១ កូរិនថូស 9:14-23

១ កូរិនថូស 9:14-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​បាន​បង្គាប់​មក​ថា អស់​អ្នក​ដែល​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ ត្រូវ​តែ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​ដំណឹង‌ល្អ​នោះ។ ចំពោះ​ខ្ញុំ ខ្ញុំ​ពុំ​ដែល​ប្រើ​សិទ្ធិ​ទាំង​នេះ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​សរសេរ​ដូច្នេះ ក៏​ពុំ​មែន​ចង់​ទាម‌ទារ​យក​សិទ្ធិ​នោះ​មក​ប្រើ​ដែរ សូវ​ស្លាប់​ល្អ​ជាង! គ្មាន​នរណា​អាច​ដក​យក​កិត្តិយស​នេះ​ចេញ​ពី​ខ្ញុំ​ឡើយ។ ខ្ញុំ​មិន​ត្រូវ​អួត​ថា​ការ​ផ្សាយ​ដំណឹង‌ល្អ​ជា​កិត្តិយស​របស់​ខ្ញុំ​នោះ​ទេ ព្រោះ​ជា​ភារ‌កិច្ច​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ ដោយ​ខាន​មិន​បាន។ ប្រសិន​បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង‌ល្អ​ទេ សូម​ឲ្យ​ខ្ញុំ​វេទនា​ទៅ​ចុះ!។ ប្រសិន​បើ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ផ្សាយ​ដំណឹង‌ល្អ​ដោយ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​ទទួល​បៀវត្សរ៍។ ផ្ទុយ​ទៅ​វិញ បើ​កិច្ចការ​នេះ​ជា​ភារ‌កិច្ច​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​បំពេញ​តាម​តែ​ព្រះអង្គ​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ។ ដូច្នេះ តើ​ខ្ញុំ​នឹង​បាន​ទទួល​បៀវត្សរ៍​ឯ​ណា! បៀវត្សរ៍​របស់​ខ្ញុំ​គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង‌ល្អ ដោយ​ឥត​គិត​ថ្លៃ ឥត​ប្រើ​សិទ្ធិ​ជា​អ្នក​ផ្សាយ​ដំណឹង‌ល្អ​ឡើយ។ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​មាន​សេរី‌ភាព គ្មាន​ជាប់​ចំណង​របស់​នរណា​ក៏​ដោយ ក៏​ខ្ញុំ​សុខ​ចិត្ត​ដាក់​ខ្លួន ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទាំង​អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។ កាល​ខ្ញុំ​នៅ​ជា​មួយ​សាសន៍​យូដា ខ្ញុំ​ធ្វើ​ដូច​សាសន៍​យូដា ដើម្បី​នាំ​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។ ទោះ​បី​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ក៏​ដោយ កាល​ណា​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ ខ្ញុំ​ក៏​ធ្វើ​ដូច​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ដែរ។ កាល​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ខ្ញុំ​ធ្វើ​ដូច​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត (តាម​ពិត ខ្ញុំ​មិន​មែន​ជា​អ្នក​គ្មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់​ទេ ដ្បិត​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រិស្ត)។ កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។ ខ្ញុំ​ធ្វើ​ឲ្យ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោ‌បាយ​ទាំង​អស់។ ដោយ​សារ​តែ​ដំណឹង‌ល្អ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹង‌ល្អ​នោះ។

ចែក​រំលែក
អាន ១ កូរិនថូស 9

១ កូរិនថូស 9:14-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​ព្រះ‌អម្ចាស់​វិញ​ក៏​បង្គាប់​ដូច​គ្នា​ថា អស់​អ្នក​ដែល​ប្រកាស​ដំណឹង​ល្អ ត្រូវ​ចិញ្ចឹម​ជីវិត​ដោយ​សារ​ដំណឹង​ល្អ។ ប៉ុន្ដែ ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​ទាំង​នេះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​សរ‌សេរ​ដូច្នេះ ដោយ​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ដល់​ខ្លួន​យ៉ាង​នោះ​ដែរ។ ដ្បិត​ខ្ញុំ​ស៊ូ​ស្លាប់ ជា​ជាង​ឲ្យ​គេ​បង្ខូច​កិត្តិយស​របស់​ខ្ញុំ ដោយ​សារ​ហេតុ​ដែល​ខ្ញុំ​មាន​អំនួត។ ដ្បិត​ទោះ​បើ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​មែន តែ​នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ព្រោះ​ជា​កាតព្វ‌កិច្ច​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ខាន​មិន​បាន ហើយ​បើ​ខ្ញុំ​មិន​ប្រកាស​ដំណឹង​ល្អ​ទេ នោះ​វរ​ដល់​ខ្ញុំ​ហើយ។ ប្រសិន‌បើ​ខ្ញុំ​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ខ្ញុំ​មាន​រង្វាន់ តែ​បើ​ធ្វើ​ទាំង​ទើ​ស​ទ័​ល នោះ​ក៏​ខ្ញុំ​នៅ​តែ​បំពេញ​តួនាទី​ដែល​ព្រះ‌អង្គ​បាន​ផ្ទុក​ផ្ដាក់​ដល់​ខ្ញុំ​ដែរ។ ដូច្នេះ តើ​រង្វាន់​របស់​ខ្ញុំ​ជា​អ្វី? រង្វាន់​របស់​ខ្ញុំ គឺ​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ដំណឹង​ដោយ​ឥត​គិត​ថ្លៃ ដោយ​មិន​ទាមទារ​សិទ្ធិ​របស់​ខ្ញុំ​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​ឡើយ។ ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ជាប់​ជំពាក់​ដល់​មនុស្ស​ទាំង‌អស់​ក៏​ដោយ គង់​តែ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​អ្នក​បម្រើ​ដល់​មនុស្ស​ទាំង‌អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា ដើម្បី​នាំ​ពួក​សាសន៍​យូដា​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យ ដល់​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យ (ទោះ​ជា​ខ្ញុំ​មិន​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យក៏​ដោយ) ដើម្បី​នាំ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យ​ឲ្យ​មាន​ជំនឿ​ដល់​ព្រះគ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ដល់​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ (មិន​មែន​មាន​ន័យ​ថា ខ្ញុំ​គ្មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នោះ​ទេ គឺ​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​ព្រះ‌គ្រីស្ទ) ដើម្បី​នាំ​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ទន់​ខ្សោយ ដល់​ពួក​អ្នក​ទន់​ខ្សោយ ដើម្បី​នាំ​ពួក​អ្នក​ទន់​ខ្សោយ​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង‌អស់ ដល់​មនុស្ស​ទាំង‌អស់ ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោ‌បាយ​ទាំង‌អស់។ ខ្ញុំ​ធ្វើ​គ្រប់​ការ​ទាំង‌អស់​ដោយ​ព្រោះ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ចំណែក​ទទួល​ផល​ក្នុង​ដំណឹង​ល្អ។

ចែក​រំលែក
អាន ១ កូរិនថូស 9

១ កូរិនថូស 9:14-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌អម្ចាស់​ទ្រង់​ក៏​បង្គាប់ ឲ្យ​ពួក​អ្នក​ដែល​ផ្សាយ​ដំណឹង​ល្អ បាន​រស់​ដោយ‌សារ​ដំណឹង​ល្អ​ដូច្នោះ​ដែរ តែ​ខ្ញុំ​មិន​បាន​ប្រើ​អំណាច​ណា​១​នេះ​ទេ ខ្ញុំ​ក៏​មិន​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ដោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​យ៉ាង​នោះ​ដល់​ខ្លួន​ខ្ញុំ​ដែរ ខ្ញុំ​ស៊ូ​តែ​ស្លាប់​វិញ ជា​ជាង​ឲ្យ​សេចក្ដី​អំនួត​របស់​ខ្ញុំ​នេះ​ត្រូវ​វិនាស ពី​ព្រោះ​បើ​ខ្ញុំ​ផ្សាយ​ដំណឹង​ល្អ​ទៅ នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ដ្បិត​ខ្ញុំ​ជាប់​ក្នុង​សេចក្ដី​បង្ខំ បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង​ល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ បើ​ខ្ញុំ​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ខ្ញុំ​បាន​រង្វាន់ តែ​បើ​ធ្វើ​ទាំង​ទើស​ទ័ល នោះ​គង់​តែ​មាន​ការ‌ងារ​ចែក​ចាយ​ផ្ញើ​ទុក​នឹង​ខ្ញុំ​ដែរ ដូច្នេះ តើ​រង្វាន់​ខ្ញុំ​ជា​យ៉ាង​ណា គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ ដោយ​ឥត​យក​ថ្លៃ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាន​ប្រើ​អំណាច​ខ្លួន ក្នុង​ដំណឹង​ល្អ​ហួស​ល្បត់​ឡើយ ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ជាប់​បំរើ​អ្នក​ណា​សោះ​ក៏​ដោយ គង់​តែ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​អ្នក​បំរើ​ដល់​មនុស្ស​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​មនុស្ស​ជា​ច្រើន​ទៅ​ទៀត ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា ដើម្បី​ឲ្យ​បាន​ពួក​យូដា ហើយ​ដូច​ជា​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ ដល់​ពួក​អ្នក​ដែល​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ (តែ​ខ្ញុំ​មិន​មែន​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​ទេ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ ហើយ​ដូច​ជា​ឥត​ក្រិត្យ‌វិន័យ​ដល់​ពួក​អ្នក​ដែល​គ្មាន​ក្រិត្យ‌វិន័យ (មិន​មែន​ថា​ខ្ញុំ​ឥត​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ គឺ​ខ្ញុំ​នៅ​ក្នុង​ក្រិត្យ‌វិន័យ​ព្រះ‌គ្រីស្ទ​វិញ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក​ដែល​គ្មាន​ក្រិត្យ‌វិន័យ​ដែរ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​ខ្សោយ​ដល់​ពួក​អ្នក​កំសោយ ដើម្បី​ឲ្យ​បាន​ពួក​កំសោយ គឺ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយ‌សារ​សណ្ឋាន​ទាំង​នោះ​ឯង ខ្ញុំ​ធ្វើ​ការ​ទាំង​នោះ ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចំណែក​ជា​មួយ​គ្នា​ក្នុង​ដំណឹង​ល្អ។

ចែក​រំលែក
អាន ១ កូរិនថូស 9