ​សេចក្ដីនេះ​ឯង ដែល​យើង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត និង​វិញ្ញាណ​នៃ​សេចក្ដី​ខុស​ឆ្គង​ទៅ​បាន។

ចែក​រំលែក
អាន ១ យ៉ូហាន 4

១ យ៉ូហាន 4:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ​នេះ​ហើយ យើង​នឹង​សំគាល់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​ដូច្នេះ គឺ​អស់​ទាំង​វិញ្ញាណ​ណា​ដែល​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម គឺ​វិញ្ញាណ​នោះ​ហើយ ដែល​មក​ពី​ព្រះ តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​មិន​មែន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​របស់​អា​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​វិញ ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ថា ត្រូវ​មក តែ​ឥឡូវ​នេះ ក៏​នៅ​ក្នុង​លោកីយ​ហើយ ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពី​ព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ​ផង ពួក​នោះ​មក​ពី​លោកីយ​ទេ ដោយ​ហេតុ​នោះ​បាន​ជា​គេ​និយាយ​តាម​ភាព​លោកីយ ហើយ​លោកីយ​ក៏​ស្តាប់​គេ​ដែរ ឯ​យើង​រាល់​គ្នា ជា​អ្នក​មក​ពី​ព្រះ​វិញ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ​នោះ​ក៏​ស្តាប់​យើង​ខ្ញុំ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ​ទេ នោះ​មិន​ព្រម​ស្តាប់​យើង​ខ្ញុំ​ឡើយ គឺ​យ៉ាង​នោះ​ឯង ដែល​យើង​នឹង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត នឹង​វិញ្ញាណ​នៃ​សេចក្ដី​ខុស‌ឆ្គង​ទៅ​បាន។

ចែក​រំលែក
អាន ១ យ៉ូហាន 4