១ កូរិនថូស 9:14-23

១ កូរិនថូស 9:14-23 គខប

រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​បាន​បង្គាប់​មក​ថា អស់​អ្នក​ដែល​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ ត្រូវ​តែ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​ដំណឹង‌ល្អ​នោះ។ ចំពោះ​ខ្ញុំ ខ្ញុំ​ពុំ​ដែល​ប្រើ​សិទ្ធិ​ទាំង​នេះ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​សរសេរ​ដូច្នេះ ក៏​ពុំ​មែន​ចង់​ទាម‌ទារ​យក​សិទ្ធិ​នោះ​មក​ប្រើ​ដែរ សូវ​ស្លាប់​ល្អ​ជាង! គ្មាន​នរណា​អាច​ដក​យក​កិត្តិយស​នេះ​ចេញ​ពី​ខ្ញុំ​ឡើយ។ ខ្ញុំ​មិន​ត្រូវ​អួត​ថា​ការ​ផ្សាយ​ដំណឹង‌ល្អ​ជា​កិត្តិយស​របស់​ខ្ញុំ​នោះ​ទេ ព្រោះ​ជា​ភារ‌កិច្ច​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ ដោយ​ខាន​មិន​បាន។ ប្រសិន​បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង‌ល្អ​ទេ សូម​ឲ្យ​ខ្ញុំ​វេទនា​ទៅ​ចុះ!។ ប្រសិន​បើ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ផ្សាយ​ដំណឹង‌ល្អ​ដោយ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​ទទួល​បៀវត្សរ៍។ ផ្ទុយ​ទៅ​វិញ បើ​កិច្ចការ​នេះ​ជា​ភារ‌កិច្ច​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​បំពេញ​តាម​តែ​ព្រះអង្គ​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ។ ដូច្នេះ តើ​ខ្ញុំ​នឹង​បាន​ទទួល​បៀវត្សរ៍​ឯ​ណា! បៀវត្សរ៍​របស់​ខ្ញុំ​គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង‌ល្អ ដោយ​ឥត​គិត​ថ្លៃ ឥត​ប្រើ​សិទ្ធិ​ជា​អ្នក​ផ្សាយ​ដំណឹង‌ល្អ​ឡើយ។ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​មាន​សេរី‌ភាព គ្មាន​ជាប់​ចំណង​របស់​នរណា​ក៏​ដោយ ក៏​ខ្ញុំ​សុខ​ចិត្ត​ដាក់​ខ្លួន ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទាំង​អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។ កាល​ខ្ញុំ​នៅ​ជា​មួយ​សាសន៍​យូដា ខ្ញុំ​ធ្វើ​ដូច​សាសន៍​យូដា ដើម្បី​នាំ​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។ ទោះ​បី​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ក៏​ដោយ កាល​ណា​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ ខ្ញុំ​ក៏​ធ្វើ​ដូច​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ដែរ។ កាល​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ខ្ញុំ​ធ្វើ​ដូច​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត (តាម​ពិត ខ្ញុំ​មិន​មែន​ជា​អ្នក​គ្មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់​ទេ ដ្បិត​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រិស្ត)។ កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។ ខ្ញុំ​ធ្វើ​ឲ្យ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោ‌បាយ​ទាំង​អស់។ ដោយ​សារ​តែ​ដំណឹង‌ល្អ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹង‌ល្អ​នោះ។