យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។ អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក។ បងប្អូនដឹងស្រាប់ហើយថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។ យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។ ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត! កូនចៅអើយ យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសម្ដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ត និងតាមសេចក្ដីពិតវិញ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយចិត្តយើងមិនភ័យខ្លាចនៅចំពោះព្រះភ័ក្ត្រព្រះអង្គទេ។ ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើង នោះព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើង ព្រះអង្គឈ្វេងយល់ទាំងអស់។ កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើចិត្តគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ អ្វីៗក៏ដោយឲ្យតែយើងទូលសូម យើងមុខជាទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ និងប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។ រីឯបទបញ្ជា*របស់ព្រះអង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមបទបញ្ជាដែលព្រះអង្គប្រទានមកយើង។ អ្នកណាកាន់តាមបទបញ្ជា*របស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។
អាន ១ យ៉ូហាន 3
ស្ដាប់នូវ ១ យ៉ូហាន 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ យ៉ូហាន 3:14-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ