១ កូរិនថូស 6:12-20

១ កូរិនថូស 6:12-20 គខប

ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ក៏​ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ទេ។ ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន តែ​ខ្ញុំ​មិន​បណ្ដោយ​ឲ្យ​អ្វី​មួយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្ញុំ​ឡើយ។ អ្នក​ខ្លះ​ពោល​ថា «ចំណី​អាហារ​សម្រាប់​ចម្អែត​ក្រពះ ហើយ​ក្រពះ​សម្រាប់​ទទួល​ចំណី​អាហារ»។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​រំលាយ ទាំង​ចំណី​អាហារ ទាំង​ក្រពះ​ចោល។ រីឯ​រូប​កាយ​វិញ ពុំ​មែន​សម្រាប់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ទេ គឺ​សម្រាប់​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​ក៏​ជា​ម្ចាស់​លើ​រូប​កាយ​ដែរ។ ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ‌ជា‌អម្ចាស់ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ដែរ។ បងប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បងប្អូន​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​ព្រះ‌គ្រិស្ត? ដូច្នេះ តើ​គប្បី​ឲ្យ​ខ្ញុំ​យក​សរីរាង្គ​ព្រះ‌គ្រិស្ត​ទៅ​ធ្វើ​ជា​សរីរាង្គ​របស់​ស្ត្រី​ពេស្យា​ឬ? ទេ មិន​បាន​ជា​ដាច់​ខាត! តើ​បងប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ណា​រួមរ័ក​ជា​មួយ​ស្ត្រី​ពេស្យា អ្នក​នោះ​ក៏​រួម​ជា​រូប​កាយ​តែ​មួយ​របស់​នាង​ដែរ ដ្បិត​មាន​សេចក្ដី​ថ្លែង​ទុក​ក្នុង​គម្ពីរ​ថា «អ្នក​ទាំង​ពីរ​នឹង​ទៅ​ជា​រូប​កាយ​តែ​មួយ» ។ រីឯ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់ ក៏​មាន​វិញ្ញាណ​តែ​មួយ​រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ចូរ​គេច​ឲ្យ​ផុត​ពី​អំពើ​ប្រាស​ចាក​សីលធម៌។ អំពើ​បាប​ឯ​ទៀតៗ​ដែល​មនុស្ស​ប្រព្រឹត្ត ជា​អំពើ​បាប​មិន​ធ្វើ​ឲ្យ​រូប​កាយ​សៅ‌ហ្មង​ទេ។ ប៉ុន្តែ អ្នក​ណា​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប ដែល​នាំ​ឲ្យ​សៅ‌ហ្មង​ដល់​រូប​កាយ​របស់​ខ្លួន។ បងប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បងប្អូន​ជា​ព្រះ‌វិហារ​របស់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ដែល​គង់​នៅ​ក្នុង​បងប្អូន ជា​ព្រះ‌វិញ្ញាណ​ដែល​បងប្អូន​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់។ បងប្អូន​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ទៀត​ទេ ដ្បិត​ព្រះអង្គ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើស‌លុប ដើម្បី​លោះ​បងប្អូន។ ហេតុ​នេះ ចូរ​ប្រើ​រូប​កាយ​របស់​បងប្អូន ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិនថូស 6:12-20